4. រួចទ្រង់នាំពួកសង្ឃ និងពួកលេវីមកឲ្យមូលគ្នា នៅទីធ្លាខាងកើត
5. មានព្រះបន្ទូលថា ឱពួកលេវីអើយ ចូរស្តាប់តាមយើងចុះ ឥឡូវនេះ ចូរអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ព្រមទាំងនាំយករបស់ស្មោកគ្រោកចេញពីទីបរិសុទ្ធ ហើយញែកព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោអ្នករាល់គ្នាចេញជាបរិសុទ្ធដែរ
6. ដ្បិតបិតាទាំងឡាយរបស់យើងរាល់គ្នាបានរំលង ដោយប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃយើង ព្រមទាំងបោះបង់ចោលទ្រង់ ហើយងាកមុខចេញពីទីលំនៅនៃព្រះយេហូវ៉ា បែរខ្នងទៅឲ្យវិញ
7. គេបានទាំងបិទទ្វារទីបាំងសាច ហើយពន្លត់ចង្កៀង ក៏មិនបានដុតកំញាន ឬថ្វាយដង្វាយដុតក្នុងទីបរិសុទ្ធ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលឡើយ
8. ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមកគ្របលើពួកយូដា និងពួកក្រុងយេរូសាឡិម ហើយទ្រង់ប្រគល់គេឲ្យត្រូវមានចលាចល ឲ្យត្រូវសេចក្ដីអស្ចារ្យ និងសេចក្ដីចំអកឡកឡឺយរបស់គេ ដូចជាអ្នករាល់គ្នាឃើញស្រាប់
9. ដ្បិតមើល ដោយហេតុនោះ បានជាពួកឪពុកយើងរាល់គ្នាបានដួលដោយដាវ កូនប្រុស កូនស្រី និងប្រពន្ធយើងរាល់គ្នាបានត្រូវដឹកនាំទៅជាឈ្លើយ
10. ឥឡូវនេះ យើងមានចិត្តចង់តាំងសញ្ញានឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់បានបែរចេញពីយើងរាល់គ្នាទៅ
11. ដូច្នេះ ឱកូនទាំងឡាយអើយ កុំឲ្យធ្វេសប្រហែសឡើយ ដ្បិតព្រះយេហូវ៉ាបានរើសអ្នករាល់គ្នា ឲ្យឈរធ្វើការងារនៅចំពោះទ្រង់ ហើយឲ្យបានទទួលភ្នាក់ងារ ជាអ្នកដុតកំញានរបស់ទ្រង់។
12. នោះពួកលេវីក៏ប្រុងប្រៀបខ្លួន គឺក្នុងពួកកូនចៅកេហាត់ មានម៉ាហាត ជាកូនអ័ម៉ាសាយ និងយ៉ូអែល ជាកូនអ័សារា ក្នុងពួកកូនចៅម្រ៉ារី មានគីស ជាកូនអាប់ឌី និងអ័សារា ជាកូនយេហាលែល ហើយក្នុងពួកគើសុនមានយ៉ូអា ជាកូនស៊ីម៉្មា និងអេដែន ជាកូនយ៉ូអា
13. ក្នុងពួកកូនចៅអេលីសាផាន មានស៊ីមរី និងយីអែល ក្នុងពួកកូនចៅអេសាភ មានសាការី និងម៉ាថានា
14. ក្នុងពួកកូនចៅហេម៉ាន មានយីអែល និងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា និងអ៊ូស៊ាល
15. អ្នកទាំងនោះក៏ប្រមូលពួកបងប្អូនគេ ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចចូលទៅសំអាតព្រះវិហារនៃព្រះយេហូវ៉ា តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដោយសារស្តេច
16. ពួកសង្ឃគេចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាប៉ែកខាងក្នុង ដើម្បីនឹងសំអាតទីនោះ ក៏នាំយករបស់ស្មោកគ្រោកទាំងអស់ ដែលឃើញមានក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចេញមកឯទីលានព្រះវិហារ រួចពួកលេវីនាំគ្នាជញ្ជូនពីទីនោះ យកទៅចោលនៅត្រង់ជ្រោះកេដ្រុន
17. គេចាប់តាំងញែកជាបរិសុទ្ធ នៅថ្ងៃដំបូងខែចេត្រ ហើយដល់ថ្ងៃទី៨ក្នុងខែនោះ គេបានសំអាតមកដល់ទីបាំងសាចផងព្រះយេហូវ៉ា ដូច្នេះ គេបានញែកព្រះវិហារនៃព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ក្នុងរវាង៨ថ្ងៃ លុះដល់ថ្ងៃ១៦ខែនោះឯង គេបានធ្វើការទាំងអស់រួចជាស្រេច
18. រួចគេចូលទៅក្នុងព្រះរាជដំណាក់ គាល់ស្តេចហេសេគា ទូលថា យើងខ្ញុំរាល់គ្នាបានសំអាតព្រះវិហារនៃព្រះយេហូវ៉ាស្រេចហើយ ព្រមទាំងអាសនាដង្វាយដុត និងគ្រឿងប្រដាប់នៃអាសនាទាំងអស់ តុសំរាប់នំបុ័ងតាំងទុក និងគ្រឿងប្រដាប់នៃតុនោះទាំងអស់ផង