1. រីឯណាម៉ាន់ជាមេទ័ពរបស់ស្តេចស៊ីរី លោកជាអ្នកធំនៅចំពោះចៅហ្វាយខ្លួន ក៏មានយសខ្ពស់ ដោយព្រោះព្រះយេហូវ៉ាបានប្រោស ឲ្យពួកស៊ីរីមានជ័យជំនះ ដោយសារលោក លោកក៏ជាមនុស្សខ្លាំងពូកែដែរ តែកើតរោគឃ្លង់
2. គ្រានោះ ពួកទ័ពស៊ីរីបានចេញ ទៅដោយកងៗ គេចាប់ក្មេងស្រីម្នាក់ នាំមកពីស្រុកអ៊ីស្រាអែល នាងនោះក៏បំរើប្រពន្ធណាម៉ាន់
3. នាងនិយាយនឹងចៅហ្វាយស្រីរបស់ខ្លួនថា ឱបើជាលោកប្រុស ជាចៅហ្វាយនាងខ្ញុំ បាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ
4. នោះមានម្នាក់ចូលទៅជំរាបចៅហ្វាយខ្លួនថា ក្មេងស្រីដែលមកពីស្រុកអ៊ីស្រាអែល វានិយាយយ៉ាងនេះមួយៗ
5. ដូច្នេះ ស្តេចស៊ីរីមានព្រះបន្ទូលថា ចូរទៅចុះ អញនឹងធ្វើសំបុត្រ១ផ្ញើទៅស្តេចអ៊ីស្រាអែលដែរ នោះលោកក៏ចេញទៅ នាំយកទាំងប្រាក់១០ហាប និងមាស៦ពាន់ ហើយសំលៀកបំពាក់១០បន្លាស់
6. លោកក៏នាំយកសំបុត្រនោះទៅថ្វាយស្តេចអ៊ីស្រាអែល មានសេចក្តីថា កាលណាទ្រង់ទទួលសំបុត្រនេះ នោះមើលទូលបង្គំបានចាត់ណាម៉ាន់ ជាអ្នកជំនិតរបស់ទូលបង្គំមកហើយ ដើម្បីឲ្យទ្រង់បានប្រោសឲ្យគាត់រួចពីរោគឃ្លង់
7. កាលស្តេចអ៊ីស្រាអែលទ្រង់បានទតសំបុត្រនោះរួចហើយ នោះក៏ហែកព្រះពស្ត្រទ្រង់ ដោយព្រះបន្ទូលថា តើយើងជាព្រះដែលអាចនឹងធ្វើឲ្យស្លាប់ ឬឲ្យរស់បានឬ បានជាគេចាត់ឲ្យមនុស្សឃ្លង់នេះមក ចង់ឲ្យយើងមើលរោគឲ្យជាដូច្នេះ ចូរពិចារណាមើល ជាយ៉ាងណា ដែលគេរករឿងនឹងយើងនេះ។
8. កាលអេលីសេ ជាអ្នកសំណប់របស់ព្រះ បានឮថា ស្តេចអ៊ីស្រាអែលបានហែកព្រះពស្ត្រទ្រង់ដូច្នោះ នោះក៏ចាត់គេឲ្យទៅទូលសួរស្តេចថា ហេតុអ្វីបានជាទ្រង់ហែកព្រះពស្ត្រដូច្នេះ សូមឲ្យលោកនោះមកឯទូលបង្គំសិនចុះ នោះលោកនឹងបានជ្រាបថា មានហោរា១នៅពួកអ៊ីស្រាអែលមែន
9. ដូច្នេះ ណាម៉ាន់ក៏មកឈរនៅមាត់ទ្វារផ្ទះរបស់អេលីសេ មានទាំងសេះ និងរទេះផង
10. ឯអេលីសេ លោកចាត់អ្នកបំរើម្នាក់ ឲ្យទៅជំរាបថា សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ