7. ក៏សំឡាប់ពួកបុត្រារបស់សេដេគានៅចំពោះទ្រង់ រួចចាក់បង្ខូចព្រះនេត្រទ្រង់ ហើយដាក់ច្រវាក់លង្ហិន ដឹកនាំទ្រង់ទៅឯក្រុងបាប៊ីឡូនទៅ។
8. ដល់ថ្ងៃ៧ ខែស្រាពណ៍ គឺនៅឆ្នាំទី១៩ ក្នុងរាជ្យស្តេចនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នោះនេប៊ូសារ៉ាដាន ជាមេទ័ពធំរបស់ស្តេចបាប៊ីឡូន បានទៅឯក្រុងយេរូសាឡិម
9. ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំង ហើយផ្ទះទាំងអស់នៅក្រុងយេរូសាឡិមទៅ លោកដុតចោលអស់ទាំងផ្ទះធំៗ
10. រួចពួកទ័ពខាល់ដេទាំងអស់ ដែលនៅជាមួយនឹងមេទ័ពធំ ក៏រំលំកំផែងក្រុងយេរូសាឡិមគ្រប់ជុំវិញ
11. ហើយសំណល់ជនដែលនៅសល់ក្នុងទីក្រុង និងពួកអ្នកដែលបានរត់ទៅពឹងស្តេចបាប៊ីឡូន និងមនុស្សឯទៀតដែលនៅៗឡើយ នោះនេប៊ូសារ៉ាដាន ក៏ដឹកនាំទៅជាឈ្លើយទាំងអស់
12. តែបានទុកពួកទាល់ក្រនៅក្នុងស្រុកឲ្យគេរក្សាចំការទំពាំងបាយជូរ ហើយធ្វើស្រែចំការវិញ។
13. រីឯសសរលង្ហិន និងជើងកំណល់ ហើយសមុទ្រលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេក៏បំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅដល់ស្រុកបាប៊ីឡូន
14. ហើយឆ្នាំង ចបចូក ដង្កៀប កូនចាន និងគ្រឿងប្រដាប់លង្ហិន ទាំងប៉ុន្មាន ដែលសំរាប់ការងារនោះគេក៏យកទៅដែរ
15. ឯជើងក្រាន និងចានក្លាំ គឺរបស់ដែលធ្វើពីមាស និងរបស់ដែលធ្វើពីប្រាក់ផង នោះមេទ័ពធំ លោកក៏យកទាំងអស់ទៅ
16. ចំណែកសសរទាំង២ និងសមុទ្រសិទ្ធ ហើយជើងកំណល់ទាំងប៉ុន្មានដែលសាឡូម៉ូនធ្វើសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះបានធ្វើពីលង្ហិន មានទំងន់ថ្លឹងមិនបានឡើយ
17. សសរ១កំពស់១៨ហត្ថ ហើយក្បាលសសរលង្ហិន នៅពីលើនោះក៏កំពស់៣ហត្ថទៀត មានទាំងក្បាច់ក្រឡាអួន និងផ្លែទទឹមនៅជុំវិញ ធ្វើសុទ្ធតែពីលង្ហិនផង ឯសសរទី២ក៏ដូចគ្នា មានទាំងក្បាច់ក្រឡាអួនដែរ។
18. ឯមេទ័ពធំ លោកចាប់យកសេរ៉ាយ៉ា ជាសំដេចសង្ឃ និងសេផានា ជាសង្ឃបន្ទាប់ ហើយពួកឆ្មាំទ្វារទាំង៣នាក់
19. ក៏ចាប់យកមេទ័ពម្នាក់ពីទីក្រុង ជាអ្នកត្រួតលើពលទ័ព និងមនុស្ស៥នាក់ ជាអ្នកធ្លាប់ឃើញព្រះភក្ត្រស្តេច ដែលឃើញមាននៅក្នុងក្រុង ហើយស្មៀនរបស់មេទ័ព ជាអ្នកធ្វើបញ្ជីកត់ពួកអ្នកស្រុក ព្រមទាំងពួកអ្នកស្រុក៦០នាក់ ដែលឃើញមានក្នុងក្រុងដែរ