7. តែមានអ្នកសំណប់របស់ព្រះម្នាក់មកគាល់ទ្រង់ទូលថា បពិត្រព្រះករុណាអើយ កុំបើកឲ្យពលទ័ពរបស់ពួកអ៊ីស្រាអែល ទៅជាមួយនឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មិនគង់នៅ ជាមួយនឹងពួកអ៊ីស្រាអែល គឺនឹងពួកកូនចៅអេប្រាអិមទាំងអម្បាលម៉ានទេ
8. តែបើទ្រង់នាំគេទៅ នោះស្រេចនឹងព្រះទ័យចុះ ត្រូវខំប្រឹងឲ្យមានកំឡាំងឡើង សំរាប់នឹងច្បាំងទៅ ព្រះនឹងធ្វើឲ្យទ្រង់ដួលនៅមុខពួកខ្មាំងសត្រូវ ដ្បិតព្រះទ្រង់អាចនឹងជួយ ឬធ្វើឲ្យដួលក៏បាន
9. រួចអ័ម៉ាស៊ីយ៉ាទ្រង់សួរតបទៅអ្នកសំណប់របស់ព្រះថា ចុះចំណែកប្រាក់១០០ហាប ដែលយើងបានប្រគល់ទៅឲ្យពួកទ័ពអ៊ីស្រាអែល នោះដូចម្តេចទៅ អ្នកសំណប់របស់ព្រះទូលឆ្លើយថា ព្រះយេហូវ៉ាទ្រង់អាចនឹងប្រទាន ឲ្យទ្រង់បានជាច្រើនលើសជាងនេះទៅទៀត
10. ដូច្នេះ អ័ម៉ាស៊ីយ៉ាក៏ញែកគេចេញពីគ្នា គឺញែកពួកទ័ពដែលមកពីស្រុកអេប្រាអិម ឲ្យគេត្រឡប់ទៅឯផ្ទះវិញ គេក៏កើតមានសេចក្ដីកំហឹងឆួលក្តៅឡើងនឹងពួកយូដា ហើយគេត្រឡប់ទៅវិញ ដោយសេចក្ដីឃោរឃៅជាខ្លាំង
11. ឯអ័ម៉ាស៊ីយ៉ាទ្រង់មានព្រះទ័យក្លាឡើង ក៏លើកទ័ពចេញទៅឯច្រកភ្នំអំបិល ប្រហារសំឡាប់ពួកកូនចៅសៀរអស់១ម៉ឺននាក់
12. ហើយ១ម៉ឺនទៀត ពួកកូនចៅយូដា ក៏ចាប់ទាំងរស់ដឹកនាំទៅឯកំពូលថ្មភ្នំ បោះទំលាក់ទៅក្រោមឲ្យបាក់បែកខ្ទេចខ្ទីអស់ទៅ
13. តែឯពួកទ័ពដែលអ័ម៉ាស៊ីយ៉ាបានឲ្យទៅវិញ មិនឲ្យទៅច្បាំងជាមួយនោះ គេក៏ចូលទៅវាយទីក្រុងស្រុកយូដាទាំងប៉ុន្មាន ចាប់តាំងពីស្រុកសាម៉ារីរហូតដល់ក្រុងបេត-ហូរ៉ុន ប្រហារសំឡាប់មនុស្សអស់៣ពាន់នាក់ ហើយចាប់យករបឹបបានជាច្រើនដែរ។
14. រីឯអ័ម៉ាស៊ីយ៉ា កាលទ្រង់ត្រឡប់មក ពីការប្រហារសំឡាប់ពួកអេដំមវិញ នោះទ្រង់នាំយកអស់ទាំងព្រះរបស់ពួកកូនចៅសៀរមក តាំងឡើងជាព្រះរបស់ទ្រង់ ក៏ក្រាបថ្វាយបង្គំ ហើយដុតកំញានថ្វាយដល់ព្រះទាំងអស់នោះ
15. ហេតុនោះសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើង ទាស់នឹងអ័ម៉ាស៊ីយ៉ា ក៏ចាត់ហោរាម្នាក់ឲ្យទៅឯទ្រង់ទូលថា ម្តេចក៏ទ្រង់រកតាមព្រះរបស់សាសន៍នោះ ដែលមិនអាចនឹងជួយពួកគេ ឲ្យរួចពីកណ្តាប់ព្រះហស្តទ្រង់ផងដូច្នេះ
16. គ្រាកាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ នោះទ្រង់មានព្រះបន្ទូលកាត់ថា តើយើងបានតាំងឯង ឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ ចូរនៅស្ងៀមទៅ ឯងចង់ឲ្យគេប្រហារឯងបង់ធ្វើអី ដូច្នេះ លោកក៏លែងពោល ដោយពាក្យនេះថា ទូលបង្គំដឹងពិតថា ព្រះទ្រង់បានសំរេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ។
17. នៅគ្រានោះ អ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ទ្រង់ទទួលព្រមតាមសេចក្ដីប្រឹក្សារបស់គេ ក៏ចាត់សារឲ្យទៅឯយ៉ូអាហាស ដែលជាបុត្រាយេហ៊ូវ ស្តេចពួកអ៊ីស្រាអែលថា ចូរចេញមក យើងមើលមុខគ្នា
18. តែយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាត់សារទៅឯអ័ម៉ាស៊ីយ៉ា ជាស្តេចយូដាវិញថា ដើមបន្លាដែលដុះនៅលើភ្នំល្បាណូន បានចាត់សារទៅឯដើមតាត្រៅនៅភ្នំល្បាណូនថា ចូរលើកកូនស្រីឯងមក ឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសអញ ក៏មានសត្វព្រៃដែលនៅភ្នំល្បាណូនមកតាមនោះ ជាន់ឈ្លីដើមបន្លានោះទៅ
19. ទ្រង់មានព្រះបន្ទូលថា មើល យើងបានវាយឈ្នះពួកសាសន៍អេដំម ហើយព្រះទ័យទ្រង់បានដំកើងទ្រង់ឡើងឲ្យបានអួតខ្លួន ចូរនៅឯដំណាក់ទ្រង់ទៅ តើចង់រករឿង ដែលនឹងនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផងធ្វើអី។
20. តែអ័ម៉ាស៊ីយ៉ាទ្រង់មិនព្រមស្តាប់តាមទេ ដ្បិតការនោះកើតមកពីព្រះ ដើម្បីឲ្យទ្រង់បានប្រគល់សាសន៍យូដា ទៅក្នុងកណ្តាប់ដៃគេ ដោយព្រោះបានស្វែងរកតាមអស់ទាំងព្រះរបស់សាសន៍អេដំម
21. ដូច្នេះ យ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ក៏យាងឡើងទៅ រួចទ្រង់ និងអ័ម៉ាស៊ីយ៉ាជាស្តេចយូដា ក៏មើលមុខគ្នា នៅត្រង់ក្រុងបេត-សេមែសជាក្រុងរបស់ពួកយូដា
22. ពួកយូដាក៏ចាញ់ពួកអ៊ីស្រាអែលហើយរត់ទៅឯទីលំនៅគេរៀងខ្លួនវិញ
23. ឯយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាប់អ័ម៉ាស៊ីយ៉ា ស្តេចយូដា ជាបុត្រយ៉ូអាស ដែលជាបុត្រអ័ហាស៊ីយ៉ា នៅត្រង់បេត-សេមែសបាន ក៏នាំទៅឯក្រុងយេរូសាឡិម ហើយរំលំកំផែងក្រុងយេរូសាឡិម ចាប់តាំងពីទ្វារអេប្រាអិម រហូតដល់ទ្វារជ្រុងកំផែងអស់៤០០ហត្ថ