15. ហើយនៅក្រុងយេរូសាឡិមទ្រង់ក៏ធ្វើយន្ត ដែលមនុស្សប៉ិនប្រសប់បានបង្កើតឡើងដាក់លើប៉ម លើកំផែង សំរាប់បាញ់ព្រួញ និងថ្មធំៗ នោះព្រះនាមទ្រង់ក៏លាន់ឮទួទៅឆ្ងាយ ពីព្រោះទ្រង់មានសេចក្ដីជំនួយយ៉ាងអស្ចារ្យ ដរាបដល់ទ្រង់មានកំឡាំងខ្លាំង។
16. កាលទ្រង់មានកំឡាំងឡើងហើយ នោះព្រះទ័យទ្រង់ក៏ប៉ោងធំឡើង ត្រឡប់ជាខូចអស់ទៅ ទ្រង់ក៏ប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដ្បិតទ្រង់បានយាងចូលទៅ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដុតកំញាននៅលើអាសនាគ្រឿងក្រអូប
17. តែអ័សារាដ៏ជាសង្ឃ លោកចូលទៅតាម នាំទាំងពួកសង្ឃនៃព្រះយេហូវ៉ា ដែលសុទ្ធតែមានចិត្តមុតមាំ៨០នាក់ទៅជាមួយ
18. សង្ឃទាំងនោះបានឃាត់ស្តេចអូសៀស ដោយពាក្យថា ឱព្រះករុណាអូសៀសអើយ ការដុតកំញានថ្វាយព្រះយេហូវ៉ា នោះមិនសំរេចនៅទ្រង់ទេ គឺជាការងាររបស់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃដែលបានញែកជាបរិសុទ្ធ សំរាប់នឹងដុតកំញានវិញទេតើ ចូរចេញពីទីបរិសុទ្ធនេះទៅ ពីព្រោះទ្រង់បានរំលងច្បាប់ហើយ ការនេះក៏មិនបានរាប់ជាកិត្តិនាមដល់ទ្រង់ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះដែរ
19. ដូច្នេះ អូសៀសក៏ក្រេវក្រោធ រីឯព្រះហស្តទ្រង់កាន់ពាន ប្រុងនឹងដុតកំញាន ហើយកំពុងដែលទ្រង់ក្រេវក្រោធនឹងពួកសង្ឃដូច្នេះ នោះរោគឃ្លង់ក៏លេចឡើងត្រង់ព្រះនលាដទ្រង់ នៅមុខពួកសង្ឃក្បែរអាសនាគ្រឿងក្រអូប នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
20. អ័សារា ជាសំដេចសង្ឃ និងពួកសង្ឃឯទៀត លោកបានពិនិត្យមើល ឃើញទ្រង់កើតឃ្លង់នៅត្រង់ព្រះនលាដដូច្នោះហើយ ក៏ច្រានទ្រង់ចេញពីទីនោះទៅជាប្រញាប់ ឯទ្រង់ក៏ប្រញាប់ប្រញាល់នឹងចេញទៅដែរ ដោយព្រោះព្រះយេហូវ៉ាបានដាក់ទោសដល់ទ្រង់
21. ស្តេចអូសៀសទ្រង់មានរោគឃ្លង់ ដរាបដល់ថ្ងៃសុគត ក៏គង់នៅក្នុងរោងទីទៃពីគេ ដោយព្រោះកើតឃ្លង់ ដ្បិតទ្រង់បានត្រូវកាត់កាល់ចេញពីព្រះវិហារព្រះយេហូវ៉ា រួចយ៉ូថាម ជាព្រះរាជបុត្រាក៏ត្រួតលើព្រះរាជវាំង ព្រមទាំងជំនុំជំរះពួកអ្នកស្រុកផង
22. រីឯដំណើរឯទៀត ពីអូសៀសទាំងមុនទាំងក្រោយ នោះហោរាអេសាយ ជាកូនអ័ម៉ូស លោកបានកត់ទុកទាំងអស់ហើយ
23. អូសៀសទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅទីបញ្ចុះសពរបស់ពួកស្តេច ជាមួយនឹងពួកអយ្យកោទ្រង់ទៅ ដ្បិតគេថា ទ្រង់មានរោគឃ្លង់ រួចយ៉ូថាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។