10. ស្តេចអ៊ីស្រាអែលក៏ចាត់គេ ឲ្យទៅឯកន្លែងណាដែលអ្នកសំណប់របស់ព្រះបានប្រាប់ឲ្យប្រយ័ត្ននោះ ទ្រង់ក៏បានរួចពីសេចក្តីអន្តរាយនៅទីទាំងនោះ មិនមែនតែម្តង ឬពីរដងប៉ុណ្ណោះទេ
11. ឯស្តេចស្រុកស៊ីរី ទ្រង់មានព្រះទ័យវល់អំពីដំណើរនោះ ក៏ហៅពួកអ្នកជំនិតមកសួរថា តើអ្នករាល់គ្នាមិនព្រមប្រាប់ឲ្យយើងដឹងជាអ្នកណាក្នុងពួកយើង ដែលកាន់ខាងស្តេចអ៊ីស្រាអែលទេឬ
12. នោះអ្នកជំនិតទ្រង់ម្នាក់ទូលតបថា បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ឥតមានអ្នកណាឡើយ គឺជាអេលីសេ ជាហោរា ដែលនៅស្រុកអ៊ីស្រាអែលវិញ គាត់នាំយកអស់ទាំងព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូល នៅក្នុងក្រឡាព្រះបន្ទំរបស់ទ្រង់ ទៅប្រាប់ដល់ស្តេចអ៊ីស្រាអែល
13. រួចទ្រង់បង្គាប់ថា ចូរទៅសង្កេតមើលកន្លែងណាដែលវានៅ ដើម្បីឲ្យអញបានចាត់គេឲ្យទៅចាប់នាំមក នោះមានគេទូលទ្រង់ថា មើល គាត់នៅឯក្រុងដូថាន់។
14. ដូច្នេះ ទ្រង់ក៏ចាត់ពលសេះ រទេះចំបាំង និងពួកទ័ពសន្ធឹកឲ្យចេញទៅ គេក៏ទៅឡោមព័ទ្ធទីក្រុងនោះទាំងយប់
15. ឯអ្នកបំរើនៃអ្នកសំណប់របស់ព្រះ កាលបានក្រោកពីព្រលឹមចេញទៅក្រៅ នោះឃើញមានពលទ័ពដែលមានទាំងសេះ និងរទេះចំបាំង នៅព័ទ្ធជុំវិញទីក្រុង រួចអ្នកបំរើជំរាបលោកថា វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច
16. លោកឆ្លើយតបថា កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត
17. នោះអេលីសេក៏អធិស្ឋានថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកវាបានមើលឃើញ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបំរើនោះ ហើយវាក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចំបាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ
18. កាលបានចុះមកដល់អេលីសេហើយ នោះលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា សូមព្រះអង្គវាយពួកស៊ីរីនេះ ឲ្យភ្នែកគេត្រូវថ្ពឹនទៅ ដូច្នេះ ទ្រង់ក៏ធ្វើឲ្យភ្នែកគេ ត្រូវថ្ពឹនតាមពាក្យអេលីសេ
19. ហើយអេលីសេប្រាប់គេថា មិនមែនផ្លូវនេះ ហើយមិនមែនទីក្រុងនេះដែរ សូមមកតាមខ្ញុំចុះ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅឯមនុស្ស ដែលត្រូវរកនោះ តែលោកនាំគេទៅឯក្រុងសាម៉ារីវិញ។
20. លុះគេបានចូលទៅក្នុងក្រុងសាម៉ារីហើយ នោះអេលីសេអធិស្ឋានថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើឲ្យភ្នែកមនុស្សទាំងនេះបានភ្លឺឡើង ដើម្បីឲ្យមើលឃើញវិញ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសប្រទានឲ្យភ្នែកគេបានភ្លឺឡើងវិញ ឲ្យគេបានមើលឃើញ នោះក៏ឃើញថា គេនៅកណ្តាលក្រុងសាម៉ារីហើយ
21. កាលស្តេចអ៊ីស្រាអែលបានឃើញគេ នោះទ្រង់មានព្រះបន្ទូលសួរអេលីសេថា លោកឪពុកអើយ តើត្រូវឲ្យប្រហារជីវិតគេ តើត្រូវសំឡាប់គេឬអី
22. លោកទូលឆ្លើយថា មិនត្រូវប្រហារគេទេ តើនឹងវាយសំឡាប់ពួកឈ្លើយ ដែលចាប់ក្នុងការសង្គ្រាមឬអី សូមដាក់នំបុ័ង និងទឹកមក នៅមុខគេឲ្យបរិភោគវិញ រួចឲ្យត្រឡប់ទៅឯចៅហ្វាយគេទៅ
23. ដូច្នេះ ស្តេចក៏ចាត់ចែងភោជនាហារយ៉ាងច្រើនឲ្យគេ កាលគេបានបរិភោគរួចហើយ នោះទ្រង់លែងឲ្យទៅវិញ ហើយគេវិលត្រឡប់ទៅឯចៅហ្វាយខ្លួនទៅ ឯសាសន៍ស៊ីរីក៏លែងទន្ទ្រានចូលក្នុងស្រុកអ៊ីស្រាអែលដោយពួកៗទៀត។
24. ក្រោយនោះមក បេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរីទ្រង់ក៏ប្រមូលកងទ័ពទាំងអស់ លើកឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី
25. ដូច្នេះ នៅក្រុងសាម៉ារីមានអំណត់អត់ជាខ្លាំង ពួកស៊ីរីឡោមព័ទ្ធច្បាំងនឹងទីក្រុងនោះទាល់តែក្បាលលា១លក់ថ្លៃ៨០រៀល ហើយអាចម៍ព្រាប១កំប៉ុងលក់ថ្លៃ៥រៀល
26. គ្រានោះ កាលស្តេចអ៊ីស្រាអែលទ្រង់កំពុងតែយាងនៅលើកំផែងក្រុង នោះមានស្ត្រីម្នាក់ស្រែកទូលទ្រង់ថា បពិត្រព្រះករុណា ជាព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង