3. មានទាំងរទេះចំបាំង១ពាន់២០០ និងពលសេះ៦ម៉ឺននាក់ ឯពលទាហាន ដែលចេញពីស្រុកអេស៊ីព្ទមកជាមួយនឹងទ្រង់ គឺជាពួកសាសន៍លីប៊ី សាសន៍ស៊ូគី និងសាសន៍អេធីអូពី នោះរាប់មិនបានឡើយ
4. ទ្រង់វាយយកបានអស់ទាំងទីក្រុងមានបន្ទាយនៅស្រុកយូដា ហើយក៏ឡើងទៅត្រឹមក្រុងយេរូសាឡិមទៀត
5. គ្រានោះ ហោរាសេម៉ាយ៉ា ក៏មកឯរេហូបោម និងពួកមេសាសន៍យូដា ដែលបានមូលគ្នានៅក្រុងយេរូសាឡិម ដោយព្រោះស៊ីសាក លោកមានវាចាថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាបានបោះបង់ចោលអញ ហេតុនោះបានជាអញទុកឯងរាល់គ្នាចោល នៅក្នុងកណ្តាប់ដៃនៃស៊ីសាក
6. ដូច្នេះ ពួកមេនៃសាសន៍អ៊ីស្រាអែល និងស្តេច ក៏បន្ទាបខ្លួនចុះពោលថា ព្រះយេហូវ៉ាទ្រង់សុចរិត
7. រួចកាលព្រះយេហូវ៉ាទ្រង់ឃើញថា គេបន្ទាបខ្លួនដូច្នោះ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់សេម៉ាយ៉ាថា គេបានបន្ទាបខ្លួនហើយ ដូច្នេះ អញនឹងមិនបំផ្លាញគេទេ តែបន្តិចទៀតអញនឹងប្រោសឲ្យគេរួច ហើយអញមិនចាក់សេចក្ដីក្រោធរបស់អញ ទៅលើក្រុងយេរូសាឡិម ដោយសារដៃស៊ីសាកឡើយ
8. ប៉ុន្តែគេនឹងត្រូវចំណុះទ្រង់វិញ ដើម្បីឲ្យគេអាចនឹងផ្ទឹមការបំរើដល់អញ និងការបំរើដល់នគរដទៃឲ្យដឹង។
9. ដូច្នេះ ស៊ីសាក ជាស្តេចអេស៊ីព្ទ ទ្រង់ឡើងមកទាស់នឹងក្រុងយេរូសាឡិម ក៏យកបានអស់ទាំងទ្រព្យវិសេសក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជទ្រព្យ ដែលនៅក្នុងដំណាក់ស្តេចអស់រលីងទៅ ព្រមទាំងខែលមាសទាំងប៉ុន្មាន ដែលសាឡូម៉ូនបានធ្វើផង
10. រួចស្តេចរេហូបោមទ្រង់ធ្វើខែលលង្ហិនជំនួសវិញ ហើយប្រគល់ទុកនៅដៃនៃពួកមេទ័ពរក្សាអង្គ ដែលចាំមាត់ទ្វារដំណាក់ស្តេច
11. នៅវេលាណាដែលស្តេចទ្រង់យាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកទ័ពរក្សាអង្គ ក៏កាន់ខែលទាំងនោះមក រួចយកទៅទុកក្នុងបន្ទប់នៃពួកទ័ពរក្សាអង្គវិញ
12. នៅគ្រាដែលទ្រង់បានបន្ទាបអង្គ នោះសេចក្ដីក្រោធនៃព្រះយេហូវ៉ាក៏ងាកបែរចេញពីទ្រង់ទៅ ប្រយោជន៍មិនឲ្យទ្រង់ត្រូវវិនាសអស់រលីងឡើយ ហើយ១ទៀត ក្នុងស្រុកយូដាក៏នៅមានសេចក្ដីល្អខ្លះដែរ។
13. ស្តេចរេហូបោមទ្រង់ចំរើនកំឡាំងឡើង នៅក្រុងយេរូសាឡិម ហើយក៏សោយរាជ្យតទៅ កាលរេហូបោមចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៤១ឆ្នាំហើយក៏សោយរាជ្យបាន១៧ឆ្នាំនៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើស ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងទុកព្រះនាមទ្រង់ ឯព្រះមាតាទ្រង់ព្រះនាមជា ន៉ាអាម៉ា ជាសាសន៍អាំម៉ូន
14. ស្តេចទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ពីព្រោះទ្រង់មិនបានតាំងព្រះទ័យស្វែងរកព្រះយេហូវ៉ាឡើយ។
15. រីឯដំណើរទាំងប៉ុន្មាន ពីរេហូបោម ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងពង្សាវតារ ដែលហោរាសេម៉ាយ៉ា និងអ៊ីដោ ជាអ្នកមើលឆុត បានតែងតាមរបៀបរឿងរ៉ាវតៗមកហើយ ចំណែករេហូបោម និងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាជានិច្ច