1. ក្រោយគ្រប់ទាំងការ ជាអំពើស្មោះត្រង់ទាំងនោះមក នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ទន្ទ្រានចូលមកក្នុងស្រុកយូដា បោះទ័ពច្បាំង និងអស់ទាំងទីក្រុងមានបន្ទាយ ដោយប្រាថ្នាចង់ចាប់យកទីក្រុងទាំងនោះ
2. កាលហេសេគាទ្រង់ឃើញថា សានហេរីបបានមកដូច្នោះ ហើយមុខជាគិតមកច្បាំងនឹងក្រុងយេរូសាឡិមដែរ
3. នោះទ្រង់ក៏ប្រឹក្សានឹងពួកអ្នកជាប្រធាន ហើយនឹងពួកមនុស្សខ្លាំងពូកែរបស់ទ្រង់ សំរេចនឹងទប់ប្រឡាយទឹកទាំងប៉ុន្មាន ដែលនៅខាងក្រៅទីក្រុង ហើយពួកអ្នកទាំងនោះក៏ជួយ
4. គេប្រមូលមនុស្សជាច្រើនមកទប់អស់ទាំងប្រឡាយទឹក និងជ្រោះទឹកដែលហូរកាត់ស្រុកនោះ ដោយនិយាយគ្នាថា នឹងទុកឲ្យពួកស្តេចអាសស៊ើរមកដល់ទីនេះឃើញមានទឹកជាច្រើនធ្វើអី
5. ទ្រង់មានព្រះទ័យក្លាឡើងក៏សង់កំផែងដែលបាក់បែកឡើងវិញ ហើយឲ្យស្មើនឹងប៉មទាំងប៉ុន្មាន ព្រមទាំងសង់កំផែងមួយទៀត នៅខាងក្រៅ ហើយធ្វើឲ្យប៉មមីឡូរ ដែលនៅក្នុងក្រុងដាវីឌ បានមាំមួនឡើងផង ក៏ធ្វើគ្រឿងសស្ត្រាវុធ និងខែលជាបរិបូរ
6. ទ្រង់តាំងឲ្យមានមេក្រសួងសឹកត្រួតលើបណ្តាជន ក៏ប្រមូលជនទាំងឡាយមកឯទ្រង់ នៅទីធ្លាត្រង់មាត់ទ្វារទីក្រុង មានព្រះបន្ទូលកំសាន្តចិត្តគេថា
7. ចូរមានកំឡាំងឡើង ហើយចិត្តក្លាហានចុះ កុំឲ្យភ័យខ្លាច ឬស្រយុតចិត្ត ដោយព្រោះស្តេចអាសស៊ើរ និងពួកពលទាំងហ្វូង ដែលមកជាមួយនោះឡើយ ដ្បិតនៅខាងយើង មាន១អង្គដែលពូកែជាងពួកគេទៅទៀត
8. ចំណែកគេ មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញ មានព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សំរាប់នឹងជួយ ហើយធ្វើចំបាំងជំនួសយើង ពួកបណ្តាជនក៏ផ្អែកចិត្តទៅលើព្រះបន្ទូលនៃហេសេគា ជាស្តេចយូដា។
9. ក្រោយនោះមកសានហេរីប ជាស្តេចអាសស៊ើរទ្រង់ចាត់រាជទូត ទៅឯក្រុងយេរូសាឡិម (ចំណែកឯទ្រង់ និងពលទ័ពទាំងអស់របស់ទ្រង់ ក៏នៅមុខក្រុងឡាគីស) រាជទូតនោះក៏មកឯហេសេគា ជាស្តេចយូដា និងពួកយូដាទាំងប៉ុន្មាន ជាពួកអ្នកនៅក្រុងយេរូសាឡិម និយាយថា
10. សានហេរីប ជាស្តេចអាសស៊ើរ ទ្រង់មានព្រះបន្ទូលដូច្នេះថា តើឯងរាល់គ្នាទុកចិត្តអាងដល់អ្វី បានជាចេះតែនៅក្នុងក្រុងយេរូសាឡិមនេះ ចង់ឲ្យយើងមកឡោមព័ទ្ធឯងដូច្នេះ
11. តើហេសេគាមិនបញ្ចុះបញ្ចូលឯងរាល់គ្នា ដើម្បីតែនឹងប្រគល់ឯងឲ្យត្រូវស្លាប់ ដោយអត់បាយ អត់ទឹកទេឬអី ដោយពាក្យថា ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងប្រោសឲ្យយើងរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរ
12. តើមិនមែនហេសេគានេះឯង ដែលបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនារបស់ព្រះនោះទេឬអី ហើយក៏បានបង្គាប់ពួកយូដា និងពួកក្រុងយេរូសាឡិមថា ត្រូវឲ្យឯងរាល់គ្នាថ្វាយបង្គំនៅមុខអាសនា១នេះតែប៉ុណ្ណោះ ព្រមទាំងដុតកំញាននៅលើនោះផង
13. ឯងរាល់គ្នាមិនដឹងទេឬអី ពីការដែលអញ និងបិតាអញបានធ្វើ ដល់អស់ទាំងសាសន៍ ដែលនៅស្រុកឯទៀតទាំងប៉ុន្មាន ឯព្រះទាំងប៉ុន្មានរបស់សាសន៍ដទៃ ដែលនៅគ្រប់ស្រុកទាំងនោះ តើអាចនឹងជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃនៃអញបានឬទេ
14. តើមានព្រះណាមួយក្នុងពួកព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលបិតាអញបានបំផ្លាញអស់រលីងនោះ បានអាចនឹងជួយសាសន៍គេឲ្យរួចពីកណ្តាប់ដៃអញបានឬ បានជាព្រះរបស់ឯងរាល់គ្នានឹងជួយឯងឲ្យរួចពីកណ្តាប់ដៃអញទៅបាន