២ របាក្សត្រ 26:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ពួក​ជន​ទាំង‌ឡាយ នៅ​ស្រុក​យូដា ក៏​លើក​អូសៀស ដែល​មាន​ព្រះ‌ជន្ម​១៦​ឆ្នាំ​ហើយ តាំង​ឡើង​ជា​ស្តេច​ជំនួស​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌បិតា

2. អូសៀស​ក៏​សង់​ក្រុង​អេឡុត បញ្ចូល​មក​ខាង​ពួក​យូដា​វិញ ក្នុង​វេលា​ក្រោយ​ដែល​ព្រះ‌បិតា​បាន​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់

3. កាល​អូសៀស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១៦​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៥២​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម ជា​យេកូលា ជា​អ្នក​ក្រុង​យេរូ‌សាឡិម។

4. ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ។

5. ទ្រង់​ក៏​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​គ្រា​សាការី ជា​អ្នក​យល់​ក្នុង​ការ​ជាក់‌ស្តែង​ពី​ព្រះ​ត​ទៅ ហើយ​នៅ​វេលា​ដែល​ទ្រង់​ស្វែង​រក​ព្រះ‌យេហូវ៉ា អស់​រវាង​ប៉ុណ្ណា នោះ​ព្រះ​ក៏​បាន​ធ្វើ​ឲ្យ​ទ្រង់​បាន​ចំរើន​ឡើង​យូរ​ប៉ុណ្ណោះ​ដែរ។

6. ទ្រង់​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន ហើយ​ទ្រង់​បំបាក់​រំលំ​កំផែង​ក្រុង​កាថ និង​កំផែង​ក្រុង​យ៉ាបនេ ហើយ​កំផែង​ក្រុង​អាស‌ដូឌ​ផង រួច​ទ្រង់​សង់​ទី​ក្រុង​ក្នុង​ក្រវល់​របស់​អាស‌ដូឌ និង​នៅ​កណ្តាល​ពួក​ភីលីស្ទីន

7. ព្រះ​ទ្រង់​ក៏​ជួយ​ទាស់​នឹង​ពួក​ភីលីស្ទីន ពួក​អារ៉ាប់ ដែល​នៅ​ស្រុក​គើរ-បាល និង​ពួក​ម៉ាអូន​ផង

8. ឯ​ពួក​អាំម៉ូន​គេ​ក៏​យក​សួយ‌អាករ​មក​ថ្វាយ​អូសៀស​ដែរ ហើយ​ទ្រង់​មាន​កិត្តិ‌នាម​ល្បី​ឮ​ទួទៅ រហូត​ដល់​ប្រទល់​ដែន​ចូល​ស្រុក​អេស៊ីព្ទ ដ្បិត​ទ្រង់​មាន​ព្រះ‌ចេស្តា​កាន់​តែ​ខ្លាំង​ឡើង​ក្រៃលែង

9. មួយ​ទៀត​អូសៀស​ទ្រង់​សង់​ប៉ម នៅ​ក្រុង​យេរូ‌សាឡិម ត្រង់​ទ្វារ​ជ្រុង ទ្វារ​ច្រក​ភ្នំ ហើយ​នៅ​ត្រង់​រំពត់‌កំផែង ព្រម​ទាំង​ធ្វើ​ឲ្យ​មាំ‌មួន​ណាស់

10. ទ្រង់​ក៏​សង់​ប៉ម នៅ​ទី​រហោ‌ស្ថាន ជា​ច្រើន​កន្លែង ព្រម​ទាំង​ជីក​អណ្តូង​ផង ពី​ព្រោះ​ទ្រង់​មាន​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​នៅ​ស្រុក​ទំនាប និង​ស្រុក​វាល ក៏​មាន​ពួក​អ្នក​ធ្វើ​ចំការ និង​ពួក​អ្នក​ថែ​រក្សា​ដើម​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ និង​នៅ​ស្រុក​កើមែល​ដែរ ដ្បិត​ទ្រង់​សព្វ​ព្រះ‌ទ័យ​ខាង​ឯ​ការ​ក្សេត្រ‌កម្ម

11. មួយ​ទៀត អូសៀស​ទ្រង់​មាន​ពល‌ទ័ព សុទ្ធ​តែ​ជា​មនុស្ស​ចេះ​តស៊ូ ដែល​ចេញ​ទៅ​ច្បាំង​ដោយ​កងៗ តាម​ចំនួន​គេ ដែល​យីអែល ជា​ស្មៀន និង​ម្អាសេយ៉ា ជា​នាយ បាន​រាប់​នៅ​ក្រោម​អំណាច​ហាណានា ជា​មេ‌ទ័ព​របស់​ស្តេច

12. ឯ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ​ទាំង​ប៉ុន្មាន គឺ​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​មាន​ចិត្ត​ក្លាហាន នោះ​មាន​ចំនួន​២​ពាន់​៦​រយ​នាក់

13. ហើយ​នៅ​ក្រោម​អំណាច​គេ មាន​ពល‌ទ័ព​៣​សែន​៧​ពាន់​៥​រយ​នាក់ ដែល​ចេញ​ទៅ​ច្បាំង​ដោយ​មាន​កំឡាំង​យ៉ាង​រឹង​របឹង សំរាប់​នឹង​ជួយ​ស្តេច​រាំង‌រា​ខ្មាំង​សត្រូវ

14. អូសៀស​ទ្រង់​ក៏​ចាត់‌ចែង​ធ្វើ​ខែល លំពែង មួក​សឹក និង​អាវ​ក្រោះ ព្រម​ទាំង​ធ្នូ និង​ក្រួស​សំរាប់​បាញ់​ឲ្យ​គេ គឺ​ឲ្យ​ពួក​ពល‌ទ័ព​ទាំង​អស់​នោះ

២ របាក្សត្រ 26