1. រួចយ៉ូសាផាត ជាព្រះរាជបុត្រា ឡើងសោយរាជ្យជំនួសព្រះបិតា ទ្រង់ក៏ចំរើនកំឡាំងឡើង ទាស់នឹងពួកអ៊ីស្រាអែល
2. ទ្រង់ដាក់ឲ្យមានពលទ័ព ក្នុងគ្រប់ទាំងក្រុងមានបន្ទាយរបស់ពួកយូដា ហើយក៏ដាក់ឲ្យមានក្រុមរក្សានៅស្រុកយូដា និងក្នុងទីក្រុងទាំងប៉ុន្មានរបស់ពួកអេប្រាអិមជាទីក្រុងដែលអេសាព្រះបិតាទ្រង់ចាប់យកបានដែរ
3. ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសាផាត ពីព្រោះស្តេចបានប្រព្រឹត្ត តាមអស់ទាំងផ្លូវដើមរបស់ដាវីឌ ជាអយ្យកោទ្រង់ ឥតរកតាមព្រះបាលឡើយ
4. គឺបានស្វែងរកតាមតែព្រះនៃពួកអយ្យកោទ្រង់ ហើយប្រព្រឹត្តតាមបញ្ញត្តទ្រង់វិញ ឥតធ្វើតាមអំពើរបស់សាសន៍អ៊ីស្រាអែលឡើយ
5. ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់តាំងរាជ្យ ឲ្យមាំមួនក្នុងអំណាចយ៉ូសាផាត ហើយពួកយូដាទាំងអស់គ្នាក៏នាំយកគ្រឿងបណ្តាការមកថ្វាយស្តេច ទ្រង់មានព្រះរាជទ្រព្យ និងកិត្តិយសជាបរិបូរ
6. ព្រះទ័យទ្រង់បានតាំងឡើង ក្នុងអស់ទាំងផ្លូវនៃព្រះយេហូវ៉ា មួយទៀត ទ្រង់ក៏បំបាត់អស់ទាំងទីខ្ពស់ និងរូបព្រះចេញពីស្រុកយូដាទៅ។
7. នៅឆ្នាំទី៣ ក្នុងរាជ្យទ្រង់ នោះទ្រង់ចាត់ពួកអ្នកដែលជាប្រធានរបស់ទ្រង់ គឺបេន-ហែល និងអូបាឌា សាការី នេថានេល ហើយមីកាយ៉ា ឲ្យទៅបង្ហាត់បង្រៀនក្នុងអស់ទាំងទីក្រុងនៅស្រុកយូដា
8. ព្រមទាំងពួកលេវីឲ្យទៅជាមួយដែរ គឺសេម៉ាយ៉ា នេថានា សេបាឌា អេសាអែល សេមីរ៉ាម៉ូត យ៉ូណាថាន អ័ដូនីយ៉ា ថូប៊ីយ៉ា និងថូប-អ័ដូនីយ៉ា ដែលសុទ្ធតែពួកលេវី និងអេលីសាម៉ា ហើយយ៉ូរ៉ាម ជាពួកសង្ឃ ឲ្យទៅជាមួយនឹងគេ
9. ពួកអ្នកទាំងនោះ ក៏បង្ហាត់បង្រៀននៅស្រុកយូដា មានទាំងគម្ពីរក្រឹត្យវិន័យនៃព្រះយេហូវ៉ា នៅជាមួយផង គេនាំគ្នាដើរចុះឡើង ដល់គ្រប់ទីក្រុងនៅស្រុកយូដា បង្រៀនដល់បណ្តាជន។
10. សេចក្ដីស្ញែងខ្លាច របស់ព្រះយេហូវ៉ា ក៏មកគ្របសង្កត់លើអស់ទាំងនគរ នៅជុំវិញស្រុកយូដា ហើយគេមិនហ៊ានលើកគ្នាមកច្បាំងនឹងយ៉ូសាផាតទេ
11. មានពួកភីលីស្ទីនខ្លះ នាំយកគ្រឿងបណ្តាការមកថ្វាយយ៉ូសាផាតព្រមទាំងប្រាក់ទុកជាសួយអាករផង ឯពួកអារ៉ាប់ គេក៏នាំយកហ្វូងសត្វមកថ្វាយដែរ គឺចៀមឈ្មោល៧ពាន់៧រយ និងពពែឈ្មោល៧ពាន់៧រយ
12. យ៉ូសាផាតទ្រង់បានចំរើនឡើងជាធំក្រៃលែង ទ្រង់ក៏សង់ដំណាក់ និងទីក្រុងសំរាប់ជាឃ្លាំងទាំងប៉ុន្មាននៅស្រុកយូដា
13. ទ្រង់មានក្រសួងការងារជាច្រើន នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយមានមនុស្សថ្នឹកចំបាំង និងមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាននៅក្រុងយេរូសាឡិម
14. តាមជំនួរវង្សរបស់ឪពុកគេ នោះមានចំនួនដូចខាងក្រោមនេះ គឺខាងពួកយូដា ក្នុងពួកមេទ័ពធំ មានអ័ឌណា ជាមេ នៅក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាន៣សែននាក់
15. បន្ទាប់មកមានយ៉ូហាណានជាមេ នៅក្រោមបង្គាប់លោកមាន២សែន៨ម៉ឺននាក់
16. បន្ទាប់មកទៀត មានអ័ម៉ាស៊ីយ៉ា ជាកូនស៊ីកគ្រី ដែលបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត ហើយក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានចំនួន២សែននាក់