15. តែយេហូយ៉ាដា លោកកាន់តែចាស់ទៅ លោកបានស្កប់ចិត្តនឹងអាយុលោក ហើយក៏ស្លាប់ទៅ កាលលោកស្លាប់ នោះមានអាយុ១៣០ឆ្នាំហើយ
16. គេបញ្ចុះសពលោក នៅជាមួយនឹងពួកស្តេច នៅក្នុងក្រុងដាវីឌ ពីព្រោះលោកបានធ្វើល្អក្នុងសាសន៍អ៊ីស្រាអែល ហើយចំពោះព្រះ និងព្រះវិហារទ្រង់ផង
17. រីឯកាលយេហូយ៉ាដាបានស្លាប់ទៅហើយ នោះពួកដែលជាប្រធានក្នុងស្រុកយូដា គេចូលមកក្រាបថ្វាយបង្គំដល់ស្តេច ហើយទ្រង់ក៏ស្តាប់តាមគេ
18. ដូច្នេះ គេបោះបង់ចោលព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ទៅគោរពប្រតិបត្តិតាមរូបព្រះ និងអ្នកតាវិញ ហើយមានសេចក្ដីក្រោធមកលើពួកយូដា និងពួកក្រុងយេរូសាឡិម ដោយព្រោះការកំហុសដែលគេប្រព្រឹត្តនោះ
19. ប៉ុន្តែទ្រង់ក៏ចាត់ពួកហោរាទៅឯគេដែរ ដើម្បីនឹងទាញនាំគេមកឯព្រះយេហូវ៉ាវិញ ឯពួកហោរានោះ លោកក៏ចាប់ទោសគេ តែគេមិនព្រមទទួលស្តាប់ឡើយ។