1. កាលរាជ្យរបស់រេហូបោមបានមាំមួន ហើយទ្រង់មានអំណាចឡើង នោះទ្រង់ និងពួកអ៊ីស្រាអែលទាំងអស់ ក៏បោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាចេញ
2. រួចដល់ឆ្នាំទី៥ ក្នុងរាជ្យស្តេចរេហូបោម នោះស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្នុងយេរូសាឡិមដោយព្រោះគេបានប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា
3. មានទាំងរទេះចំបាំង១ពាន់២០០ និងពលសេះ៦ម៉ឺននាក់ ឯពលទាហាន ដែលចេញពីស្រុកអេស៊ីព្ទមកជាមួយនឹងទ្រង់ គឺជាពួកសាសន៍លីប៊ី សាសន៍ស៊ូគី និងសាសន៍អេធីអូពី នោះរាប់មិនបានឡើយ
4. ទ្រង់វាយយកបានអស់ទាំងទីក្រុងមានបន្ទាយនៅស្រុកយូដា ហើយក៏ឡើងទៅត្រឹមក្រុងយេរូសាឡិមទៀត
5. គ្រានោះ ហោរាសេម៉ាយ៉ា ក៏មកឯរេហូបោម និងពួកមេសាសន៍យូដា ដែលបានមូលគ្នានៅក្រុងយេរូសាឡិម ដោយព្រោះស៊ីសាក លោកមានវាចាថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាបានបោះបង់ចោលអញ ហេតុនោះបានជាអញទុកឯងរាល់គ្នាចោល នៅក្នុងកណ្តាប់ដៃនៃស៊ីសាក
6. ដូច្នេះ ពួកមេនៃសាសន៍អ៊ីស្រាអែល និងស្តេច ក៏បន្ទាបខ្លួនចុះពោលថា ព្រះយេហូវ៉ាទ្រង់សុចរិត
7. រួចកាលព្រះយេហូវ៉ាទ្រង់ឃើញថា គេបន្ទាបខ្លួនដូច្នោះ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់សេម៉ាយ៉ាថា គេបានបន្ទាបខ្លួនហើយ ដូច្នេះ អញនឹងមិនបំផ្លាញគេទេ តែបន្តិចទៀតអញនឹងប្រោសឲ្យគេរួច ហើយអញមិនចាក់សេចក្ដីក្រោធរបស់អញ ទៅលើក្រុងយេរូសាឡិម ដោយសារដៃស៊ីសាកឡើយ
8. ប៉ុន្តែគេនឹងត្រូវចំណុះទ្រង់វិញ ដើម្បីឲ្យគេអាចនឹងផ្ទឹមការបំរើដល់អញ និងការបំរើដល់នគរដទៃឲ្យដឹង។
9. ដូច្នេះ ស៊ីសាក ជាស្តេចអេស៊ីព្ទ ទ្រង់ឡើងមកទាស់នឹងក្រុងយេរូសាឡិម ក៏យកបានអស់ទាំងទ្រព្យវិសេសក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជទ្រព្យ ដែលនៅក្នុងដំណាក់ស្តេចអស់រលីងទៅ ព្រមទាំងខែលមាសទាំងប៉ុន្មាន ដែលសាឡូម៉ូនបានធ្វើផង