6. តែយ៉ូសាផាតសួរថា នៅទីនេះតើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរពីគាត់ដែរទេឬអី
7. ស្តេចអ៊ីស្រាអែលទូលឆ្លើយថា មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបានដែរ គឺមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់វា ដ្បិតវាមិនដែលទាយល្អពីទូលបង្គំសោះ គឺចេះតែទាយអាក្រក់ជាដរាបវិញ យ៉ូសាផាតទូលថា សូមទ្រង់កុំមានព្រះបន្ទូលដូច្នេះឡើយ
8. នោះស្តេចអ៊ីស្រាអែលទ្រង់ហៅមហាតលិកម្នាក់មកបង្គាប់ថា ចូរទៅនាំមីកាយ៉ា ជាកូនយីមឡា មកជាឆាប់ៗ
9. ឯស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចយូដា ទ្រង់ព្រះពស្ត្ររាជ្យគង់លើបល្ល័ង្ករៀងអង្គ ត្រង់ទីធ្លានៅទ្វារក្រុងសាម៉ារី ហើយពួកហោរាក៏ឈរទាយ នៅចំពោះទ្រង់
10. ឯសេដេគា ជាកូនក្នាណា គាត់បានធ្វើស្នែងដែក ហើយក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ព្រះករុណានឹងជល់ពួកស៊ីរី ដោយស្នែងនេះ ដរាបដល់គេវិនាសសូន្យទៅ
11. ហើយពួកហោរាទាំងអស់ក៏ទាយដូច្នោះដែរថា សូមយាងឡើងទៅឯរ៉ាម៉ូត-កាឡា ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ។
12. រីឯអ្នកដែលទៅហៅមីកាយ៉ាមក ក៏ប្រាប់គាត់ថា មើល ពួកហោរាទាំងអស់សុទ្ធតែទាយល្អ ដល់ស្តេចព្រមគ្នា ដូច្នេះ សូមឲ្យពាក្យលោកបានដូចជាពាក្យរបស់ហោរាទាំងនោះ ដោយពោលតែសេចក្ដីល្អដែរ
13. តែមីកាយ៉ាឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់ថា សេចក្ដីណាដែលព្រះនៃខ្ញុំទ្រង់មានព្រះបន្ទូលមក នោះខ្ញុំនឹងបញ្ចេញតាមសេចក្ដីនោះឯង
14. រួចកាលបានចូលទៅគាល់ស្តេចហើយ នោះទ្រង់មានព្រះបន្ទូលសួរថា មីកាយ៉ាអើយ តើត្រូវឲ្យយើងទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គាត់ទូលឡកថា សូមយាងទៅ ហើយមានជ័យជំនះចុះ ដ្បិតព្រះនឹងប្រគល់គេមក ក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
15. រួចស្តេចទ្រង់មានព្រះបន្ទូលថា អញបានស្តីឯងប៉ុន្មានដងហើយ ឲ្យបាននិយាយតែសេចក្ដីពិតប៉ុណ្ណោះ ដោយនូវព្រះនាមព្រះយេហូវ៉ា
16. គាត់ទូលឆ្លើយថា ទូលបង្គំបានឃើញពួកអ៊ីស្រាអែលខ្ចាត់ខ្ចាយទៅ នៅលើភ្នំ ប្រៀបដូចជាហ្វូងចៀម ដែលគ្មានអ្នកគង្វាល ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅឯផ្ទះរៀងខ្លួនវិញ ដោយសេចក្ដីសុខចុះ
17. ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា តើទូលបង្គំមិនបានទូលដល់ទ្រង់ទេឬអីថា វាមិនដែលទាយល្អពីទូលបង្គំឡើយ គឺទាយតែអាក្រក់ម្យ៉ាងប៉ុណ្ណោះ
18. នោះមីកាយ៉ាទូលថា ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា ទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គទាំងខាងស្តាំ និងខាងឆ្វេងផង
19. ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើអ្នកណានឹងចង់ទៅ បបួលឲ្យអ័ហាប់ ជាស្តេចអ៊ីស្រាអែល ឡើងទៅច្បាំង ហើយដួលស្លាប់នៅត្រង់រ៉ាម៉ូត-កាឡាត ម្នាក់ក៏ថាយ៉ាងនេះ ម្នាក់ក៏ថាយ៉ាងនោះ