9. រួចប្រកាសប្រាប់នៅគ្រប់ក្នុងស្រុកយូដា និងនៅក្រុងយេរូសាឡិម ឲ្យគេយកពន្ធមកថ្វាយព្រះយេហូវ៉ា ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះ បានបង្គាប់ដល់ពួកអ៊ីស្រាអែល នៅទីរហោស្ថានដែរ
10. នោះពួកអ្នកដែលជាប្រធាន និងបណ្តាជនទាំងឡាយក៏រីករាយសប្បាយ ហើយយកប្រាក់មកដាក់ក្នុងហឹប ដរាបដល់បានគ្រប់
11. វេលាណាដែលពួកលេវីឃើញមានប្រាក់ច្រើនហើយ នោះក៏នាំយកហឹបចូលទៅឯពួកភ្នាក់ងាររបស់ស្តេច ហើយស្មៀនហ្លួង និងអ្នកដំណាងសំដេចសង្ឃ ក៏ចូលមកចាក់ចេញយកប្រាក់ទៅទុក រួចគេយកហឹបទៅដាក់នៅកន្លែងដើមវិញ គេធ្វើដូច្នោះរាល់តែថ្ងៃ ហើយបានប្រាក់ជាបរិបូរ
12. ស្តេច និងយេហូយ៉ាដា ក៏ប្រគល់ប្រាក់នោះ ឲ្យដល់ពួកអ្នកដែលត្រួតមើលការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ា អ្នកទាំងនោះក៏ជួលជាងដាប់ថ្ម និងជាងឈើ ឲ្យរៀបចំព្រះវិហារនៃព្រះយេហូវ៉ាឡើងជាថ្មី ព្រមទាំងពួកជាងដែក ជាងលង្ហិន ឲ្យជួសជុលព្រះវិហារនៃព្រះយេហូវ៉ាដែរ
13. ដូច្នេះ ពួកអ្នកទាំងនោះក៏ធ្វើការទៅ ហើយការជួសជុលក៏ចំរើនឡើង ដោយសារដៃគេ គេបានរៀបចំព្រះវិហារនៃព្រះតាមសណ្ឋានដើមវិញ ព្រមទាំងធ្វើឲ្យមាំមួនជាងទៅទៀត
14. កាលគេបានធ្វើការស្រេចហើយ នោះក៏យកប្រាក់ដែលសល់នៅ ទៅថ្វាយដល់ស្តេច និងយេហូយ៉ាដា ហើយប្រាក់នោះក៏យកទៅធ្វើជាគ្រឿងប្រដាប់សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា គឺជាគ្រឿងសំរាប់ប្រើធ្វើការងារ ហើយថ្វាយដង្វាយ ព្រមទាំងកូនចាន និងគ្រឿងប្រដាប់ឯទៀត ធ្វើពីមាស និងប្រាក់ រួចការថ្វាយដង្វាយដុត នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ក៏មាននៅជានិច្ចគ្រប់១ជីវិតរបស់យេហូយ៉ាដា។
15. តែយេហូយ៉ាដា លោកកាន់តែចាស់ទៅ លោកបានស្កប់ចិត្តនឹងអាយុលោក ហើយក៏ស្លាប់ទៅ កាលលោកស្លាប់ នោះមានអាយុ១៣០ឆ្នាំហើយ
16. គេបញ្ចុះសពលោក នៅជាមួយនឹងពួកស្តេច នៅក្នុងក្រុងដាវីឌ ពីព្រោះលោកបានធ្វើល្អក្នុងសាសន៍អ៊ីស្រាអែល ហើយចំពោះព្រះ និងព្រះវិហារទ្រង់ផង
17. រីឯកាលយេហូយ៉ាដាបានស្លាប់ទៅហើយ នោះពួកដែលជាប្រធានក្នុងស្រុកយូដា គេចូលមកក្រាបថ្វាយបង្គំដល់ស្តេច ហើយទ្រង់ក៏ស្តាប់តាមគេ
18. ដូច្នេះ គេបោះបង់ចោលព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ទៅគោរពប្រតិបត្តិតាមរូបព្រះ និងអ្នកតាវិញ ហើយមានសេចក្ដីក្រោធមកលើពួកយូដា និងពួកក្រុងយេរូសាឡិម ដោយព្រោះការកំហុសដែលគេប្រព្រឹត្តនោះ
19. ប៉ុន្តែទ្រង់ក៏ចាត់ពួកហោរាទៅឯគេដែរ ដើម្បីនឹងទាញនាំគេមកឯព្រះយេហូវ៉ាវិញ ឯពួកហោរានោះ លោកក៏ចាប់ទោសគេ តែគេមិនព្រមទទួលស្តាប់ឡើយ។
20. គ្រានោះ ព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើសាការី ជាកូនយេហូយ៉ាដាដ៏ជាសង្ឃ លោកឈរនៅមុខបណ្តាជនពោលថា ព្រះទ្រង់មានព្រះបន្ទូលដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នា រំលងអស់ទាំងក្រឹត្យក្រម នៃព្រះយេហូវ៉ា ដូច្នេះ ធ្វើយ៉ាងនោះមិនចំរើនទេ គឺដោយព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ាចេញ បានជាទ្រង់បោះបង់ចោលអ្នករាល់គ្នាដែរ
21. តែគេរួមគំនិតគ្នាគិតប្រទូស្តនឹងលោកវិញ ក៏ចោលលោកនឹងថ្ម នៅក្នុងទីលានព្រះវិហារនៃព្រះយេហូវ៉ា តាមបង្គាប់ស្តេច
22. គឺយ៉ាងនោះ ដែលស្តេចយ៉ូអាសបានរមឹលគុណរបស់យេហូយ៉ាដា ជាឪពុកសាការី ដែលលោកបានផ្តល់ចំពោះទ្រង់ គឺទ្រង់បានសំឡាប់កូនលោកវិញ កាលសាការីហៀបនឹងស្លាប់ទៅនោះក៏ពោលថា សូមឲ្យព្រះយេហូវ៉ាទ្រង់ទតមើល ហើយសំរេចតាមយុត្តិធម៌ចុះ។
23. ដល់ចុងឆ្នាំនោះឯង នោះកងទ័ពសាសន៍ស៊ីរី គេឡើងមកច្បាំងនឹងទ្រង់ គេលុកចូលមកក្នុងស្រុកយូដា និងក្រុងយេរូសាឡិម ក៏បំផ្លាញពួកដែលជាប្រធាន ក្នុងបណ្តាជនទាំងអស់ទៅ ហើយអស់ទាំងរបឹបដែលគេចាប់បាននោះគេផ្ញើទៅថ្វាយដល់ស្តេចក្រុងដាម៉ាស
24. ពួកពលទ័ពស៊ីរីបានមកមានគ្នាតែបន្តិចទេ តែព្រះយេហូវ៉ាទ្រង់ប្រគល់ពលទ័ពយ៉ាងសន្ធឹក ទៅក្នុងកណ្តាប់ដៃគេ ដោយព្រោះពួកខាងយ៉ូអាសបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោខ្លួនហើយ គឺយ៉ាងនោះដែលបានសំរេចទោសដល់យ៉ូអាស។
25. កាលពួកស៊ីរីបានថយចេញពីទ្រង់ទៅ ទុកទ្រង់ឲ្យនៅទាំងឈឺខ្លាំង នោះពួកមហាតលិកទ្រង់មានគំនិតគិតក្បត់ចំពោះទ្រង់ ដោយព្រោះឈាមនៃកូនយេហូយ៉ាដាដ៏ជាសង្ឃ ក៏ធ្វើគត់ទ្រង់ដែលកំពុងផ្ទំលើបន្ទំទី គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ