19. ទ្រង់មានព្រះបន្ទូលថា មើល យើងបានវាយឈ្នះពួកសាសន៍អេដំម ហើយព្រះទ័យទ្រង់បានដំកើងទ្រង់ឡើងឲ្យបានអួតខ្លួន ចូរនៅឯដំណាក់ទ្រង់ទៅ តើចង់រករឿង ដែលនឹងនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផងធ្វើអី។
20. តែអ័ម៉ាស៊ីយ៉ាទ្រង់មិនព្រមស្តាប់តាមទេ ដ្បិតការនោះកើតមកពីព្រះ ដើម្បីឲ្យទ្រង់បានប្រគល់សាសន៍យូដា ទៅក្នុងកណ្តាប់ដៃគេ ដោយព្រោះបានស្វែងរកតាមអស់ទាំងព្រះរបស់សាសន៍អេដំម
21. ដូច្នេះ យ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ក៏យាងឡើងទៅ រួចទ្រង់ និងអ័ម៉ាស៊ីយ៉ាជាស្តេចយូដា ក៏មើលមុខគ្នា នៅត្រង់ក្រុងបេត-សេមែសជាក្រុងរបស់ពួកយូដា
22. ពួកយូដាក៏ចាញ់ពួកអ៊ីស្រាអែលហើយរត់ទៅឯទីលំនៅគេរៀងខ្លួនវិញ
23. ឯយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាប់អ័ម៉ាស៊ីយ៉ា ស្តេចយូដា ជាបុត្រយ៉ូអាស ដែលជាបុត្រអ័ហាស៊ីយ៉ា នៅត្រង់បេត-សេមែសបាន ក៏នាំទៅឯក្រុងយេរូសាឡិម ហើយរំលំកំផែងក្រុងយេរូសាឡិម ចាប់តាំងពីទ្វារអេប្រាអិម រហូតដល់ទ្វារជ្រុងកំផែងអស់៤០០ហត្ថ