8. ដ្បិតជំនួរវង្សរបស់អ័ហាប់ ត្រូវវិនាសទៅអស់រលីង ហើយអញនឹងកាត់កាល់អស់ទាំងកូនប្រុសៗពីអ័ហាប់ចេញ ទោះទាំងអ្នកដែលបិទបាំងទុក និងពួកអ្នកឥតចំណងក្នុងសាសន៍អ៊ីស្រាអែលផង
9. អញនឹងធ្វើឲ្យជំនួរវង្សអ័ហាប់បានដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សនៃប្អាសា ជាកូនអ័ហ៊ីយ៉ាដែរ
10. ឆ្កែនឹងទំពាស៊ីយេសិបិល នៅតំបន់១ ក្នុងក្រុងយេសរាល ឥតមានអ្នកណាកប់នាងឡើយ រួចហើយគាត់ក៏បើកទ្វាររត់ចេញទៅ។
11. បន្ទាប់នោះ យេហ៊ូវក៏ចេញមកឯពួកមេទ័ពរបស់ចៅហ្វាយលោក មានម្នាក់សួរថា តើស្រួលបួលទេឬមនុស្សចំកួតនេះមករកលោកធ្វើអី លោកឆ្លើយថា លោករាល់គ្នាស្គាល់មនុស្សនោះនឹងរឿងគេហើយ
12. តែពួកនោះឆ្លើយឡើងថា នេះភរទេ សូមប្រាប់យើងឲ្យត្រង់មក លោកក៏ប្រាប់ថា អ្នកនោះបាននិយាយប្រាប់ខ្ញុំយ៉ាងនេះមួយៗដោយពាក្យថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើង ជាស្តេចលើស្រុកអ៊ីស្រាអែលហើយ
13. ដូច្នេះ គេក៏ប្រញាប់ប្រញាល់នឹងយកអាវរបស់គេរៀងខ្លួន ដាក់ឲ្យលោកអង្គុយនៅត្រង់ក្បាលជណ្តើររួចផ្លុំត្រែឡើងថា យេហ៊ូវជាស្តេចហើយ។
14. ដូច្នេះ យេហ៊ូវ ជាកូនយេហូសាផាត ដែលជាកូននីមស៊ី លោកក៏គិតក្បត់នឹងយ៉ូរ៉ាម (រីឯយ៉ូរ៉ាម និងពួកទ័ពអ៊ីស្រាអែលទាំងប៉ុន្មាន គេកំពុងតែការពាររក្សាក្រុងរ៉ាម៉ូត-កាឡាត ដោយព្រោះហាសែល ជាស្តេចស្រុកស៊ីរី
15. តែស្តេចយ៉ូរ៉ាមទ្រង់បានវិលទៅឯយេសរាល ដើម្បីរក្សារបួសដែលពួកស៊ីរីបានធ្វើ ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលជាស្តេចស៊ីរីនោះ) នោះយេហ៊ូវពោលថា បើអ្នករាល់គ្នាពេញចិត្តដូច្នេះហើយ នោះកុំឲ្យអ្នកណាចេញរួចពីទីក្រុងនេះ នាំដំណឹងទៅប្រាប់ក្នុងក្រុងយេសរាលឡើយ
16. យេហ៊ូវក៏ឡើងជិះរថទៅឯយេសរាល ដ្បិតយ៉ូរ៉ាមទ្រង់ផ្ទំប្រឈួននៅទីនោះ ហើយអ័ហាស៊ីយ៉ា ជាស្តេចយូដា បានយាងចុះមកសួរ។
17. មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា ខ្ញុំឃើញមនុស្ស១ពួកមក យ៉ូរ៉ាមក៏បង្គាប់ថា ចូរដំរូវទ័ពសេះម្នាក់ទ័ពសេះម្នាក់ចាត់ឲ្យទៅជួបនឹងគេសួរថា តើមកដោយមេត្រីឬ