២ របាក្សត្រ 31:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​វេលា​ដែល​ការ​ទាំង​នោះ បាន​រួច​ជា​ស្រេច​ហើយ នោះ​ពួក​អ៊ីស្រា‌អែល​ដែល​មក​ប្រជុំ​គ្នា ក៏​ចេញ​ទៅ​ឯ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា បំបាក់​បំបែក​បង្គោល​ថ្ម​ទាំង​ប៉ុន្មាន​ដែល​សំរាប់​គោរព ហើយ​កាប់​រំលំ​រូប​ព្រះ ព្រម​ទាំង​បំផ្លាញ​ទី​ខ្ពស់ និង​អាស‌នា​ទាំង​ប៉ុន្មាន នៅ​ពេញ​ក្នុង​ស្រុក​យូដា ស្រុក​បេន‌យ៉ា‌មីន ស្រុក​អេប្រា‌អិម និង​ស្រុក​ម៉ាន៉ាសេ​ដែរ ដរាប​ដល់​បាន​លាញ​ចេញ​ទាំង​អស់​ទៅ រួច​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​វិល​ត្រឡប់​ទៅ​ឯ​កេរ‌អាករ​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន​វិញ។

2. ហេសេគា​ទ្រង់​ក៏​តាំង​វេន​ពួក​សង្ឃ និង​ពួក​លេវី​តាម​ផ្នែក​ពួក​គេ គឺ​គ្រប់​គ្នា​តាម​ការ‌ងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ ទាំង​ពួក​សង្ឃ និង​ពួក​លេវី​ដែរ ដើម្បី​ឲ្យ​បាន​ថ្វាយ​ដង្វាយ​ដុត ដង្វាយ​មេត្រី ហើយ​ធ្វើ​ការ‌ងារ​ផ្សេងៗ ព្រម​ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ នៅ​ត្រង់​អស់​ទាំង​ទ្វារ​ទី​លំនៅ​នៃ​ព្រះ‌យេហូវ៉ា

3. ទ្រង់​ក៏​ថ្វាយ​ព្រះ‌រាជ​ទ្រព្យ​១​ចំណែក ទុក​សំរាប់​ជា​ដង្វាយ​ដុត គឺ​ដង្វាយ​ដុត​ពេល​ព្រឹក និង​ពេល​ល្ងាច ដង្វាយ​ដុត​នៅ​ថ្ងៃ​ឈប់​សំរាក និង​នៅ​ថ្ងៃ​ចូល​ខែ ហើយ​នៅ​ថ្ងៃ​បុណ្យ​ដែល​មាន​កំណត់ ដូច​ជា​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា

4. មួយ​ទៀត​ទ្រង់​បង្គាប់​ដល់​ពួក​មនុស្ស នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​ចែក​ឲ្យ​ពួក​សង្ឃ និង​ពួក​លេវី​មាន​ចំណែក​ដែរ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​កាន់​ខ្ជាប់ តាម​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា

5. កាល​សេចក្ដី​បង្គាប់​នោះ​បាន​ឮ​សុស‌សាយ​ទៅ ស្រាប់​តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ថ្វាយ​ដង្វាយ​ជា​បរិបូរ គឺ​ជា​ផល​ដំបូង ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ពី​ទឹក​ឃ្មុំ ហើយ​ពី​ផល​នៃ​ចំការ​ទាំង​អស់ គេ​ក៏​យក​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អស់​មក​ជា​បរិបូរ​ដែរ

6. ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​យូដា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា គេ​ក៏​យក​១​ភាគ​ក្នុង​១០​ពី​ហ្វូង​គោ ហ្វូង​ចៀម និង​១​ភាគ​ក្នុង​១០​ពី​របស់​បរិសុទ្ធ ដែល​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ មក​គរ​ឡើង​ជា​គំនរ​ដែរ

7. គេ​ចាប់​តាំង​គរ​គំនរ​ទាំង​នោះ នៅ​ក្នុង​ខែ​ជេស្ឋ រួច​ដល់​ខែ​អស្សុជ​ទើប​បាន​ហើយ

8. កាល​ហេសេគា និង​ពួក​អ្នក​ជា​ប្រធាន បាន​មក​ឃើញ​គំនរ​ទាំង​នោះ គេ​ក៏​សរសើរ‌ដំកើង​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់

9. ហើយ​ហេសេគា​ទ្រង់​សាក​សួរ​ពួក​សង្ឃ និង​ពួក​លេវី​ពី​ដំណើរ​គំនរ​ដង្វាយ​ទាំង​នោះ

10. នោះ​អ័សារា ជា​សំដេច​សង្ឃ ដែល​ជា​វង្ស​សាដុក លោក​ទូល​ថា ចាប់​តាំង​ពី​វេលា​ដែល​គេ​ផ្តើម​នាំ​យក​ដង្វាយ​មក ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​យើង​ខ្ញុំ​បាន​ទទួល​ទាន​ឆ្អែត ហើយ​មាន​នៅ​សល់​ជា​បរិបូរ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​រាស្ត្រ​ទ្រង់ ហើយ​សំណល់​ដែល​សល់​នោះ គឺ​ជា​គំនរ​យ៉ាង​ធំ​ទាំង​នេះ​ឯង។

11. ដូច្នេះ ហេសេគា​ក៏​បង្គាប់​ឲ្យ​រៀប‌ចំ​បន្ទប់ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គេ​ក៏​រៀប‌ចំ

12. រួច​នាំ​យក​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ដង្វាយ​១​ភាគ​ក្នុង​១០ និង​ដង្វាយ​បរិសុទ្ធ​មក​ទុក​ក្នុង​បន្ទប់​នោះ ដោយ​ស្មោះ‌ត្រង់ មាន​កូណានា ជា​ពួក​លេវី ជា​អ្នក​ត្រួត​លើ​របស់​ទាំង​នោះ និង​ស៊ីម៉ាយ​ប្អូន​លោក​ជា​អ្នក​ទី​២

13. រួច​យេហ៊ី‌អែល អ័សាស៊ា ណាហាត់ អេសា‌អែល យេរី‌ម៉ូត យ៉ូសា‌បាឌ អេសាល យីស‌ម៉ាគា ម៉ាហាត និង​បេណាយ៉ា គេ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើ​ការ​នោះ​នៅ​ក្រោម​អំណាច​កូណានា និង​ស៊ីម៉ាយ ប្អូន​លោក តាម​បង្គាប់​ស្តេច​ហេសេគា និង​អ័សារា ជា​អ្នក​គ្រប់‌គ្រង​នៅ​ព្រះ‌វិហារ​នៃ​ព្រះ

២ របាក្សត្រ 31