3. កាលរាជ្យបានតាំងនៅជាប់ ក្នុងអំណាចទ្រង់ហើយ នោះទ្រង់ក៏សំឡាប់ពួកបំរើដែលបានធ្វើគុតស្តេច ជាព្រះបិតាទ្រង់ទៅ
4. តែមិនបានសំឡាប់កូនចៅគេទេ គឺបានធ្វើតាមសេចក្ដីដែលចែងទុកមក ក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេវិញ ជាសេចក្ដីដែលព្រះយេហូវ៉ាបានបញ្ញត្តថា ឪពុកមិនត្រូវស្លាប់ដោយព្រោះកូន ឬកូនដោយព្រោះឪពុកឡើយ គឺគ្រប់គ្នាត្រូវស្លាប់ ដោយព្រោះអំពើបាបរបស់ខ្លួនរៀងខ្លួនវិញ។
5. មួយទៀត អ័ម៉ាស៊ីយ៉ាទ្រង់ប្រមូលពួកយូដា ឲ្យមូលគ្នា រួមផ្គុំគេតាមវង្សានុវង្សរបស់ឪពុកគេ នៅក្រោមអំណាចនៃមេលើ១ពាន់នាក់ និងមេលើ១រយនាក់ គឺទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់ផង ក៏រាប់គេចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឃើញមានមនុស្សជ្រើសរើស៣សែននាក់ ដែលសុទ្ធតែអាចនឹងទៅច្បាំងបាន ហើយចេះកាន់លំពែង និងខែលផង
6. ទ្រង់ក៏ជួលមនុស្សខ្លាំងពូកែមានចិត្តក្លាហាន ពីស្រុកអ៊ីស្រាអែល បានចំនួន១សែននាក់ អស់ដំឡៃជាប្រាក់១០០ហាប
7. តែមានអ្នកសំណប់របស់ព្រះម្នាក់មកគាល់ទ្រង់ទូលថា បពិត្រព្រះករុណាអើយ កុំបើកឲ្យពលទ័ពរបស់ពួកអ៊ីស្រាអែល ទៅជាមួយនឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មិនគង់នៅ ជាមួយនឹងពួកអ៊ីស្រាអែល គឺនឹងពួកកូនចៅអេប្រាអិមទាំងអម្បាលម៉ានទេ
8. តែបើទ្រង់នាំគេទៅ នោះស្រេចនឹងព្រះទ័យចុះ ត្រូវខំប្រឹងឲ្យមានកំឡាំងឡើង សំរាប់នឹងច្បាំងទៅ ព្រះនឹងធ្វើឲ្យទ្រង់ដួលនៅមុខពួកខ្មាំងសត្រូវ ដ្បិតព្រះទ្រង់អាចនឹងជួយ ឬធ្វើឲ្យដួលក៏បាន
9. រួចអ័ម៉ាស៊ីយ៉ាទ្រង់សួរតបទៅអ្នកសំណប់របស់ព្រះថា ចុះចំណែកប្រាក់១០០ហាប ដែលយើងបានប្រគល់ទៅឲ្យពួកទ័ពអ៊ីស្រាអែល នោះដូចម្តេចទៅ អ្នកសំណប់របស់ព្រះទូលឆ្លើយថា ព្រះយេហូវ៉ាទ្រង់អាចនឹងប្រទាន ឲ្យទ្រង់បានជាច្រើនលើសជាងនេះទៅទៀត
10. ដូច្នេះ អ័ម៉ាស៊ីយ៉ាក៏ញែកគេចេញពីគ្នា គឺញែកពួកទ័ពដែលមកពីស្រុកអេប្រាអិម ឲ្យគេត្រឡប់ទៅឯផ្ទះវិញ គេក៏កើតមានសេចក្ដីកំហឹងឆួលក្តៅឡើងនឹងពួកយូដា ហើយគេត្រឡប់ទៅវិញ ដោយសេចក្ដីឃោរឃៅជាខ្លាំង
11. ឯអ័ម៉ាស៊ីយ៉ាទ្រង់មានព្រះទ័យក្លាឡើង ក៏លើកទ័ពចេញទៅឯច្រកភ្នំអំបិល ប្រហារសំឡាប់ពួកកូនចៅសៀរអស់១ម៉ឺននាក់
12. ហើយ១ម៉ឺនទៀត ពួកកូនចៅយូដា ក៏ចាប់ទាំងរស់ដឹកនាំទៅឯកំពូលថ្មភ្នំ បោះទំលាក់ទៅក្រោមឲ្យបាក់បែកខ្ទេចខ្ទីអស់ទៅ
13. តែឯពួកទ័ពដែលអ័ម៉ាស៊ីយ៉ាបានឲ្យទៅវិញ មិនឲ្យទៅច្បាំងជាមួយនោះ គេក៏ចូលទៅវាយទីក្រុងស្រុកយូដាទាំងប៉ុន្មាន ចាប់តាំងពីស្រុកសាម៉ារីរហូតដល់ក្រុងបេត-ហូរ៉ុន ប្រហារសំឡាប់មនុស្សអស់៣ពាន់នាក់ ហើយចាប់យករបឹបបានជាច្រើនដែរ។
14. រីឯអ័ម៉ាស៊ីយ៉ា កាលទ្រង់ត្រឡប់មក ពីការប្រហារសំឡាប់ពួកអេដំមវិញ នោះទ្រង់នាំយកអស់ទាំងព្រះរបស់ពួកកូនចៅសៀរមក តាំងឡើងជាព្រះរបស់ទ្រង់ ក៏ក្រាបថ្វាយបង្គំ ហើយដុតកំញានថ្វាយដល់ព្រះទាំងអស់នោះ