17. ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា តើទូលបង្គំមិនបានទូលដល់ទ្រង់ទេឬអីថា វាមិនដែលទាយល្អពីទូលបង្គំឡើយ គឺទាយតែអាក្រក់ម្យ៉ាងប៉ុណ្ណោះ
18. នោះមីកាយ៉ាទូលថា ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា ទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គទាំងខាងស្តាំ និងខាងឆ្វេងផង
19. ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើអ្នកណានឹងចង់ទៅ បបួលឲ្យអ័ហាប់ ជាស្តេចអ៊ីស្រាអែល ឡើងទៅច្បាំង ហើយដួលស្លាប់នៅត្រង់រ៉ាម៉ូត-កាឡាត ម្នាក់ក៏ថាយ៉ាងនេះ ម្នាក់ក៏ថាយ៉ាងនោះ
20. រួចមានវិញ្ញាណ១ចេញមក ឈរនៅចំពោះព្រះយេហូវ៉ាទូលថា ទូលបង្គំចង់ទៅ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា ចុះឯងនឹងធ្វើយ៉ាងណាទៅ
21. វិញ្ញាណនោះទូលថា ទូលបង្គំនឹងទៅធ្វើជាវិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរាទាំងប៉ុន្មានរបស់ស្តេច ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរចេញទៅធ្វើដូច្នោះចុះ ឯងនឹងបបួលវាឲ្យសំរេចបាន
22. ដូច្នេះ មើលឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ហើយព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូល សំដែងពីសេចក្ដីអន្តរាយ ដែលនឹងកើតដល់ព្រះករុណា។
23. លំដាប់នោះ សេដេគា ជាកូនក្នាណា ក៏ចូលទៅទះកំផ្លៀងមីកាយ៉ា សួរថា ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានចេញពីអញ ទៅមានព្រះបន្ទូលនឹងឯងតាមផ្លូវណា
24. នោះមីកាយ៉ាឆ្លើយថា ចាំមើល នៅថ្ងៃនោះ ឯងនឹងបានឃើញច្បាស់ ក្នុងកាលដែលឯងរត់ទៅ ពួននៅក្នុងបន្ទប់ខាងក្នុង
25. ស្តេចអ៊ីស្រាអែលទ្រង់បង្គាប់ថា ចូរនាំយកមីកាយ៉ាទៅឯអាំម៉ូន ជាចៅហ្វាយទីក្រុង និងយ៉ូអាស ជាព្រះរាជបុត្រាវិញទៅ
26. ហើយប្រាប់គេថា ស្តេចទ្រង់បង្គាប់ដូច្នេះ គឺឲ្យដាក់មនុស្សនេះនៅក្នុងគុក ចិញ្ចឹមដោយនំបុ័ង និងទឹកដ៏វេទនា ទាល់តែដល់វេលាអញមកវិញ ដោយសុខសាន្ត
27. មីកាយ៉ាទូលថា បើសិនណាជាទ្រង់ដែលយាងមកវិញដោយសុខសាន្តពិត នោះគឺព្រះយេហូវ៉ាមិនបានមានព្រះបន្ទូលដោយសារទូលបង្គំទេ រួចគាត់ថែមពាក្យនេះថា ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ។
28. ដូច្នេះ ស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចយូដា ក៏ឡើងទៅឯក្រុងរ៉ាម៉ូត-កាឡាត
29. ឯស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែព្រះអង្គ សូមឲ្យព្រះករុណាទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទ្រង់វិញ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ
30. រីឯខាងស្តេចស៊ីរី បានបង្គាប់ដល់ពួកមេទ័ពរទេះចំបាំងទ្រង់ថា កុំឲ្យតនឹងអ្នកណា ទោះតូច ឬធំក្តីចូរតតែនឹងស្តេចអ៊ីស្រាអែល១ប៉ុណ្ណោះ
31. ដូច្នេះ កាលពួកមេទ័ពទាំងនោះបានឃើញយ៉ូសាផាត គេក៏នឹកថា នេះជាស្តេចអ៊ីស្រាអែលហើយ គេក៏បែរទៅបំរុងតនឹងទ្រង់ តែយ៉ូសាផាតទ្រង់ស្រែកឡើង ហើយព្រះយេហូវ៉ាក៏ប្រោសជួយ បណ្តាលឲ្យគេថយចេញពីទ្រង់ទៅ
32. កាលពួកមេទ័ពឃើញថា មិនមែនជាស្តេចអ៊ីស្រាអែលទេ នោះក៏លែងតាមតទៅ
33. តែមានមនុស្សម្នាក់យឹតធ្នូបាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះនៃទ្រង់ ដូច្នេះ ទ្រង់មានព្រះបន្ទូលបង្គាប់ ដល់អ្នកបរព្រះរាជរថទ្រង់ថា ចូរញាក់បង្ហៀរត្រឡប់រថនាំយើងចេញពីពលទ័ពទៅ ដ្បិតយើងមានរបួសជាទំងន់
34. នៅថ្ងៃនោះ ចំបាំងក៏កាន់តែខ្លាំងឡើង ប៉ុន្តែស្តេចអ៊ីស្រាអែលទ្រង់ផ្អែកអង្គ នៅក្នុងព្រះរាជរថទ្រង់ តស៊ូនឹងពួកស៊ីរី ដរាបដល់ល្ងាច លុះដល់ពេលប្រហែលជាថ្ងៃលិច នោះទ្រង់ក៏សុគតទៅ។