13. ដូច្នេះ គេក៏ប្រញាប់ប្រញាល់នឹងយកអាវរបស់គេរៀងខ្លួន ដាក់ឲ្យលោកអង្គុយនៅត្រង់ក្បាលជណ្តើររួចផ្លុំត្រែឡើងថា យេហ៊ូវជាស្តេចហើយ។
14. ដូច្នេះ យេហ៊ូវ ជាកូនយេហូសាផាត ដែលជាកូននីមស៊ី លោកក៏គិតក្បត់នឹងយ៉ូរ៉ាម (រីឯយ៉ូរ៉ាម និងពួកទ័ពអ៊ីស្រាអែលទាំងប៉ុន្មាន គេកំពុងតែការពាររក្សាក្រុងរ៉ាម៉ូត-កាឡាត ដោយព្រោះហាសែល ជាស្តេចស្រុកស៊ីរី
15. តែស្តេចយ៉ូរ៉ាមទ្រង់បានវិលទៅឯយេសរាល ដើម្បីរក្សារបួសដែលពួកស៊ីរីបានធ្វើ ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលជាស្តេចស៊ីរីនោះ) នោះយេហ៊ូវពោលថា បើអ្នករាល់គ្នាពេញចិត្តដូច្នេះហើយ នោះកុំឲ្យអ្នកណាចេញរួចពីទីក្រុងនេះ នាំដំណឹងទៅប្រាប់ក្នុងក្រុងយេសរាលឡើយ
16. យេហ៊ូវក៏ឡើងជិះរថទៅឯយេសរាល ដ្បិតយ៉ូរ៉ាមទ្រង់ផ្ទំប្រឈួននៅទីនោះ ហើយអ័ហាស៊ីយ៉ា ជាស្តេចយូដា បានយាងចុះមកសួរ។
17. មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា ខ្ញុំឃើញមនុស្ស១ពួកមក យ៉ូរ៉ាមក៏បង្គាប់ថា ចូរដំរូវទ័ពសេះម្នាក់ទ័ពសេះម្នាក់ចាត់ឲ្យទៅជួបនឹងគេសួរថា តើមកដោយមេត្រីឬ
18. ដូច្នេះទ័ពសេះម្នាក់នោះ ក៏ចេញទៅជួបនឹងគេ ប្រាប់ថា ស្តេចទ្រង់មានព្រះបន្ទូលសួរដូច្នេះ តើមកដោយមេត្រីឬ តែយេហ៊ូវតបថា តើឯងត្រូវការអ្វីនឹងសេចក្តីមេត្រីនោះ ចូរថយទៅខាងក្រោយយើងទៅ អ្នកចាំយាមក៏ប្រាប់ថា អ្នកដែលចាត់ទៅនោះ បានទៅដល់គេហើយ តែមិនមកវិញសោះ
19. នោះទ្រង់ក៏ចាត់ម្នាក់ទៀតឲ្យជិះសេះទៅ អ្នកនោះបានទៅដល់គេប្រាប់ថា ស្តេចទ្រង់មានព្រះបន្ទូលសួរដូច្នេះថា តើមកដោយមេត្រីឬ តែយេហ៊ូវឆ្លើយតបថា តើឯងត្រូវការអ្វីនឹងសេចក្តីមេត្រីនោះ ចូរថយទៅខាងក្រោយយើងទៅ
20. ដូច្នេះ អ្នកចាំយាមប្រាប់ថា អ្នកនោះបានទៅដល់គេហើយ តែមិនមកវិញសោះ ឯភាពដែលបររថ នោះមើលទៅដូចជាយេហ៊ូវ ជាកូននីមស៊ី ដ្បិតគេបរមកយ៉ាងលឿនអាក្រក់ណាស់។
21. នោះយ៉ូរ៉ាមបង្គាប់ថា ចូររៀបចំឡើង គេក៏ទឹមព្រះរាជរថថ្វាយទ្រង់ រួចយ៉ូរ៉ាម ជាស្តេចអ៊ីស្រាអែល និងអ័ហាស៊ីយ៉ា ជាស្តេចយូដា ទ្រង់គង់នៅរថ១រៀងអង្គ ចេញទៅជួបនឹងយេហ៊ូវ បានប្រទះគ្នានៅត្រង់តំបន់របស់ណាបោត ជាអ្នកស្រុកយេសរាល
22. កាលយ៉ូរ៉ាមទ្រង់ឃើញយេហ៊ូវ នោះទ្រង់មានព្រះបន្ទូលសួរថា យេហ៊ូវអើយ តើអ្នកមកដោយមេត្រីឬ លោកឆ្លើយតបថា កំពុងដែលមានសេចក្តីកំផិត និងមន្តអាគមរបស់យេសិបិល ជាមាតាទ្រង់ជាច្រើនម៉្លេះ នោះតើនឹងមានសេចក្តីមេត្រីឯណាបាន
23. ដូច្នេះ យ៉ូរ៉ាមក៏ញាក់បង្ហៀររត់ទៅ ដោយព្រះបន្ទូលនឹងអ័ហាស៊ីយ៉ាថា អ័ហាស៊ីយ៉ាអើយ នេះជាការក្បត់ទេ
24. យេហ៊ូវក៏យឹតធ្នូពេញកំឡាំង បាញ់ទៅត្រូវទីកណ្តាលខ្នងយ៉ូរ៉ាម ព្រួញក៏ត្រូវត្រង់បេះដូងទ្រង់ ចេញមកខាងក្រៅ ហើយទ្រង់ស្រុតចុះ នៅក្នុងព្រះរាជរថ
25. នោះយេហ៊ូវបង្គាប់ទៅប៊ីឌការ ជាមេទ័ពលោកថា ចូរលើកវាបោះចោលទៅក្នុងតំបន់ របស់ចំការណាបោត ជាអ្នកស្រុកយេសរាលទៅ ដ្បិតត្រូវឲ្យនឹកចាំពីកាលដែលខ្ញុំ និងអ្នកបានជិះសេះទៅតាមអ័ហាប់ជាបិតាវា នោះព្រះយេហូវ៉ាបានមានព្រះបន្ទូលសេចក្តីនេះចំលើរូបវាថា
26. ប្រាកដមែន ម្សិលមិញ អញបានឃើញឈាមរបស់ណាបោត និងឈាមរបស់កូនប្រុសវា ដូច្នេះ អញនឹងសងឯងនៅក្នុងចំការនេះឯង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះចូរលើកវាបោះចោលទៅក្នុងចំការនេះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។
27. កាលអ័ហាស៊ីយ៉ា ជាស្តេចយូដា បានឃើញការដូច្នោះ នោះទ្រង់ក៏រត់ទៅតាមច្បារ តែយេហ៊ូវដេញតាមដោយបង្គាប់គេថា ចូរវាយសំឡាប់វានៅលើរទេះតែម្តងទៅ ដូច្នេះ គេក៏វាយទ្រង់ត្រង់ផ្លូវឡើងទៅឯគើរ ជិតក្រុងយីបលាម តែទ្រង់រត់ទៅដល់ក្រុងមេគីដោ ហើយសុគតនៅទីនោះ
28. ពួកអ្នកបំរើទ្រង់ ក៏ដឹកនាំសពទៅឯក្រុងយេរូសាឡិម បញ្ចុះក្នុងផ្នូររបស់ទ្រង់ នៅជាមួយនឹងពួកអយ្យកោទ្រង់ ក្នុងក្រុងដាវីឌទៅ។
29. ឯអ័ហាស៊ីយ៉ាបានចាប់តាំងសោយរាជ្យលើស្រុកយូដា ក្នុងឆ្នាំទី១១ នៃរាជ្យយ៉ូរ៉ាមជាបុត្រអ័ហាប់។
30. កាលយេហ៊ូវបានទៅដល់យេសរាលហើយ នោះយេសិបិលក៏ឮ ហើយព្រះនាងក៏ផាត់រង្វង់ភ្នែក នឹងតែងព្រះកេសា រួចទតមើលតាមបង្អួចមក