17. ក៏ធ្វើសំបុត្រមួលបង្កាច់ដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រមទាំងពោលទាស់នឹងព្រះ ដោយថា ឯព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាន នៅស្រុកផ្សេងៗ មិនបានជួយរាស្ត្រគេឲ្យរួចពីកណ្តាប់ដៃអញយ៉ាងណា នោះព្រះរបស់ហេសេគា ក៏មិនអាចនឹងជួយរាស្ត្រខ្លួន ឲ្យរួចពីកណ្តាប់ដៃអញបានដូច្នោះដែរ
18. ពួកទូតនោះក៏ស្រែកយ៉ាងខ្លាំង ជាភាសារបស់ពួកយូដា ដល់ពួកក្រុងយេរូសាឡិម ដែលនៅលើកំផែង ដើម្បីនឹងគំរាមបំភ័យឲ្យគេវល់គំនិត ប្រយោជន៍ឲ្យអាចនឹងយកទីក្រុងបាន
19. គេបាននិយាយពីព្រះនៃក្រុងយេរូសាឡិម ទុកដូចជាអស់ទាំងព្រះរបស់សាសន៍ដទៃ ទាំងប៉ុន្មាននៅផែនដី ជាព្រះដែលជាស្នាដៃរបស់មនុស្សលោកទេ។
20. ដូច្នេះ ស្តេចហេសេគា និងហោរាអេសាយ ជាកូនអ័ម៉ូស ក៏អធិស្ឋានពីដំណើរនោះ ហើយអំពាវនាវដល់ស្ថានសួគ៌
21. រួចព្រះយេហូវ៉ាទ្រង់ចាត់ទេវតាឲ្យមកបំផ្លាញមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានក្នុងទីបោះទ័ពរបស់ស្តេចអាសស៊ើរ ព្រមទាំងពួកអ្នកនាំមុខ និងពួកមេទ័ពទាំងអស់ទៅ នោះស្តេចទ្រង់ក៏វិលទៅឯនគររបស់ទ្រង់វិញ ដោយសេចក្ដីអៀនខ្មាស ហើយកាលទ្រង់បានចូលទៅក្នុងវិហារនៃព្រះរបស់ទ្រង់ នោះបុត្របង្កើតរបស់ទ្រង់ក៏ធ្វើគុតទ្រង់ ដោយដាវនៅទីនោះ
22. គឺយ៉ាងនោះដែលព្រះយេហូវ៉ាទ្រង់ជួយសង្គ្រោះហេសេគា និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យរួចពីកណ្តាប់ដៃនៃសានហេរីប ជាស្តេចស្រុកអាសស៊ើរ ហើយពីកណ្តាប់ដៃនៃសត្រូវឯទៀត ព្រមទាំងការពារគេនៅគ្រប់ទិសផង
23. ក៏មានមនុស្សជាច្រើននាំយកដង្វាយមក ថ្វាយដល់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម និងរបស់មានដំឡៃផ្សេងៗ ថ្វាយដល់ហេសេគាជាស្តេចយូដាដែរ ដល់ម៉្លេះបានជាទ្រង់បានថ្កុំថ្កើងឡើងនៅភ្នែកនៃអស់ទាំងសាសន៍ដទៃតរៀងទៅ។
24. នៅគ្រានោះ ហេសេគាទ្រង់ចាប់ប្រឈួនជាធ្ងន់ហៀបនឹងសុគត តែទ្រង់អធិស្ឋានដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមក ព្រមទាំងប្រាប់ទីសំគាល់ដល់ស្តេច
25. ប៉ុន្តែហេសេគាទ្រង់មិនបានសងព្រះគុណតាមដែលព្រះបានប្រោសដល់ទ្រង់នោះទេ ដ្បិតទ្រង់មានព្រះទ័យកំរើកធំឡើង បានជាមានសេចក្ដីក្រោធមកគ្របលើទ្រង់ និងពួកយូដា ហើយពួកក្រុងយេរូសាឡិមវិញ
26. ប៉ុន្តែហេសេគាទ្រង់បានបន្ទាបព្រះទ័យចុះ ពីការដែលមានចិត្តធំនោះទៅ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡិមផង បានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមិនបានធ្លាក់មកលើគេ នៅក្នុងគ្រាហេសេគាឡើយ។
27. ឯហេសេគា ទ្រង់មានព្រះរាជទ្រព្យ និងកិត្តិនាមយ៉ាងក្រៃលែង ទ្រង់បានធ្វើឃ្លាំងសំរាប់ដាក់ប្រាក់ មាស ត្បូងមានដំឡៃ គ្រឿងក្រអូប និងខែល ហើយនឹងគ្រឿងប្រដាប់ល្អគ្រប់មុខ
28. ក៏ធ្វើឃ្លាំងដាក់ស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ព្រមទាំងរោងសំរាប់ដាក់សត្វគ្រប់មុខ និងក្រោលសំរាប់ហ្វូងចៀម
29. ក៏សង់ទីក្រុងផ្សេងៗសំរាប់ទ្រង់ ហើយមានហ្វូងគោ ហ្វូងចៀមជាបរិបូរ ដ្បិតព្រះបានប្រោសប្រទាន ឲ្យទ្រង់មានទ្រព្យសម្បត្តិជាច្រើនណាស់
30. គឺហេសេគានេះឯង ដែលបានទប់រន្ធទឹកខាងលើ នៃជ្រោះគីហុន បង្ហូរដំរង់ចុះមក ដល់ខាងលិចទីក្រុងដាវីឌ ទ្រង់ចេះតែបានចំរើនឡើង ក្នុងគ្រប់ការទាំងអស់
31. ប៉ុន្តែក្នុងការដែលរាជទូតនៃស្តេចបាប៊ីឡូន បានមកស៊ើបសួរទ្រង់ ពីការអស្ចារ្យដែលកើតឡើងក្នុងស្រុក នោះព្រះបានទុកទ្រង់ចោល ដើម្បីនឹងល្បងលទ្រង់ ឲ្យបានជ្រាបគ្រប់ទាំងគំនិត ដែលមាននៅក្នុងព្រះទ័យទ្រង់។