6. ទ្រង់ក៏យករូបព្រះចេញពីព្រះវិហារនៃព្រះយេហូវ៉ាទៅដល់ជ្រោះកេដ្រុន ខាងក្រៅក្រុងយេរូសាឡិម ដុតនៅទីនោះ រួចវាយកំទេចជាផង់ធូលី ហើយបាចទៅលើផ្នូររបស់ពួកអ្នកស្រុក
7. ទ្រង់បានបំផ្លាញអស់ទាំងផ្ទះរបស់ពួកកូនជឹង ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាជាកន្លែងដែលពួកស្រីៗត្បាញពិតាន សំរាប់រូបព្រះទាំងប៉ុន្មានចេញ
8. រួចទ្រង់នាំពួកសង្ឃចេញ ពីទីក្រុងស្រុកយូដាទាំងអស់ ទៅធ្វើបង្អាប់ដល់អស់ទាំងទីខ្ពស់ ដែលពួកសង្ឃបានដុតកំញាន ចាប់តាំងពីក្រុងកេបា រហូតដល់បៀរ-សេបា ទ្រង់ក៏បំផ្លាញទីខ្ពស់នៃទ្វារក្រុង ដែលនៅខាងឆ្វេងដៃនៃខ្លោងទ្វាររបស់យ៉ូស្វេ ជាចៅហ្វាយក្រុង
9. ឯអស់ទាំងសង្ឃនៃទីខ្ពស់ទាំងនោះ គេមិនបានឡើងទៅឯអាសនាព្រះយេហូវ៉ានៅក្រុងយេរូសាឡិមទេ តែគេបរិភោគនំបុ័ងឥតដំបែ នៅជាមួយនឹងពួកបងប្អូនគេដែរ
10. ទ្រង់ក៏ធ្វើបង្អាប់ដល់តំបន់តូផែត ដែលនៅក្នុងច្រកភ្នំ របស់ពួកកូនចៅហ៊ីនណំម ដើម្បីមិនឲ្យមានអ្នកណាធ្វើឲ្យកូនប្រុស ឬកូនស្រី ឆ្លងកាត់ភ្លើងថ្វាយព្រះម៉ូឡុកទៀតឡើយ
11. ទ្រង់បំបាត់សេះទាំងប៉ុន្មាន ដែលពួកស្តេចយូដា បានថ្វាយដល់ព្រះអាទិត្យដែលនៅមាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា ក្បែរបន្ទប់របស់នេថាន-មេលេក ជាមេដែលនៅតំបន់ក្រៅ ហើយក៏ដុតរថនៃព្រះអាទិត្យចោល
12. ឯអាសនាដែលពួកស្តេចយូដាបានធ្វើ នៅលើដំបូលបន្ទប់ខាងលើរបស់អ័ហាស និងអាសនាដែលម៉ាន៉ាសេ បានធ្វើនៅក្នុងទីលានទាំង២របស់ព្រះវិហារនៃព្រះយេហូវ៉ា នោះស្តេចក៏បំបែកបំបាក់យកចេញពីនោះ បោះចោលផង់កំទេចទៅក្នុងជ្រោះកេដ្រុនទៅ
13. ហើយទីខ្ពស់ទាំងប៉ុន្មាន នៅមុខក្រុងយេរូសាឡិម គឺនៅខាងស្តាំភ្នំអសោច ដែលសាឡូម៉ូន ជាស្តេចសាសន៍អ៊ីស្រាអែល បានធ្វើថ្វាយដល់ព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ស៊ីដូន និងថ្វាយដល់ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ម៉ូអាប់ ហើយថ្វាយដង្វាយដល់ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍អាំម៉ូន នោះស្តេចទ្រង់ក៏ធ្វើបង្អាប់ទាំងអស់ដែរ
14. ក៏បំបាក់បំបែកអស់ទាំងបង្គោល ដែលសំរាប់គោរព ហើយរំលំរូបព្រះ រួចយកឆ្អឹងមនុស្សមករាយពេញកន្លែងនោះ។