1. គ្រានោះ ព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើអ័សារា ជាកូនអូដេឌ
2. ហើយលោកចេញទៅទទួលអេសាទូលថា បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយនឹងព្រះយេហូវ៉ា នោះទ្រង់ក៏គង់ជាមួយនឹងអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកទ្រង់ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលទ្រង់វិញ ទ្រង់ក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ
3. រីឯនៅគ្រានោះ ពួកអ៊ីស្រាអែលឥតមានព្រះដ៏ជាពិតទេ ក៏គ្មានពួកសង្ឃដែលបង្ហាត់បង្រៀន ហើយគ្មានក្រឹត្យវិន័យដែរ នៅអស់កាលជាយូរមកហើយ
4. តែកាលកើតមានសេចក្ដីវេទនានោះ ហើយគេបានវិលមកឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ ព្រមទាំងស្វែងរកទ្រង់ផង នោះក៏រកទ្រង់ឃើញ
5. នៅអស់ទាំងគ្រានោះ គ្មានសេចក្ដីសុខដល់អ្នកណា ដែលចេញចូលទៅឯណាឡើយ គឺមានសុទ្ធតែសេចក្ដីប្រទូសរ៉ាយជាខ្លាំង ដល់អស់អ្នកនៅក្នុងស្រុកទាំងនោះវិញ