16. នៅឆ្នាំទី៥ ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ ស្តេចស្រុកអ៊ីស្រាអែល កំពុងដែលយ៉ូសាផាតសោយរាជ្យលើស្រុកយូដា នោះយ៉ូរ៉ាម ជាបុត្រយ៉ូសាផាត ក៏ចាប់តាំងសោយរាជ្យឡើង
17. កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៣២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៨ឆ្នាំ
18. ទ្រង់បានដើរតាមផ្លូវនៃពួកស្តេចអ៊ីស្រាអែល ដូចជាជំនួរវង្សអ័ហាប់ដែរ ពីព្រោះទ្រង់បានយកបុត្រីរបស់អ័ហាប់ ធ្វើជាភរិយា ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា
19. ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញពួកយូដាទេ ដោយយល់ដល់ដាវីឌ ជាអ្នកបំរើទ្រង់ ដូចជាបានសន្យាដល់ទ្រង់ថា នឹងប្រោសប្រទានឲ្យទ្រង់មានចង្កៀង១ភ្លឺ សំរាប់ពួកជំនួរវង្សរបស់ទ្រង់តទៅ។
20. នៅក្នុងរាជ្យយ៉ូរ៉ាម នោះសាសន៍អេដំមបានបះបោរដោះខ្លួន ពីក្នុងកណ្តាប់ដៃនៃសាសន៍យូដា ហើយក៏តាំងស្តេច១អង្គ ឲ្យសោយរាជ្យលើខ្លួនគេ
21. គ្រានោះ យ៉ូរ៉ាមទ្រង់យាងទៅឯក្រុងសាអ៊ារ នាំទាំងរទេះចំបាំងទាំងអស់ទៅជាមួយផង ក៏លើកគ្នាទាំងយប់ទៅវាយពួកអេដំម ដែលឡោមព័ទ្ធទ្រង់ ព្រមទាំងពួកមេទ័ពរបស់រទេះចំបាំងផង ហើយបណ្តាទ័ពទាំងឡាយ ក៏រត់ទៅឯទីលំនៅរបស់គេវិញ
22. ប៉ុន្តែ សាសន៍អេដំមគេបះបោរ ដោះខ្លួនពីអំណាចនៃពួកយូដា ដរាបដល់សព្វថ្ងៃនេះ នៅគ្រានោះឯង ក្រុងលិបណាក៏បះបោរដែរ
23. រីឯដំណើរឯទៀតពីយ៉ូរ៉ាម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
24. យ៉ូរ៉ាមក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះទ្រង់ នៅក្នុងក្រុងដាវីឌ ជាមួយនឹងពួកអយ្យកោទ្រង់ទៅ រួចអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
25. នៅឆ្នាំទី១២ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ស្តេចអ៊ីស្រាអែល នោះអ័ហាស៊ីយ៉ា ជាបុត្រយ៉ូរ៉ាមស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
26. កាលអ័ហាស៊ីយ៉ាចាប់តាំងសោយរាជ្យ នោះមានព្រះជន្ម២២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១ឆ្នាំ មាតាទ្រង់ព្រះនាមជា អ័ថាលា ជាបុត្រីអំរី ដែលបានធ្វើជាស្តេចអ៊ីស្រាអែល