11. ដូច្នេះ ឱកូនទាំងឡាយអើយ កុំឲ្យធ្វេសប្រហែសឡើយ ដ្បិតព្រះយេហូវ៉ាបានរើសអ្នករាល់គ្នា ឲ្យឈរធ្វើការងារនៅចំពោះទ្រង់ ហើយឲ្យបានទទួលភ្នាក់ងារ ជាអ្នកដុតកំញានរបស់ទ្រង់។
12. នោះពួកលេវីក៏ប្រុងប្រៀបខ្លួន គឺក្នុងពួកកូនចៅកេហាត់ មានម៉ាហាត ជាកូនអ័ម៉ាសាយ និងយ៉ូអែល ជាកូនអ័សារា ក្នុងពួកកូនចៅម្រ៉ារី មានគីស ជាកូនអាប់ឌី និងអ័សារា ជាកូនយេហាលែល ហើយក្នុងពួកគើសុនមានយ៉ូអា ជាកូនស៊ីម៉្មា និងអេដែន ជាកូនយ៉ូអា
13. ក្នុងពួកកូនចៅអេលីសាផាន មានស៊ីមរី និងយីអែល ក្នុងពួកកូនចៅអេសាភ មានសាការី និងម៉ាថានា
14. ក្នុងពួកកូនចៅហេម៉ាន មានយីអែល និងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា និងអ៊ូស៊ាល
15. អ្នកទាំងនោះក៏ប្រមូលពួកបងប្អូនគេ ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចចូលទៅសំអាតព្រះវិហារនៃព្រះយេហូវ៉ា តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដោយសារស្តេច
16. ពួកសង្ឃគេចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាប៉ែកខាងក្នុង ដើម្បីនឹងសំអាតទីនោះ ក៏នាំយករបស់ស្មោកគ្រោកទាំងអស់ ដែលឃើញមានក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចេញមកឯទីលានព្រះវិហារ រួចពួកលេវីនាំគ្នាជញ្ជូនពីទីនោះ យកទៅចោលនៅត្រង់ជ្រោះកេដ្រុន
17. គេចាប់តាំងញែកជាបរិសុទ្ធ នៅថ្ងៃដំបូងខែចេត្រ ហើយដល់ថ្ងៃទី៨ក្នុងខែនោះ គេបានសំអាតមកដល់ទីបាំងសាចផងព្រះយេហូវ៉ា ដូច្នេះ គេបានញែកព្រះវិហារនៃព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ក្នុងរវាង៨ថ្ងៃ លុះដល់ថ្ងៃ១៦ខែនោះឯង គេបានធ្វើការទាំងអស់រួចជាស្រេច
18. រួចគេចូលទៅក្នុងព្រះរាជដំណាក់ គាល់ស្តេចហេសេគា ទូលថា យើងខ្ញុំរាល់គ្នាបានសំអាតព្រះវិហារនៃព្រះយេហូវ៉ាស្រេចហើយ ព្រមទាំងអាសនាដង្វាយដុត និងគ្រឿងប្រដាប់នៃអាសនាទាំងអស់ តុសំរាប់នំបុ័ងតាំងទុក និងគ្រឿងប្រដាប់នៃតុនោះទាំងអស់ផង
19. មួយទៀត អស់ទាំងគ្រឿងប្រដាប់ ដែលស្តេចអ័ហាសបានចោលចេញក្នុងរាជ្យទ្រង់ នៅវេលាដែលទ្រង់បានប្រព្រឹត្តល្មើស នោះយើងខ្ញុំបានចាត់ចែង ហើយញែកជាបរិសុទ្ធរួចជាស្រេច មើល របស់ទាំងនោះនៅមុខអាសនានៃព្រះយេហូវ៉ាស្រាប់។
20. ឯស្តេចហេសេគា ទ្រង់ក្រោកឡើងពីព្រលឹម ទៅប្រមូលពួកអ្នកជាប្រធានក្នុងទីក្រុង នាំគ្នាឡើងទៅឯព្រះវិហារព្រះយេហូវ៉ា
21. គេក៏នាំយកគោ៧ ចៀមឈ្មោល៧ កូនចៀម៧ និងពពែឈ្មោល៧ទៅផង សំរាប់ជាដង្វាយលោះបាបនៃនគរ ទីបរិសុទ្ធ និងពួកយូដាទាំងប៉ុន្មាន ទ្រង់ក៏បង្គាប់ដល់ពួកសង្ឃ ជាកូនចៅអើរ៉ុន ឲ្យថ្វាយសត្វទាំងនោះនៅលើអាសនានៃព្រះយេហូវ៉ា