2. គឺទ្រង់បានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ហើយបានសិតធ្វើរូបទុកជាព្រះ
3. មួយទៀតទ្រង់បានដុតកំញាន នៅច្រកភ្នំរបស់កូនហ៊ីនណំម ព្រមទាំងដុតបុត្រទ្រង់ក្នុងភ្លើង តាមទំលាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ
4. ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាន នៅលើអស់ទាំងទីខ្ពស់នៅលើភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីផង។
5. ហេតុនោះបានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ក៏ប្រគល់ទ្រង់ទៅក្នុងកណ្តាប់ដៃនៃស្តេចស្រុកស៊ីរី គេក៏វាយពួកទ្រង់ ហើយចាប់យកជាច្រើននាំទៅជាឈ្លើយដល់ក្រុងដាម៉ាស ហើយទ្រង់ត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចអ៊ីស្រាអែលដែរ ដែលស្តេចនោះក៏វាយពួកទ្រង់ ប្រហារសំឡាប់មនុស្សយ៉ាងសន្ធឹក
6. ដ្បិតពេកាជាបុត្រារេម៉ាលាទ្រង់បានសំឡាប់មនុស្ស ដែលមានចិត្តក្លាហាន នៅស្រុកយូដា អស់១សែន២ម៉ឺននាក់ក្នុង១ថ្ងៃ ពីព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោ
7. ហើយស៊ីកគ្រី ជាមនុស្សខ្លាំងពូកែ ពីស្រុកអេប្រាអិម ក៏សំឡាប់ម្អាសេយ៉ា ជាបុត្រាស្តេច ហើយនឹងអាសរីកាម ជាឧកញ៉ាវាំង ព្រមទាំងអែលកាណា ជាឧបរាជស្តេចទៅផង។
8. ពួកកូនចៅអ៊ីស្រាអែល ក៏ដឹកនាំពួកបងប្អូនគេទៅជាឈ្លើយអស់២សែននាក់ មានទាំងស្រីៗ និងកូនប្រុសកូនស្រីរបស់គេ និងរបឹបជាច្រើនផង ទៅឯក្រុងសាម៉ារី
9. ប៉ុន្តែនៅទីនោះមានហោរាម្នាក់របស់ព្រះយេហូវ៉ា ឈ្មោះអូដេឌ លោកចេញទៅជួបនឹងពលទ័ព ដែលវិលមកឯក្រុងសាម៉ារី ពោលថា មើល ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោអ្នករាល់គ្នា ទ្រង់មានសេចក្ដីក្រោធដល់ពួកយូដា បានជាទ្រង់ប្រគល់គេមកក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានប្រហារជីវិតគេ ដោយមោហោចិត្ត ដែលគរឡើងដល់ផ្ទៃមេឃហើយ
10. ឥឡូវនេះ អ្នករាល់គ្នាគិតបង្ក្រាបពួកកូនចៅយូដា និងពួកក្រុងយេរូសាឡិម ទុកជាបាវប្រុសបាវស្រីរបស់អ្នករាល់គ្នាទៀត តែឯអ្នករាល់គ្នា តើមិនមានអំពើរំលងចំពោះព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាដែរទេឬអី
11. ដូច្នេះ ចូរស្តាប់ខ្ញុំឥឡូវចុះ ត្រូវបើកឲ្យពួកបងប្អូនរបស់អ្នករាល់គ្នា ដែលបាននាំមកជាឈ្លើយនេះ ត្រឡប់ទៅវិញទៅ ដ្បិតសេចក្ដីក្រេវក្រោធដ៏សហ័សផងព្រះយេហូវ៉ា បានគ្របលើអ្នករាល់គ្នាហើយ
12. ដូច្នេះ ពួកមេខ្លះក្នុងពួកអេប្រាអិម គឺអ័សារា ជាកូនយ៉ូហាណាន បេរេគា ជាកូនមស៊ីលេម៉ូត យេហ៊ីសេគាជាកូនសាលូម និងអ័ម៉ាសា ជាកូនហាឌឡាយ គេលើកគ្នាទាស់នឹងពួកអ្នកដែលមកពីច្បាំងនោះថា
13. មិនត្រូវឲ្យឯងរាល់គ្នានាំពួកឈ្លើយចូលមកក្នុងស្រុកនេះទេ ដ្បិតឯងរាល់គ្នាគិតធ្វើការ ដែលនឹងនាំឲ្យយើងមានទោស នៅចំពោះព្រះយេហូវ៉ា ទាំងបន្ថែមការនេះមកលើអំពើបាប និងការរំលងរបស់យើងរាល់គ្នាទៀត ដ្បិតទោសរបស់យើងធ្ងន់ណាស់ហើយ ក៏មានសេចក្ដីក្រេវក្រោធយ៉ាងសហ័សគ្របលើពួកអ៊ីស្រាអែលដែរ
14. ដូច្នេះ ពួកទាហានក៏លះបង់ឈ្លើយទាំងនោះ និងរបឹបចោលនៅមុខពួកចៅហ្វាយ និងពួកជំនុំទាំងអស់គ្នា
15. ឯពួកអ្នកដែលចេញឈ្មោះហើយ គេក្រោកឡើងនាំពួកឈ្លើយមក រួចរើយកសំលៀកបំពាក់ពីក្នុងរបឹបនោះ ចែកដល់អស់អ្នកណាដែលអាក្រាត ឲ្យគេស្លៀកពាក់ ព្រមទាំងឲ្យមានស្បែកជើងពាក់ផង រួចចែកអាហារដល់គេឲ្យបរិភោគ ក៏ចាក់ប្រេងលាបឲ្យផង ឯអស់អ្នកណាដែលមានកំឡាំងតិច នោះគេបញ្ជិះលើសត្វលាបញ្ជូនត្រឡប់ទៅឯពួកបងប្អូនគេ ត្រឹមក្រុងយេរីខូរ ជាទីក្រុងដើមលម៉ើរទៅ រួចគេវិលមកឯក្រុងសាម៉ារីវិញ។