16. គាត់ទូលឆ្លើយថា ទូលបង្គំបានឃើញពួកអ៊ីស្រាអែលខ្ចាត់ខ្ចាយទៅ នៅលើភ្នំ ប្រៀបដូចជាហ្វូងចៀម ដែលគ្មានអ្នកគង្វាល ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅឯផ្ទះរៀងខ្លួនវិញ ដោយសេចក្ដីសុខចុះ
17. ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា តើទូលបង្គំមិនបានទូលដល់ទ្រង់ទេឬអីថា វាមិនដែលទាយល្អពីទូលបង្គំឡើយ គឺទាយតែអាក្រក់ម្យ៉ាងប៉ុណ្ណោះ
18. នោះមីកាយ៉ាទូលថា ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា ទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គទាំងខាងស្តាំ និងខាងឆ្វេងផង
19. ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើអ្នកណានឹងចង់ទៅ បបួលឲ្យអ័ហាប់ ជាស្តេចអ៊ីស្រាអែល ឡើងទៅច្បាំង ហើយដួលស្លាប់នៅត្រង់រ៉ាម៉ូត-កាឡាត ម្នាក់ក៏ថាយ៉ាងនេះ ម្នាក់ក៏ថាយ៉ាងនោះ
20. រួចមានវិញ្ញាណ១ចេញមក ឈរនៅចំពោះព្រះយេហូវ៉ាទូលថា ទូលបង្គំចង់ទៅ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា ចុះឯងនឹងធ្វើយ៉ាងណាទៅ
21. វិញ្ញាណនោះទូលថា ទូលបង្គំនឹងទៅធ្វើជាវិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរាទាំងប៉ុន្មានរបស់ស្តេច ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរចេញទៅធ្វើដូច្នោះចុះ ឯងនឹងបបួលវាឲ្យសំរេចបាន
22. ដូច្នេះ មើលឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ហើយព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូល សំដែងពីសេចក្ដីអន្តរាយ ដែលនឹងកើតដល់ព្រះករុណា។
23. លំដាប់នោះ សេដេគា ជាកូនក្នាណា ក៏ចូលទៅទះកំផ្លៀងមីកាយ៉ា សួរថា ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានចេញពីអញ ទៅមានព្រះបន្ទូលនឹងឯងតាមផ្លូវណា
24. នោះមីកាយ៉ាឆ្លើយថា ចាំមើល នៅថ្ងៃនោះ ឯងនឹងបានឃើញច្បាស់ ក្នុងកាលដែលឯងរត់ទៅ ពួននៅក្នុងបន្ទប់ខាងក្នុង