1. រួចមក សាឡូម៉ូនទ្រង់ចាប់តាំងស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅលើភ្នំម៉ូរីយ៉ា ក្នុងក្រុងយេរូសាឡិម ត្រង់កន្លែងដែលព្រះយេហូវ៉ាបានលេចមកឯដាវីឌ ព្រះបិតាទ្រង់ ជាកន្លែងដាវីឌបានដំរូវទុក នៅទីលានស្រូវរបស់អ័រ៉ៅណាជាសាសន៍យេប៊ូស
2. ទ្រង់ចាប់តាំងស្អាង នៅថ្ងៃទី២ខែពិសាខ ក្នុងឆ្នាំទី៤នៃរាជ្យទ្រង់
3. រីឯជើងជញ្ជាំង ដែលសាឡូម៉ូនបានដាំសំរាប់នឹងស្អាងព្រះវិហារនៃព្រះ នោះមានបណ្តោយ៦០ហត្ថ និងទទឹង២០ហត្ថ តាមហត្ថពីបុរាណ
4. ឯបាំងសាចដែលនៅពីមុខ នោះបណ្តោយ២០ហត្ថ ឲ្យត្រូវនឹងទទឹងព្រះវិហារ ហើយកំពស់១២០ហត្ថ ទ្រង់ក៏ស្រោបដោយមាសសុទ្ធខាងក្នុង
5. ឯល្វែងធំ ទ្រង់ស្រោបដោយឈើកកោះ រួចស្រោបដោយមាសយ៉ាងល្អ ព្រមទាំងដាប់ជាក្បាច់ដើមលម៉ើរ និងច្រវាក់
6. ទ្រង់តាក់តែងល្វែងនោះ ឲ្យមានលំអ ដោយត្បូងមានដំឡៃ ឯមាសនោះបានមកពីស្រុកផាវែម
7. ទ្រង់ស្រោបព្រះវិហារ ព្រមទាំងធ្នឹម និងក្របទ្វារ ហើយជញ្ជាំង និងផ្ទាំងទ្វារទាំងប៉ុន្មានដោយមាស ហើយឆ្លាក់រូបចេរូប៊ីននៅជញ្ជាំង។
8. ទ្រង់ធ្វើល្វែងទីបរិសុទ្ធបំផុត បណ្តោយ២០ហត្ថត្រូវនឹងទទឹងព្រះវិហារ ដែលមាន២០ហត្ថដែរ រួចស្រោបដោយមាសយ៉ាងល្អ មានទំងន់៦០០ហាប
9. ហើយដែកគោល គឺជាមាស មានទំងន់៥០ដំឡឹង ឯបន្ទប់ខាងលើក៏ស្រោបដោយមាសដែរ។
10. នៅក្នុងល្វែងទីបរិសុទ្ធបំផុត ទ្រង់ធ្វើរូបចេរូប៊ីន២ជារូបឆ្លាក់ ហើយក៏ស្រោបដោយមាស