២ របាក្សត្រ 29:16-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ពួក​សង្ឃ​គេ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ប៉ែក​ខាង​ក្នុង ដើម្បី​នឹង​សំអាត​ទី​នោះ ក៏​នាំ​យក​របស់​ស្មោក‌គ្រោក​ទាំង​អស់ ដែល​ឃើញ​មាន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចេញ​មក​ឯ​ទីលាន​ព្រះ‌វិហារ រួច​ពួក​លេវី​នាំ​គ្នា​ជញ្ជូន​ពី​ទី​នោះ យក​ទៅ​ចោល​នៅ​ត្រង់​ជ្រោះ​កេដ្រុន

17. គេ​ចាប់​តាំង​ញែក​ជា​បរិសុទ្ធ នៅ​ថ្ងៃ​ដំបូង​ខែ​ចេត្រ ហើយ​ដល់​ថ្ងៃ​ទី​៨​ក្នុង​ខែ​នោះ គេ​បាន​សំអាត​មក​ដល់​ទី​បាំង‌សាច​ផង​ព្រះ‌យេហូវ៉ា ដូច្នេះ គេ​បាន​ញែក​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចេញ​ជា​បរិសុទ្ធ ក្នុង​រវាង​៨​ថ្ងៃ លុះ​ដល់​ថ្ងៃ​១៦​ខែ​នោះ​ឯង គេ​បាន​ធ្វើ​ការ​ទាំង​អស់​រួច​ជា​ស្រេច

18. រួច​គេ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ គាល់​ស្តេច​ហេសេគា ទូល​ថា យើង​ខ្ញុំ​រាល់​គ្នា​បាន​សំអាត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ស្រេច​ហើយ ព្រម​ទាំង​អាស‌នា​ដង្វាយ​ដុត និង​គ្រឿង​ប្រដាប់​នៃ​អាស‌នា​ទាំង​អស់ តុ​សំរាប់​នំបុ័ង​តាំង​ទុក និង​គ្រឿង​ប្រដាប់​នៃ​តុ​នោះ​ទាំង​អស់​ផង

19. មួយ​ទៀត អស់​ទាំង​គ្រឿង​ប្រដាប់ ដែល​ស្តេច​អ័ហាស​បាន​ចោល​ចេញ​ក្នុង​រាជ្យ​ទ្រង់ នៅ​វេលា​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ល្មើស នោះ​យើង​ខ្ញុំ​បាន​ចាត់‌ចែង ហើយ​ញែក​ជា​បរិសុទ្ធ​រួច​ជា​ស្រេច មើល របស់​ទាំង​នោះ​នៅ​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា​ស្រាប់។

20. ឯ​ស្តេច​ហេសេគា ទ្រង់​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ប្រមូល​ពួក​អ្នក​ជា​ប្រធាន​ក្នុង​ទី​ក្រុង នាំ​គ្នា​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា

21. គេ​ក៏​នាំ​យក​គោ​៧ ចៀម​ឈ្មោល​៧ កូន​ចៀម​៧ និង​ពពែ​ឈ្មោល​៧​ទៅ​ផង សំរាប់​ជា​ដង្វាយ​លោះ​បាប​នៃ​នគរ ទី​បរិសុទ្ធ និង​ពួក​យូដា​ទាំង​ប៉ុន្មាន ទ្រង់​ក៏​បង្គាប់​ដល់​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន ឲ្យ​ថ្វាយ​សត្វ​ទាំង​នោះ​នៅ​លើ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា

22. ដូច្នេះ គេ​ក៏​បាន​សំឡាប់​គោ​ទាំង​នោះ ហើយ​ពួក​សង្ឃ​ទទួល​យក​ឈាម​ទៅ​ប្រោះ​លើ​អាស‌នា រួច​គេ​សំឡាប់​ចៀម​ឈ្មោល យក​ឈាម​ទៅ​ប្រោះ​លើ​អាស‌នា ក៏​សំឡាប់​កូន​ចៀម យក​ឈាម​ទៅ​ប្រោះ​លើ​អាស‌នា​ដែរ

23. បន្ទាប់​មក គេ​នាំ​ពពែ​ឈ្មោល ដែល​សំរាប់​ដង្វាយ​លោះ​បាប​ទាំង​នោះ មក​នៅ​ចំពោះ​ស្តេច និង​ពួក​ជំនុំ ហើយ​អ្នក​ទាំង​នោះ​ក៏​ដាក់​ដៃ​លើ

24. ពួក​សង្ឃ​សំឡាប់​វា​ថ្វាយ​ជា​ដង្វាយ​លោះ​បាប មាន​ជាប់​ទាំង​ឈាម នៅ​លើ​អាស‌នា ដើម្បី​ឲ្យ​ធួន​នឹង​បាប​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដ្បិត​ស្តេច​ទ្រង់​បាន​បង្គាប់ ឲ្យ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​លោះ​បាប​ទាំង​នោះ សំរាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់។

25. ទ្រង់​ក៏​តាំង​ពួក​លេវី​ឲ្យ​កាន់​ឈឹង ពិណ និង​ស៊ុង​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ដាវីឌ និង​កាឌ់​ជា​អ្នក​មើល‌ឆុត​របស់​ទ្រង់ ហើយ​នឹង​ហោរា​ណាថាន់ ដ្បិត​សេចក្ដី​បង្គាប់​នោះ​បាន​កើត​មក​ពី​ព្រះ‌យេហូវ៉ា ដោយ‌សារ​ពួក​ហោរា​ទ្រង់

26. ដូច្នេះ ពួក​លេវី​ក៏​ឈរ​នៅ មាន​ទាំង​ប្រដាប់​ភ្លេង​របស់​ដាវីឌ ហើយ​ពួក​សង្ឃ​ក៏​មាន​ត្រែ

27. រួច​ហេសេគា​ទ្រង់​បង្គាប់ ឲ្យ​ថ្វាយ​ដង្វាយ​ដុត​នៅ​លើ​អាស‌នា រីឯ​កាល​ចាប់​តាំង​ដុត​ដង្វាយ នោះ​ចំរៀង​នៃ​ព្រះ‌យេហូវ៉ា ក៏​ផ្តើម​ឮ​ឡើង ព្រម​ទាំង​ត្រែ និង​គ្រឿង​ភ្លេង​របស់​ដាវីឌ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​ផង

28. ពួក​ជំនុំ​ទាំង​អស់​គ្នា គេ​ក្រាប​ថ្វាយ‌បង្គំ ពួក​ចំរៀង​ក៏​ច្រៀង ពួក​ផ្លុំ​ត្រែ​ក៏​ផ្លុំ​ឡើង​ព្រម​គ្នា ដរាប​ដល់​ដង្វាយ​ដុត​បាន​សុស​ហើយ។

29. កាល​បាន​ថ្វាយ​ដង្វាយ​ដុត​រួច​ជា​ស្រេច នោះ​ស្តេច និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន ក៏​ឱន​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ

30. មួយ​ទៀត ស្តេច​ហេសេគា និង​ពួក​អ្នក​ជា​ប្រធាន ក៏​បង្គាប់​ពួក​លេវី ឲ្យ​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ទំនុក​របស់​ដាវីឌ និង​របស់​អេសាភ ជា​អ្នក​មើល‌ឆុត គេ​ក៏​ច្រៀង​សរសើរ​ដោយ​ចិត្ត​រីក‌រាយ​សប្បាយ រួច​ឱន​ក្បាល​ថ្វាយ‌បង្គំ។

31. នៅ​ខណៈ​នោះ ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឡើង​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ថ្វាយ​ខ្លួន ដល់​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ ចូរ​មក​ជិត​នាំ​ទាំង​យញ្ញ‌បូជា និង​ដង្វាយ​អរ​ព្រះ‌គុណ ចូល​មក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ពួក​ជំនុំ​ក៏​នាំ​យក​យញ្ញ‌បូជា និង​ដង្វាយ​អរ​ព្រះ‌គុណ​មក ហើយ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ពី​ចិត្ត ក៏​នាំ​យក​ដង្វាយ​ដុត​មក​ដែរ

32. ឯ​ដង្វាយ​ដុត​ដែល​ពួក​ជំនុំ​បាន​យក​មក នោះ​មាន​ចំនួន​ជា​គោ​៧០ ចៀម​ឈ្មោល​១០០ និង​កូន​ចៀម​២០០ នោះ​ឯង​សុទ្ធ​តែ​សំរាប់​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់

២ របាក្សត្រ 29