4. យ៉ូសាផាតទ្រង់គង់នៅក្រុងយេរូសាឡិម ហើយទ្រង់យាងចេញទៅកណ្តាលអស់ទាំងពួកជនម្តងទៀត គឺចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ស្រុកភ្នំអេប្រាអិមនាំគេវិលមកឯព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេវិញ
5. ទ្រង់ក៏តាំងឲ្យមានចៅក្រម នៅក្នុងស្រុក គឺក្នុងគ្រប់ទាំងទីក្រុងមានបន្ទាយរបស់ពួកយូដា
6. ទ្រង់មានព្រះបន្ទូលទៅចៅក្រមទាំងនោះថា ចូរពិចារណាការដែលអ្នករាល់គ្នាធ្វើចុះ ដ្បិតអ្នករាល់គ្នាមិនមែនជំនុំជំរះឲ្យគាប់ចិត្តដល់មនុស្សទេ គឺឲ្យព្រះយេហូវ៉ាបានពេញព្រះហឫទ័យវិញ ហើយទ្រង់ក៏គង់នៅជាមួយនឹងអ្នករាល់គ្នា ក្នុងការជំនុំជំរះនោះដែរ
7. ដូច្នេះ ចូរឲ្យអ្នករាល់គ្នាមានសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ាចុះ ចូរប្រយ័ត្ន ហើយសំរេចការនោះទៅ ដ្បិតគ្មានសេចក្ដីទុច្ចរិតណា នៅនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឡើយ ក៏គ្មានសេចក្ដីលំអៀងទៅខាងអ្នកណា ឬស៊ីសំណូកផង។
8. មួយទៀត យ៉ូសាផាតទ្រង់តាំងឲ្យមានពួកលេវី ពួកសង្ឃ និងពួកអ្នកដែលជាកំពូលលើវង្សានុវង្ស នៃសាសន៍អ៊ីស្រាអែលនៅក្រុងយេរូសាឡិម សំរាប់ការវិនិច្ឆ័យនៃព្រះយេហូវ៉ា និងការកាត់រឿងក្តី រួចគេត្រឡប់មកនៅក្រុងយេរូសាឡិមវិញ
9. ទ្រង់ក៏បង្គាប់គេថា គឺយ៉ាងនោះដែលអ្នករាល់គ្នាត្រូវសំរេចការងារ ដោយសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងទៀងទាត់ ហើយដោយចិត្តស្មោះត្រង់
10. បើកាលណាមានដំណើរក្តី រើមកដល់អ្នករាល់គ្នា អំពីពួកបងប្អូន ដែលនៅអស់ទាំងទីក្រុងគេ ជារឿងក្តីពីការកាប់សំឡាប់គ្នា ឬការរំលងច្បាប់ ក្រឹត្យក្រម និងបញ្ញត្ត ឬសេចក្ដីវិនិច្ឆ័យណាមួយ នោះត្រូវឲ្យអ្នករាល់គ្នាប្រាមប្រាប់គេ ដើម្បីកុំឲ្យគេមានទោស នៅចំពោះព្រះយេហូវ៉ា ហើយដោយសារទោសនោះ នឹងមានសេចក្ដីក្រោធមកលើអ្នករាល់គ្នា និងពួកបងប្អូនផងនោះឡើយ ចូរសំរេចការនេះទៅ នោះអ្នករាល់គ្នានឹងគ្មានទោសទេ
11. ហើយមើល អ័ម៉ារា ជាសំដេចសង្ឃ លោកត្រួតលើអ្នករាល់គ្នាក្នុងអស់ទាំងកិច្ចការខាងឯព្រះយេហូវ៉ា ហើយសេបាឌាជាកូនអ៊ីសម៉ាអែល លោកជាចៅហ្វាយលើពូជអំបូរយូដាក្នុងគ្រប់ទាំងការខាងឯស្តេច ហើយពួកលេវីក៏នៅចំពោះអ្នករាល់គ្នាទុកជាអាជ្ញា ចូរធ្វើការដោយចិត្តក្លាហានចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅខាងណាដែលត្រឹមត្រូវផង។