1. រួចយ៉ូសាផាត ជាព្រះរាជបុត្រា ឡើងសោយរាជ្យជំនួសព្រះបិតា ទ្រង់ក៏ចំរើនកំឡាំងឡើង ទាស់នឹងពួកអ៊ីស្រាអែល
2. ទ្រង់ដាក់ឲ្យមានពលទ័ព ក្នុងគ្រប់ទាំងក្រុងមានបន្ទាយរបស់ពួកយូដា ហើយក៏ដាក់ឲ្យមានក្រុមរក្សានៅស្រុកយូដា និងក្នុងទីក្រុងទាំងប៉ុន្មានរបស់ពួកអេប្រាអិមជាទីក្រុងដែលអេសាព្រះបិតាទ្រង់ចាប់យកបានដែរ
3. ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសាផាត ពីព្រោះស្តេចបានប្រព្រឹត្ត តាមអស់ទាំងផ្លូវដើមរបស់ដាវីឌ ជាអយ្យកោទ្រង់ ឥតរកតាមព្រះបាលឡើយ
4. គឺបានស្វែងរកតាមតែព្រះនៃពួកអយ្យកោទ្រង់ ហើយប្រព្រឹត្តតាមបញ្ញត្តទ្រង់វិញ ឥតធ្វើតាមអំពើរបស់សាសន៍អ៊ីស្រាអែលឡើយ
5. ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់តាំងរាជ្យ ឲ្យមាំមួនក្នុងអំណាចយ៉ូសាផាត ហើយពួកយូដាទាំងអស់គ្នាក៏នាំយកគ្រឿងបណ្តាការមកថ្វាយស្តេច ទ្រង់មានព្រះរាជទ្រព្យ និងកិត្តិយសជាបរិបូរ
6. ព្រះទ័យទ្រង់បានតាំងឡើង ក្នុងអស់ទាំងផ្លូវនៃព្រះយេហូវ៉ា មួយទៀត ទ្រង់ក៏បំបាត់អស់ទាំងទីខ្ពស់ និងរូបព្រះចេញពីស្រុកយូដាទៅ។
7. នៅឆ្នាំទី៣ ក្នុងរាជ្យទ្រង់ នោះទ្រង់ចាត់ពួកអ្នកដែលជាប្រធានរបស់ទ្រង់ គឺបេន-ហែល និងអូបាឌា សាការី នេថានេល ហើយមីកាយ៉ា ឲ្យទៅបង្ហាត់បង្រៀនក្នុងអស់ទាំងទីក្រុងនៅស្រុកយូដា