1. រីឯយ៉ូរ៉ាម ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក្នុងឆ្នាំទី១២នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យបាន១២ឆ្នាំ
2. ទ្រង់ប្រព្រឹត្តដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តែមិនដល់ព្រះបិតា និងព្រះមាតាទ្រង់ទេ ដ្បិតទ្រង់បានបំបាត់រូបព្រះបាល ដែលព្រះបិតាទ្រង់បានធ្វើចេញ
3. ប៉ុន្តែទ្រង់នៅតែកាន់តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាតដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើតាមផងនៅឡើយ ទ្រង់មិនបានលះបង់អំពើបាបនោះទេ។
4. រីឯមេសា ជាស្តេចសាសន៍ម៉ូអាប់ ទ្រង់ជាអ្នកមានហ្វូងចៀមច្រើន ហើយទ្រង់ក៏ឡើងសួយ ជារោមរបស់កូនចៀម១សែន និងរោមរបស់ចៀមឈ្មោល១សែន មកថ្វាយស្តេចអ៊ីស្រាអែល
5. តែកាលអ័ហាប់ទ្រង់សុគតទៅ នោះស្តេចម៉ូអាប់បានបះបោរនឹងស្តេចអ៊ីស្រាអែល
6. គ្រានោះ ស្តេចយ៉ូរ៉ាមក៏ចេញពីក្រុងសាម៉ារី ទៅត្រួតមើលពួកអ៊ីស្រាអែលទាំងអស់ ហើយយាងនាំមុខគេទៅ
7. ទ្រង់ក៏ចាត់សារទៅឯយ៉ូសាផាត ជាស្តេចយូដាថា ស្តេចម៉ូអាប់បានបះបោរនឹងទូលបង្គំហើយ តើទ្រង់សព្វព្រះទ័យចង់ទៅច្បាំងនឹងសាសន៍ម៉ូអាប់ជាមួយនឹងទូលបង្គំឬទេ ទ្រង់មានព្រះបន្ទូលឆ្លើយថា ទូលបង្គំចង់ទៅដែរ ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្រទូលបង្គំក៏ដូចជារាស្ត្ររបស់ទ្រង់ ហើយសេះទូលបង្គំក៏ដូចជាសេះរបស់ទ្រង់ដែរ
8. ទ្រង់ក៏សួរថា តើត្រូវឲ្យយើងឡើងទៅតាមផ្លូវណា ស្តេចអ៊ីស្រាអែលឆ្លើយថា តាមផ្លូវកាត់ទីរហោស្ថានស្រុកអេដំម
9. ដូច្នេះ ស្តេចអ៊ីស្រាអែល ព្រមទាំងស្តេចយូដា និងស្តេចអេដំមក៏នាំគ្នាចេញទៅ គេដើរផ្លូវវាងអស់៧ថ្ងៃ ឥតមានទឹកសំរាប់ពលទ័ព និងហ្វូងសត្វ ដែលតាមគេទៅនោះសោះ
10. ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលថា ស្តាយណាស់ ព្រះយេហូវ៉ាទ្រង់បានហៅយើងខ្ញុំ ជាស្តេចទាំង៣អង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ម៉ូអាប់ហើយ