1. កាលយ៉ូអាសទ្រង់ចាប់តាំងសោយរាជ្យឡើង នោះមានព្រះជន្ម៧ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៤០ឆ្នាំ ព្រះមាតាទ្រង់ព្រះនាម ជាស៊ីបយ៉ាជាអ្នកក្រុងបៀរ-សេបា
2. យ៉ូអាសទ្រង់ប្រព្រឹត្តសេចក្ដីដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គ្រប់១ជីវិតយេហូយ៉ាដាដ៏ជាសង្ឃ
3. យេហូយ៉ាដាក៏រកបាននាង២នាក់ថ្វាយទ្រង់ជាភរិយា ហើយទ្រង់បង្កើតបានបុត្រាបុត្រី។
4. ក្រោយនោះមក យ៉ូអាសទ្រង់មានព្រះទ័យនឹកចង់ជួសជុលព្រះវិហារនៃព្រះយេហូវ៉ាឡើងដូចដើម
5. ទ្រង់ក៏ប្រមូលពួកសង្ឃ និងពួកលេវីមកបង្គាប់ថា ចូរចេញទៅឯអស់ទាំងទីក្រុងស្រុកយូដា រៃប្រាក់ពីពួកអ៊ីស្រាអែលទាំងអស់រាល់តែឆ្នាំ ដើម្បីនឹងជួសជុលព្រះវិហាររបស់ព្រះនៃអ្នករាល់គ្នា ហើយប្រឹងប្រែងឡើងផង ប៉ុន្តែពួកលេវីមិនបានប្រឹងប្រែងឡើយ
6. ដូច្នេះ ស្តេចទ្រង់ហៅយេហូយ៉ាដាដ៏ជាសំដេចសង្ឃមកសួរថា ហេតុដូចម្តេចបានជាលោកមិនបង្ខំ ឲ្យពួកលេវីទៅហូតពន្ធពីពួកយូដា និងពួកក្រុងយេរូសាឡិមដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា និងពួកជំនុំនៃសាសន៍អ៊ីស្រាអែលបានបង្គាប់ ទុកសំរាប់ត្រសាលនៃសេចក្ដីបន្ទាល់ដូច្នេះ
7. ដ្បិតពួកបុត្ររបស់នាងអ័ថាលា ជាស្រីដ៏អាក្រក់នោះ បានបំបាក់បំបែកព្រះវិហារនៃព្រះហើយ ព្រមទាំងយកគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ទៅថ្វាយដល់ព្រះបាលវិញ។
8. ដូច្នេះ ស្តេចទ្រង់ចេញបង្គាប់ ហើយគេក៏ធ្វើហឹប១ដាក់នៅមាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា
9. រួចប្រកាសប្រាប់នៅគ្រប់ក្នុងស្រុកយូដា និងនៅក្រុងយេរូសាឡិម ឲ្យគេយកពន្ធមកថ្វាយព្រះយេហូវ៉ា ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះ បានបង្គាប់ដល់ពួកអ៊ីស្រាអែល នៅទីរហោស្ថានដែរ
10. នោះពួកអ្នកដែលជាប្រធាន និងបណ្តាជនទាំងឡាយក៏រីករាយសប្បាយ ហើយយកប្រាក់មកដាក់ក្នុងហឹប ដរាបដល់បានគ្រប់
11. វេលាណាដែលពួកលេវីឃើញមានប្រាក់ច្រើនហើយ នោះក៏នាំយកហឹបចូលទៅឯពួកភ្នាក់ងាររបស់ស្តេច ហើយស្មៀនហ្លួង និងអ្នកដំណាងសំដេចសង្ឃ ក៏ចូលមកចាក់ចេញយកប្រាក់ទៅទុក រួចគេយកហឹបទៅដាក់នៅកន្លែងដើមវិញ គេធ្វើដូច្នោះរាល់តែថ្ងៃ ហើយបានប្រាក់ជាបរិបូរ
12. ស្តេច និងយេហូយ៉ាដា ក៏ប្រគល់ប្រាក់នោះ ឲ្យដល់ពួកអ្នកដែលត្រួតមើលការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ា អ្នកទាំងនោះក៏ជួលជាងដាប់ថ្ម និងជាងឈើ ឲ្យរៀបចំព្រះវិហារនៃព្រះយេហូវ៉ាឡើងជាថ្មី ព្រមទាំងពួកជាងដែក ជាងលង្ហិន ឲ្យជួសជុលព្រះវិហារនៃព្រះយេហូវ៉ាដែរ
13. ដូច្នេះ ពួកអ្នកទាំងនោះក៏ធ្វើការទៅ ហើយការជួសជុលក៏ចំរើនឡើង ដោយសារដៃគេ គេបានរៀបចំព្រះវិហារនៃព្រះតាមសណ្ឋានដើមវិញ ព្រមទាំងធ្វើឲ្យមាំមួនជាងទៅទៀត
14. កាលគេបានធ្វើការស្រេចហើយ នោះក៏យកប្រាក់ដែលសល់នៅ ទៅថ្វាយដល់ស្តេច និងយេហូយ៉ាដា ហើយប្រាក់នោះក៏យកទៅធ្វើជាគ្រឿងប្រដាប់សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា គឺជាគ្រឿងសំរាប់ប្រើធ្វើការងារ ហើយថ្វាយដង្វាយ ព្រមទាំងកូនចាន និងគ្រឿងប្រដាប់ឯទៀត ធ្វើពីមាស និងប្រាក់ រួចការថ្វាយដង្វាយដុត នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ក៏មាននៅជានិច្ចគ្រប់១ជីវិតរបស់យេហូយ៉ាដា។
15. តែយេហូយ៉ាដា លោកកាន់តែចាស់ទៅ លោកបានស្កប់ចិត្តនឹងអាយុលោក ហើយក៏ស្លាប់ទៅ កាលលោកស្លាប់ នោះមានអាយុ១៣០ឆ្នាំហើយ
16. គេបញ្ចុះសពលោក នៅជាមួយនឹងពួកស្តេច នៅក្នុងក្រុងដាវីឌ ពីព្រោះលោកបានធ្វើល្អក្នុងសាសន៍អ៊ីស្រាអែល ហើយចំពោះព្រះ និងព្រះវិហារទ្រង់ផង