២ របាក្សត្រ 33:14-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ក្រោយ​នោះ ទ្រង់​សង់​កំផែង នៅ​ខាង​ក្រៅ​កំផែង​ក្រុង​ដាវីឌ​ទៀត គឺ​ត្រង់​ច្រក​ភ្នំ​ខាង​លិច​ជ្រោះ​គីហុន រហូត​ដល់​មាត់​ទ្វារ​ផ្សារ​ត្រី ក៏​ធ្វើ​ព័ទ្ធ​ជុំវិញ​ប៉ម​អូផែល​ដែរ ហើយ​បាន​ធ្វើ​ឲ្យ​មាន​កំពស់​ឡើង​ជា​ច្រើន រួច​ទ្រង់​ដំរូវ​ឲ្យ​មាន​មេ‌ទ័ព​នៅ​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា

15. ទ្រង់​យក​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ និង​រូប​ព្រះ​នោះ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អាស‌នា​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ស្អាង នៅ​លើ​ភ្នំ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​បោះ​ចោល​នៅ​ខាង​ក្រៅ​ទី​ក្រុង

16. រួច​ទ្រង់​ស្អាង​អាស‌នា​ព្រះ‌យេហូវ៉ា​ឡើង​វិញ ហើយ​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី និង​ដង្វាយ​អរ​ព្រះ‌គុណ នៅ​លើ​អាស‌នា​នោះ ក៏​បង្គាប់​ឲ្យ​ពួក​យូដា​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

17. ប៉ុន្តែ​ពួក​បណ្តា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នៅ​ឡើយ​តែ​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​វិញ។

18. រីឯ​ដំណើរ​ឯ​ទៀត​ពី​ម៉ាន៉ាសេ និង​សេចក្ដី​ដែល​ទ្រង់​អធិ‌ស្ឋាន​ដល់​ព្រះ​នៃ​ទ្រង់ ព្រម​ទាំង​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ពួក​អ្នក​មើល‌ឆុត​បាន​ទូល​ទ្រង់ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​កិច្ច‌ការ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

19. ឯ​សេចក្ដី​អធិ‌ស្ឋាន​របស់​ទ្រង់ និង​ការ​ដែល​ព្រះ​បាន​ទន់​ព្រះ‌ហឫ‌ទ័យ​ទទួល​តាម​ទ្រង់ ព្រម​ទាំង​អំពើ​បាប និង​ការ​រំលង​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​ទាំង​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​ទី​ខ្ពស់ ហើយ​តម្កល់​រូប​ព្រះ និង​រូប​ឆ្លាក់ មុន​ដែល​ទ្រង់​បាន​បន្ទាប​ព្រះ‌ទ័យ​ចុះ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​ពង្សាវតារ ដែល​ពួក​អ្នក​មើល‌ឆុត​បាន​ចារឹក​ទុក​ហើយ

20. ម៉ាន៉ាសេ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​របស់​ទ្រង់​ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ដំណាក់​ទ្រង់ រួច​អាំម៉ូន​ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

21. កាល​អាំម៉ូន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២២​ឆ្នាំ​ហើយ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២​ឆ្នាំ

22. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ាន៉ាសេ ជា​ព្រះ‌បិតា​បាន​ប្រព្រឹត្ត​ដែរ អាំម៉ូន​ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​គោរព​ដល់​អស់​ទាំង​រូប​ឆ្លាក់ ដែល​ម៉ាន៉ាសេ ជា​ព្រះ‌បិតា បាន​ធ្វើ

23. ឥត​បន្ទាប​ព្រះ‌ទ័យ​ចុះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ាន៉ាសេ ជា​ព្រះ‌បិតា​ទ្រង់​បាន​បន្ទាប​នោះ​ឡើយ គឺ​អាំម៉ូន​នេះ​ទ្រង់​បាន​ប្រព្រឹត្ត​រំលង​កាន់​តែ​ច្រើន​ឡើង

២ របាក្សត្រ 33