២ របាក្សត្រ 29:24-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. ពួក​សង្ឃ​សំឡាប់​វា​ថ្វាយ​ជា​ដង្វាយ​លោះ​បាប មាន​ជាប់​ទាំង​ឈាម នៅ​លើ​អាស‌នា ដើម្បី​ឲ្យ​ធួន​នឹង​បាប​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដ្បិត​ស្តេច​ទ្រង់​បាន​បង្គាប់ ឲ្យ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​លោះ​បាប​ទាំង​នោះ សំរាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់។

25. ទ្រង់​ក៏​តាំង​ពួក​លេវី​ឲ្យ​កាន់​ឈឹង ពិណ និង​ស៊ុង​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ដាវីឌ និង​កាឌ់​ជា​អ្នក​មើល‌ឆុត​របស់​ទ្រង់ ហើយ​នឹង​ហោរា​ណាថាន់ ដ្បិត​សេចក្ដី​បង្គាប់​នោះ​បាន​កើត​មក​ពី​ព្រះ‌យេហូវ៉ា ដោយ‌សារ​ពួក​ហោរា​ទ្រង់

26. ដូច្នេះ ពួក​លេវី​ក៏​ឈរ​នៅ មាន​ទាំង​ប្រដាប់​ភ្លេង​របស់​ដាវីឌ ហើយ​ពួក​សង្ឃ​ក៏​មាន​ត្រែ

27. រួច​ហេសេគា​ទ្រង់​បង្គាប់ ឲ្យ​ថ្វាយ​ដង្វាយ​ដុត​នៅ​លើ​អាស‌នា រីឯ​កាល​ចាប់​តាំង​ដុត​ដង្វាយ នោះ​ចំរៀង​នៃ​ព្រះ‌យេហូវ៉ា ក៏​ផ្តើម​ឮ​ឡើង ព្រម​ទាំង​ត្រែ និង​គ្រឿង​ភ្លេង​របស់​ដាវីឌ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​ផង

28. ពួក​ជំនុំ​ទាំង​អស់​គ្នា គេ​ក្រាប​ថ្វាយ‌បង្គំ ពួក​ចំរៀង​ក៏​ច្រៀង ពួក​ផ្លុំ​ត្រែ​ក៏​ផ្លុំ​ឡើង​ព្រម​គ្នា ដរាប​ដល់​ដង្វាយ​ដុត​បាន​សុស​ហើយ។

29. កាល​បាន​ថ្វាយ​ដង្វាយ​ដុត​រួច​ជា​ស្រេច នោះ​ស្តេច និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន ក៏​ឱន​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ

30. មួយ​ទៀត ស្តេច​ហេសេគា និង​ពួក​អ្នក​ជា​ប្រធាន ក៏​បង្គាប់​ពួក​លេវី ឲ្យ​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ទំនុក​របស់​ដាវីឌ និង​របស់​អេសាភ ជា​អ្នក​មើល‌ឆុត គេ​ក៏​ច្រៀង​សរសើរ​ដោយ​ចិត្ត​រីក‌រាយ​សប្បាយ រួច​ឱន​ក្បាល​ថ្វាយ‌បង្គំ។

31. នៅ​ខណៈ​នោះ ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឡើង​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ថ្វាយ​ខ្លួន ដល់​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ ចូរ​មក​ជិត​នាំ​ទាំង​យញ្ញ‌បូជា និង​ដង្វាយ​អរ​ព្រះ‌គុណ ចូល​មក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ពួក​ជំនុំ​ក៏​នាំ​យក​យញ្ញ‌បូជា និង​ដង្វាយ​អរ​ព្រះ‌គុណ​មក ហើយ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ពី​ចិត្ត ក៏​នាំ​យក​ដង្វាយ​ដុត​មក​ដែរ

32. ឯ​ដង្វាយ​ដុត​ដែល​ពួក​ជំនុំ​បាន​យក​មក នោះ​មាន​ចំនួន​ជា​គោ​៧០ ចៀម​ឈ្មោល​១០០ និង​កូន​ចៀម​២០០ នោះ​ឯង​សុទ្ធ​តែ​សំរាប់​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់

33. ហើយ​ដង្វាយ​ដែល​ថ្វាយ​ដាច់​ទៅ​ព្រះ នោះ​គឺ​គោ​៦០០ និង​ចៀម​៣​ពាន់

34. ប៉ុន្តែ​មាន​ពួក​សង្ឃ​តិច មិន​ល្មម​នឹង​ពន្លាត់​ស្បែក​ដង្វាយ​ដុត​ទាំង​អស់​បាន បាន​ជា​ពួក​លេវី ជា​បង​ប្អូន​គេ ក៏​ជួយ រហូត​ដល់​ការ​នោះ​បាន​សំរេច និង​ដល់​វេលា​ដែល​ពួក​សង្ឃ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ហើយ ដ្បិត​ពួក​លេវី​មាន​ចិត្ត​ស្មោះ‌ត្រង់​ជាង​ពួក​សង្ឃ ដើម្បី​នឹង​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ

២ របាក្សត្រ 29