4. រួចឲ្យអ្នកនាំកូនចូលទៅក្នុងផ្ទះ បិទទ្វារទៅ ហើយចាក់ប្រេងទៅក្នុងភាជនៈទាំងនោះ កាលណាមាន១ណាពេញ នោះចូរដាក់ទុកទៅខាងម្ខាង
5. ដូច្នេះ នាងក៏ចេញពីលោកទៅ នាំកូនចូលទៅក្នុងផ្ទះបិទទ្វារ កូនទាំង២ក៏ហុចភាជនៈមកឲ្យម្តាយ ហើយម្តាយក៏ចាក់ប្រេងដាក់
6. លុះភាជនៈទាំងនោះបានពេញហើយ នោះនាងបង្គាប់កូនថា ចូរហុច១ទៀតមកឲ្យអញ តែកូនឆ្លើយតបថា មានតែប៉ុណ្ណឹងទេ នោះប្រេងក៏ឈប់ហូរទៅ
7. នាងក៏ទៅជំរាបដល់អ្នកសំណប់របស់ព្រះ ហើយលោកប្រាប់ថា ចូរយកប្រេងនោះទៅលក់ សងបំណុលគេទៅ ឯចំណែកដែលសល់នៅ នោះចូរទុកចិញ្ចឹមខ្លួន និងកូនចុះ។
8. មានកាល១ថ្ងៃទៀត អេលីសេបានដើរទៅឯក្រុងស៊ូណែម រីឯនៅទីនោះមានស្ត្រីអ្នកធំម្នាក់ នាងបានឃាត់លោកឲ្យនៅពិសាបាយ រួចមកវេលាណាដែលលោកទៅតាមទីនោះ លោកតែងតែចូលទៅពិសាបាយនៅផ្ទះនាង
9. នាងក៏និយាយនឹងប្ដីថា មើល ខ្ញុំយល់ឃើញថា មនុស្សដែលតែងធ្លាប់មកផ្ទះយើង ជាញយៗនេះ លោកជាអ្នកបរិសុទ្ធរបស់ព្រះ
10. សូមឲ្យយើងធ្វើបន្ទប់១តូច នៅលើជញ្ជាំង ព្រមទាំងដាក់គ្រែ តុ កៅអី និងជើងទៀន សំរាប់លោកផង ដូច្នេះ កាលណាលោកមកផ្ទះយើង នោះនឹងនៅក្នុងបន្ទប់នោះ
11. ក្រោយមក មានកាល១ថ្ងៃលោកក៏មកដល់ ហើយចូលទៅសំរាន្តក្នុងបន្ទប់នោះ
12. លោកប្រាប់កេហាស៊ី ជាអ្នកបំរើលោកថា ចូរហៅស្ត្រីដែលនៅក្រុងស៊ូណែមនេះមក កាលបានហៅស្ត្រីមកដល់ហើយ នោះនាងឈរនៅចំពោះលោក
13. រួចលោកប្រាប់អ្នកបំរើថា ចូរនិយាយនឹងនាងថា មើល នាងបានចាត់ចែងគោរពដល់យើងជាច្រើនដល់ម៉្លេះ ឥឡូវនេះ តើត្រូវឲ្យយើងសងគុណដល់នាងយ៉ាងណាខ្លះ តើចង់ឲ្យខ្ញុំទូលដល់ស្តេច ឬជំរាបមេទ័ពធំឲ្យនាងឬទេ តែនាងឆ្លើយតបថា នាងខ្ញុំចូលចិត្តនៅតែកណ្តាលពួកសាសន៍នាងខ្ញុំនេះទេ
14. លោកសួរទៀតថា បើដូច្នេះ តើត្រូវសងគុណដល់នាងយ៉ាងណា កេហាស៊ីឆ្លើយឡើងថា មើលគាត់គ្មានកូនទេ ហើយប្ដីក៏ចាស់ផង
15. លោកប្រាប់ថា ចូរហៅនាងមកនេះ កាលបានហៅមកដល់ហើយ នោះនាងឈរនៅត្រង់មាត់ទ្វារ
16. ហើយលោកប្រាប់ថា ដល់កំណត់ ឆ្នាំក្រោយ នោះនាងនឹងបានបីកូនប្រុស១ តែនាងឆ្លើយថា ទេ លោកម្ចាស់ ជាអ្នកសំណប់របស់ព្រះអើយ សូមកុំកុហកដល់នាងខ្ញុំឡើយ។