18. ឯពួកភីលីស្ទីនគេក៏បានលុកលុយចូលទីក្រុងទាំងប៉ុន្មាន នៅស្រុកទំនាប ហើយនឹងប៉ែកស្រុកយូដាខាងត្បូង គេវាយយកបានក្រុងបេត-សេមែស ក្រុងអាយ៉ាឡូន ក្រុងកេដេរ៉ូត ក្រុងសូគរ និងតំបន់នៅជុំវិញក្រុងធីមណា និងតំបន់នៅជុំវិញ ព្រមទាំងក្រុងគីមសូរ និងតំបន់នៅជុំវិញផង រួចគេក៏អាស្រ័យនៅទីក្រុងទាំងនោះ
19. ដ្បិតព្រះយេហូវ៉ា ទ្រង់បាននាំឲ្យពួកយូដាបានទាបថោកដោយព្រោះអ័ហាស ស្តេចសាសន៍អ៊ីស្រាអែល ពីព្រោះស្តេចបាននាំឲ្យពួកយូដា លែងមានសេចក្ដីទប់ចិត្តខ្លាចបាប ហើយបានប្រព្រឹត្តរំលងល្មើសយ៉ាងធំ ចំពោះព្រះយេហូវ៉ា
20. គ្រានោះ ទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរក៏មកឯទ្រង់ តែមិនបានជួយចំរើនកំឡាំងទ្រង់ទេ គឺបានធ្វើឲ្យទ្រង់មានសេចក្ដីលំបាកវិញ
21. ដ្បិតអ័ហាសបានបែងយកចំណែក ពីព្រះវិហារនៃព្រះយេហូវ៉ា ពីព្រះរាជដំណាក់ ហើយពីពួកចៅហ្វាយ ទៅថ្វាយដល់ស្តេចអាសស៊ើរ តែការនោះក៏មិនបានជួយដល់ទ្រង់ដែរ។
22. ហើយនៅគ្រាដែលមានសេចក្ដីទុក្ខវេទនា នោះស្តេច គឺអ័ហាសនេះឯង ទ្រង់បានប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ាថែមទៀត
23. គឺទ្រង់បានថ្វាយយញ្ញបូជា ដល់អស់ទាំងព្រះនៃពួកក្រុងដាម៉ាស ដែលគេបានវាយទ្រង់ ដោយនឹកថា ដោយព្រោះព្រះនៃពួកស្តេចស៊ីរីបានជួយគេ នោះយើងនឹងថ្វាយយញ្ញបូជា ដល់ព្រះទាំងនោះដែរ ដើម្បីឲ្យបានជួយខាងយើង ប៉ុន្តែព្រះទាំងនោះជាហេតុនាំឲ្យទ្រង់ និងពួកអ៊ីស្រាអែលទាំងអស់រួញថយវិញ
24. អ័ហាសក៏ប្រមូលអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះមកកាត់ផ្តាច់ជាដុំៗ ទ្រង់ក៏បិទទ្វារព្រះវិហារនៃព្រះយេហូវ៉ាចោល ហើយធ្វើអាសនាសំរាប់ទ្រង់ នៅគ្រប់ទីកៀនក្នុងក្រុងយេរូសាឡិមដែរ
25. ឯនៅគ្រប់ទាំងទីក្រុងស្រុកយូដា ទ្រង់ក៏ធ្វើទីខ្ពស់ សំរាប់នឹងដុតកំញានថ្វាយព្រះដទៃ ទ្រង់បានបណ្តាលឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោទ្រង់ មានសេចក្ដីក្រោធ
26. រីឯដំណើរឯទៀតពីទ្រង់ និងគ្រប់ទាំងអំពើដែលទ្រង់ប្រព្រឹត្ត ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចយូដា និងអ៊ីស្រាអែលហើយ
27. អ័ហាសក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងទីក្រុង គឺក្នុងក្រុងយេរូសាឡិម តែមិនមែនក្នុងផ្នូររបស់ពួកស្តេចសាសន៍អ៊ីស្រាអែលទេ រួចហេសេគា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។