28. នោះនាងនិយាយឡើងថា តើនាងខ្ញុំបានសូមកូនពីលោកម្ចាស់ឬទេ តើនាងខ្ញុំមិនបានសូមថា កុំបញ្ឆោតនាងខ្ញុំទេឬអី
29. នោះលោកបង្គាប់កេហាស៊ីថា ចូរក្រវាត់ចង្កេះកាន់ដំបងរបស់អញចេញទៅ បើជួបនឹងអ្នកណាតាមផ្លូវ កុំឲ្យគំនាប់គេឡើយ បើអ្នកណាគំនាប់ដល់ឯង ក៏កុំឲ្យគំនាប់តបវិញដែរ ចូរទៅដាក់ដំបងអញនៅលើមុខកូននោះទៅ
30. តែម្តាយរបស់កូននោះនិយាយថា នាងខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដ៏នៅរស់ដែរថា នាងខ្ញុំមិនព្រមឃ្លាតចេញពីលោកទេ ដូច្នេះ លោកក៏ក្រោកឡើងទៅតាមនាងទៅ
31. ឯកេហាស៊ីគាត់ក៏ទៅមុន ហើយដាក់ដំបងនៅលើមុខកូន តែគ្មានឮសំឡេង កូនក៏គ្មានស្តាប់អ្វីដែរ ដូច្នេះ គាត់វិលទៅជួបនឹងអេលីសេវិញ ជំរាបថា កូនមិនបានភ្ញាក់ទេ។
32. កាលអេលីសេបានចូលទៅក្នុងផ្ទះ ក៏ឃើញកូននោះស្លាប់នៅលើដំណេករបស់លោក
33. ដូច្នេះ លោកចូលទៅបិទទ្វារ មានតែគ្នា២នាក់ ហើយក៏អធិស្ឋានដល់ព្រះយេហូវ៉ា
34. រួចលោកឡើងទៅពោបលើកូននោះ ដាក់មាត់លោកទល់នឹងមាត់វា ភ្នែកទល់នឹងភ្នែក ហើយដៃនៅលើដៃដែរ ក៏សន្ធឹងខ្លួនលើវា រួចសាច់កូននោះក៏ក្តៅឧណ្ហឡើង
35. នោះលោកក្រោកចេញទៅ ដើរចុះឡើងនៅក្នុងផ្ទះ រួចឡើងទៅសន្ធឹងខ្លួនលើវាទៀត ហើយវាកណ្តាស់៧ដង រួចបើកភ្នែកឡើង
36. ដូច្នេះ លោកហៅកេហាស៊ីមកបង្គាប់ថា ចូរទៅហៅស្ត្រីដែលនៅក្រុងស៊ូណែមនេះមក គាត់ក៏ហៅ កាលនាងបានចូលមកដល់ហើយ នោះលោកប្រាប់ថា ចូរលើកបីកូននាងឡើង
37. នាងក៏ចូលទៅផ្តួលខ្លួន ក្រាបចុះដល់ដី នៅទៀបជើងលោក រួចលើកកូនបីចេញទៅ។
38. ឯអេលីសេ លោកត្រឡប់ទៅឯក្រុងគីលកាលវិញទៀត ហើយមានអំណត់នៅក្នុងស្រុកនោះ ឯពួកសិស្សរបស់ពួកហោរា គេអង្គុយចំពោះមុខលោក ហើយលោកបង្គាប់អ្នកបំរើថា ចូរដាក់ថ្លាងធ្វើបបរ ឲ្យពួកសិស្សហោរាទាំងនេះទៅ
39. មានម្នាក់ចេញទៅរកបន្លែឯទីវាល ក៏ឃើញវល្លិព្រៃ ហើយបេះផ្លែពេញថ្នក់អាវ វិលមកកាប់ជាកង់ៗ ដាក់ចុះទៅក្នុងថ្លាង ដ្បិតគេមិនបានស្គាល់ផ្លែនោះទេ
40. រួចគេដួសបបរនោះឲ្យគ្រប់គ្នាបរិភោគ តែកាលគេកំពុងតែបរិភោគ នោះក៏ស្រែកឡើងថា ឱអ្នកសំណប់របស់ព្រះអើយ បបរនេះពុលទេ ហើយគេបរិភោគពុំបាន
41. តែលោកប្រាប់ថា ដូច្នេះ ចូរយកម្សៅមកចុះ រួចលោកក៏ចាក់ទៅក្នុងថ្លាង ហើយប្រាប់ថា ចូរដួសចែកឲ្យគេបរិភោគទៅ នោះក៏គ្មានជាតិពុលនៅក្នុងបបរទៀតឡើយ។
42. នៅគ្រានោះ មានមនុស្សម្នាក់ មកពីស្រុកបាល-សាលីសា គាត់យកនំបុ័ងម្សៅឱក២០ដុំធ្វើពីផលដំបូង និងគួរស្រូវស្រស់ មកជូនដល់អ្នកសំណប់របស់ព្រះ នោះលោកប្រាប់ថា ចូរចែកឲ្យបណ្តាជនបរិភោគទៅ
43. អ្នកបំរើលោកសួរថា តើធ្វើដូចម្តេចឲ្យខ្ញុំដាក់តែប៉ុណ្ណេះ ឲ្យមនុស្ស១០០នាក់បរិភោគបាន តែលោកបង្គាប់ថា ចូរចែកឲ្យគេបរិភោគទៅ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា គេនឹងបរិភោគឆ្អែត ហើយនឹងនៅមានសល់ផង
44. ដូច្នេះ គាត់ក៏ដាក់ឲ្យគេបរិភោគ ហើយគេបានឆ្អែត រួចនៅមានសល់ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។