5. កាលគាត់កំពុងតែថ្លែងទូលស្តេចពីរឿង ដែលលោកបានធ្វើឲ្យកូន ដែលស្លាប់បានរស់ឡើងវិញ នោះមើល ស្ត្រីនោះឯងដែលលោកបានធ្វើឲ្យកូននាងរស់ឡើងវិញ ក៏មកថ្លែងទុក្ខដល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង និងស្រែចំការរបស់នាងមកវិញ កេហាស៊ីក៏ទូលថា បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ គឺស្ត្រីនេះឯង ហើយនេះគឺកូននាង ដែលអេលីសេបានធ្វើឲ្យរស់ឡើងវិញនោះ
6. កាលស្តេចបានសួរដល់ស្ត្រីនោះ នាងក៏ទូលបញ្ជាក់ដល់ទ្រង់ ដូច្នេះ ស្តេចទ្រង់ដំរូវពួករាជការម្នាក់សំរាប់ជួយនាង ដោយបង្គាប់ថា ចូរប្រគល់របស់ទ្រព្យទាំងប៉ុន្មានរបស់នាងទៅនាងវិញ ព្រមទាំងផលដែលកើតពីស្រែចំការរបស់នាង ចាប់តាំងពីថ្ងៃដែលនាងចេញពីស្រុក ដរាបដល់សព្វថ្ងៃនេះផង។
7. ឯអេលីសេ លោកបានទៅឯក្រុងដាម៉ាស នៅគ្រានោះបេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រឈួន មានគេទូលទ្រង់ថា មើល អ្នកសំណប់របស់ព្រះបានមកទីនេះហើយ
8. ដូច្នេះ ស្តេចទ្រង់បង្គាប់ដល់ហាសែលថា សូមនាំយកជំនូននៅដៃ ចេញទៅជួបនឹងអ្នកសំណប់របស់ព្រះ ហើយសួរដល់ព្រះយេហូវ៉ា ដោយសារលោកថា តើយើងនឹងបានជាពីជំងឺនេះឬទេ
9. ដូច្នេះ ហាសែលក៏យកជំនូនជារបស់ប្រសើរនៅក្រុងដាម៉ាសគ្រប់មុខ ល្មមផ្ទុកលើសត្វអូដ្ឋ៤០ចេញទៅ ដើម្បីជួបនឹងលោក ក៏ទៅឈរនៅមុខលោកជំរាបថា បេន-ហាដាឌ់ ជាកូនលោក ដែលជាស្តេចស្រុកស៊ីរី ទ្រង់បានចាត់ឲ្យខ្ញុំមកសួរលោកថា តើទ្រង់នឹងបានជាពីជំងឺនោះឬទេ
10. អេលីសេក៏តបថា ចូរទៅទូលទ្រង់វិញថា នឹងបានជាៗពិត ប៉ុន្តែព្រះយេហូវ៉ាបានសំដែងឲ្យខ្ញុំដឹងជាក់ថា ទ្រង់ត្រូវស្លាប់ជាប្រាកដវិញ
11. នោះអ្នកសំណប់របស់ព្រះក៏ផ្តោតភ្នែក សំឡឹងមើលមុខ ហាសែល ទាល់តែខ្មាស រួចលោកក៏យំ
12. នោះហាសែលសួរលោកថា ហេតុអ្វីបានជាលោកម្ចាស់យំដូច្នេះ លោកឆ្លើយថា ពីព្រោះខ្ញុំដឹងពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនឹងធ្វើដល់ពួកកូនចៅអ៊ីស្រាអែល គឺទីមាំមួនរបស់គេ នោះអ្នកនឹងដុតចោល ពួកកំឡោះៗរបស់គេ អ្នកនឹងសំឡាប់ដោយដាវ អស់ទាំងកូនតូចៗរបស់គេ អ្នកនឹងបោកសំឡាប់ចោល ហើយពួកស្រីៗមានទំងន់ នោះអ្នកនឹងវះពោះគេ
13. នោះហាសែលឆ្លើយតបថា ខ្ញុំប្របាទ ដែលទុកដូចជាឆ្កែ តើជាអ្វីដែលនឹងធ្វើការយ៉ាងធំនេះបាន តែអេលីសេឆ្លើយថា ព្រះយេហូវ៉ាទ្រង់បានសំដែងឲ្យខ្ញុំដឹងថា អ្នកនឹងបានធ្វើជាស្តេចលើស្រុកស៊ីរី
14. លោកក៏ចេញពីអេលីសេ ត្រឡប់ទៅឯចៅហ្វាយវិញ ដល់ហើយទ្រង់សួរថា តើអេលីសេបានប្រាប់អ្នកយ៉ាងដូចម្តេច រួចលោកទូលទ្រង់ថា លោកបានប្រាប់ទូលបង្គំថា ទ្រង់នឹងបានជាៗពិត
15. ដល់ថ្ងៃស្អែកឡើង ហាសែលបានយកផួយមួយជ្រលក់ទឹក ទៅខ្ទប់ព្រះភក្ត្រនៃស្តេច ឲ្យទ្រង់សុគតទៅ រួចហាសែលបានសោយរាជ្យឡើងជំនួសទ្រង់។