5. រីឯដំណើរឯទៀតពីយេហូយ៉ាគីម និងការទាំងប៉ុន្មានដែលទ្រង់បានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាស្រេចហើយ
6. យេហូយ៉ាគីមក៏ផ្ទំលក់ទៅ ជាមួយនឹងពួកអយ្យកោទ្រង់ រួចយ៉ូយ៉ាគីន ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា
7. ឯស្តេចស្រុកអេស៊ីព្ទ ទ្រង់មិនបានចេញពីស្រុកទ្រង់មកទៀតទេ ដ្បិតស្តេចស្រុកបាប៊ីឡូន ទ្រង់បានវាយយកស្រុករបស់ស្តេចអេស៊ីព្ទទាំងប៉ុន្មាន ចាប់តាំងពីជ្រោះស្រុកអេស៊ីព្ទ រហូតដល់ទន្លេអ៊ើប្រាតហើយ។
8. កាលយ៉ូយ៉ាគីនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ ព្រះមាតាទ្រង់ព្រះនាម ជានេហ៊ូសថា បុត្រីអែលណាថាន ជាអ្នកក្រុងយេរូសាឡិម
9. ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើ ដែលព្រះបិតាទ្រង់បានប្រព្រឹត្តដែរ។
10. នៅគ្រានោះ ពួកពលទ័ពរបស់នេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ក៏ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម
11. ឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់ក៏ឡើងមកដល់ទីក្រុង កំពុងដែលពួកពលទ័ពទ្រង់ឡោមព័ទ្ធនោះ
12. ហើយយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងព្រះមាតា ពួកជំនិត ពួកអ្នកធំ និងពួកមេទ័ពរបស់ទ្រង់ផង ក៏ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទី៨ក្នុងរាជ្យទ្រង់នោះឯង ដែលស្តេចបាប៊ីឡូនចាប់យកបាន
13. នេប៊ូក្នេសាក៏នាំយកអស់ទាំងទ្រព្យវិសេស ពីព្រះវិហារនៃព្រះយេហូវ៉ា ហើយពីព្រះរាជវាំងចេញមក ក៏យកអស់ទាំងគ្រឿងប្រដាប់មាស ដែលសាឡូម៉ូន ជាស្តេចអ៊ីស្រាអែលបានធ្វើ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា កាត់ជាដុំៗ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល
14. ទ្រង់ក៏ដឹកនាំពួកក្រុងយេរូសាឡិមទាំងអស់ទៅ ព្រមទាំងពួកអ្នកធំ និងពួកខ្លាំងពូកែ ដែលមានចិត្តក្លាហានទៅផង ឯពួកឈ្លើយទាំងអស់មានចំនួន១ម៉ឺននាក់ រួមទាំងពួករចនា និងពួកជាងទាំងអស់ដែរ សល់នៅតែមនុស្សទាល់ក្របំផុត នៅក្នុងស្រុកប៉ុណ្ណោះ
15. ទ្រង់ក៏ដឹកនាំយ៉ូយ៉ាគីន ព្រមទាំងព្រះមាតា និងភរិយា ហើយពួកមេទ័ព និងពួកអ្នកធំក្នុងស្រុកនោះផង ទៅឯស្រុកបាប៊ីឡូន គឺទ្រង់នាំគេចេញពីក្រុងយេរូសាឡិម ទៅជាឈ្លើយដល់ស្រុកបាប៊ីឡូននោះ
16. ឯអស់ទាំងមនុស្សខ្លាំងពូកែ ចំនួនជា៧ពាន់នាក់ និងពួករចនា ហើយពួកជាង ចំនួនជា១ពាន់នាក់ ដែលសុទ្ធតែជាមនុស្សពេញកំឡាំងល្មមច្បាំងបាន នោះស្តេចបាប៊ីឡូនបាននាំទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូនទាំងអស់
17. រួចស្តេចបាប៊ីឡូនទ្រង់លើកម៉ាថានា ជាមារបស់យ៉ូយ៉ាគីន តាំងឡើងឲ្យបានសោយរាជ្យជំនួស ក៏ផ្លាស់ព្រះនាមទៅជាសេដេគា។
18. កាលសេដេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២១ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១១ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា ហាមូថាល បុត្រីយេរេមី ជាអ្នកស្រុកលិបណា
19. ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើដែលយេហូយ៉ាគីមបានប្រព្រឹត្តដែរ