5. ទ្រង់ក៏តាំងព្រះទ័យស្វែងរកព្រះយេហូវ៉ា ចាប់តាំងពីគ្រាសាការី ជាអ្នកយល់ក្នុងការជាក់ស្តែងពីព្រះតទៅ ហើយនៅវេលាដែលទ្រង់ស្វែងរកព្រះយេហូវ៉ា អស់រវាងប៉ុណ្ណា នោះព្រះក៏បានធ្វើឲ្យទ្រង់បានចំរើនឡើងយូរប៉ុណ្ណោះដែរ។
6. ទ្រង់ក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ហើយទ្រង់បំបាក់រំលំកំផែងក្រុងកាថ និងកំផែងក្រុងយ៉ាបនេ ហើយកំផែងក្រុងអាសដូឌផង រួចទ្រង់សង់ទីក្រុងក្នុងក្រវល់របស់អាសដូឌ និងនៅកណ្តាលពួកភីលីស្ទីន
7. ព្រះទ្រង់ក៏ជួយទាស់នឹងពួកភីលីស្ទីន ពួកអារ៉ាប់ ដែលនៅស្រុកគើរ-បាល និងពួកម៉ាអូនផង
8. ឯពួកអាំម៉ូនគេក៏យកសួយអាករមកថ្វាយអូសៀសដែរ ហើយទ្រង់មានកិត្តិនាមល្បីឮទួទៅ រហូតដល់ប្រទល់ដែនចូលស្រុកអេស៊ីព្ទ ដ្បិតទ្រង់មានព្រះចេស្តាកាន់តែខ្លាំងឡើងក្រៃលែង
9. មួយទៀតអូសៀសទ្រង់សង់ប៉ម នៅក្រុងយេរូសាឡិម ត្រង់ទ្វារជ្រុង ទ្វារច្រកភ្នំ ហើយនៅត្រង់រំពត់កំផែង ព្រមទាំងធ្វើឲ្យមាំមួនណាស់
10. ទ្រង់ក៏សង់ប៉ម នៅទីរហោស្ថាន ជាច្រើនកន្លែង ព្រមទាំងជីកអណ្តូងផង ពីព្រោះទ្រង់មានហ្វូងសត្វយ៉ាងសន្ធឹកនៅស្រុកទំនាប និងស្រុកវាល ក៏មានពួកអ្នកធ្វើចំការ និងពួកអ្នកថែរក្សាដើមទំពាំងបាយជូរ នៅលើភ្នំ និងនៅស្រុកកើមែលដែរ ដ្បិតទ្រង់សព្វព្រះទ័យខាងឯការក្សេត្រកម្ម
11. មួយទៀត អូសៀសទ្រង់មានពលទ័ព សុទ្ធតែជាមនុស្សចេះតស៊ូ ដែលចេញទៅច្បាំងដោយកងៗ តាមចំនួនគេ ដែលយីអែល ជាស្មៀន និងម្អាសេយ៉ា ជានាយ បានរាប់នៅក្រោមអំណាចហាណានា ជាមេទ័ពរបស់ស្តេច