19. ហើយអេលីសេប្រាប់គេថា មិនមែនផ្លូវនេះ ហើយមិនមែនទីក្រុងនេះដែរ សូមមកតាមខ្ញុំចុះ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅឯមនុស្ស ដែលត្រូវរកនោះ តែលោកនាំគេទៅឯក្រុងសាម៉ារីវិញ។
20. លុះគេបានចូលទៅក្នុងក្រុងសាម៉ារីហើយ នោះអេលីសេអធិស្ឋានថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើឲ្យភ្នែកមនុស្សទាំងនេះបានភ្លឺឡើង ដើម្បីឲ្យមើលឃើញវិញ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសប្រទានឲ្យភ្នែកគេបានភ្លឺឡើងវិញ ឲ្យគេបានមើលឃើញ នោះក៏ឃើញថា គេនៅកណ្តាលក្រុងសាម៉ារីហើយ
21. កាលស្តេចអ៊ីស្រាអែលបានឃើញគេ នោះទ្រង់មានព្រះបន្ទូលសួរអេលីសេថា លោកឪពុកអើយ តើត្រូវឲ្យប្រហារជីវិតគេ តើត្រូវសំឡាប់គេឬអី
22. លោកទូលឆ្លើយថា មិនត្រូវប្រហារគេទេ តើនឹងវាយសំឡាប់ពួកឈ្លើយ ដែលចាប់ក្នុងការសង្គ្រាមឬអី សូមដាក់នំបុ័ង និងទឹកមក នៅមុខគេឲ្យបរិភោគវិញ រួចឲ្យត្រឡប់ទៅឯចៅហ្វាយគេទៅ
23. ដូច្នេះ ស្តេចក៏ចាត់ចែងភោជនាហារយ៉ាងច្រើនឲ្យគេ កាលគេបានបរិភោគរួចហើយ នោះទ្រង់លែងឲ្យទៅវិញ ហើយគេវិលត្រឡប់ទៅឯចៅហ្វាយខ្លួនទៅ ឯសាសន៍ស៊ីរីក៏លែងទន្ទ្រានចូលក្នុងស្រុកអ៊ីស្រាអែលដោយពួកៗទៀត។
24. ក្រោយនោះមក បេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរីទ្រង់ក៏ប្រមូលកងទ័ពទាំងអស់ លើកឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី
25. ដូច្នេះ នៅក្រុងសាម៉ារីមានអំណត់អត់ជាខ្លាំង ពួកស៊ីរីឡោមព័ទ្ធច្បាំងនឹងទីក្រុងនោះទាល់តែក្បាលលា១លក់ថ្លៃ៨០រៀល ហើយអាចម៍ព្រាប១កំប៉ុងលក់ថ្លៃ៥រៀល
26. គ្រានោះ កាលស្តេចអ៊ីស្រាអែលទ្រង់កំពុងតែយាងនៅលើកំផែងក្រុង នោះមានស្ត្រីម្នាក់ស្រែកទូលទ្រង់ថា បពិត្រព្រះករុណា ជាព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង
27. តែទ្រង់មានព្រះបន្ទូលតបថា បើព្រះយេហូវ៉ាមិនជួយអ្នកទេ នោះធ្វើដូចម្តេចឲ្យយើងជួយបាន តើនឹងជួយដោយស្រូវពីទីលាន ឬដោយស្រាទំពាំងបាយជូរពីធុងឃ្នាបឬអី
28. ស្តេចក៏សួរស្ត្រីនោះថា តើអ្នកកើតមានអ្វី ស្ត្រីនោះទូលឆ្លើយថា នាងនេះបាននិយាយមកខ្ញុំម្ចាស់ថា ចូរឲ្យកូនឯងមកឲ្យយើងបរិភោគនៅថ្ងៃនេះ ហើយថ្ងៃស្អែកឡើង នោះយើងនឹងបរិភោគកូនអញវិញ
29. ដូច្នេះ ខ្ញុំម្ចាស់បានស្ងោរកូនខ្ញុំម្ចាស់ រួចយើងខ្ញុំបានបរិភោគទៅ លុះដល់ថ្ងៃក្រោយ ខ្ញុំម្ចាស់បាននិយាយទៅនាងថា ចូរយកកូនឯងមកឲ្យយើងបរិភោគទៀត តែគេបានយកកូនទៅលាក់ទុកវិញ
30. កាលស្តេចបានឮពាក្យ របស់ស្ត្រីនោះហើយ នោះទ្រង់ហែកព្រះពស្ត្រទ្រង់ ហើយកំពុងដែលទ្រង់យាងនៅលើកំផែងហួសទៅ នោះពួករាស្ត្រគេក្រឡេកមើលទៅឃើញថា ទ្រង់ស្លៀកសំពត់ធ្មៃខាងក្នុងជាប់នឹងអង្គទ្រង់
31. នោះទ្រង់មានព្រះបន្ទូលស្បថថា បើក្បាលអេលីសេ កូនសាផាត នៅជាប់លើខ្លួនវានៅថ្ងៃនេះ នោះសូមឲ្យព្រះទ្រង់ប្រព្រឹត្តនឹងយើងយ៉ាងនោះវិញ ហើយលើសទៅទៀតផង។
32. ឯអេលីសេ លោកកំពុងតែអង្គុយនៅក្នុងផ្ទះ មានពួកចាស់ទុំនៅជាមួយ ហើយស្តេចទ្រង់ចាត់មនុស្សម្នាក់ពីចំពោះទ្រង់ ឲ្យទៅរកលោក តែមុនដែលអ្នកនោះមកដល់ នោះលោកមានប្រសាសន៍ទៅពួកចាស់ទុំថា សូមមើលបែបយ៉ាងណា ដែលកូនរបស់អ្នកសំឡាប់គេនេះ បានចាត់មនុស្សមកយកក្បាលខ្ញុំទៅ សូមចាំមើល កាលណាអ្នកនោះមកដល់ ឲ្យបិទទ្វារឲ្យជាប់ កុំឲ្យគេចូលឡើយ តើមិនឮសូរជើងរបស់ចៅហ្វាយគេ មកតាមក្រោយទេឬ
33. កាលលោកកំពុងមានប្រសាសន៍ នឹងអ្នកទាំងនោះនៅឡើយ អ្នកនោះក៏ចុះមកដល់ និយាយថា មើល សេចក្តីវេទនានេះ មកពីព្រះយេហូវ៉ា តើត្រូវឲ្យយើងនៅចាំព្រះយេហូវ៉ាធ្វើអីទៀត។