17. រួចទ្រង់មានព្រះបន្ទូលសួរថា តើម៉ុងអី ដែលអញឃើញឯណោះ ពួកអ្នកក្រុងនោះគេទូលឆ្លើយថា នោះគឺជាម៉ុងនៃអ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដា ហើយបានទាយពីការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើសំរេចដល់អាសនាបេត-អែលនេះ
18. ទ្រង់មានព្រះបន្ទូលថា ទុកចុះ កុំឲ្យអ្នកណាទៅរើឆ្អឹងគាត់ឡើយ ដូច្នេះ គេក៏ទុកឆ្អឹងគាត់នៅ ព្រមទាំងឆ្អឹងនៃហោរា ដែលមកពីសាម៉ារីនោះដែរ
19. ហើយអស់ទាំងវិហារនៃទីខ្ពស់ ក្នុងទីក្រុងនៃស្រុកសាម៉ារីទាំងប៉ុន្មាន ដែលពួកស្តេចអ៊ីស្រាអែលបានធ្វើ ជាការដែលនាំឲ្យព្រះយេហូវ៉ាមានសេចក្តីក្រោធ នោះស្តេចយ៉ូសៀស ក៏បំបាត់ចេញ ព្រមទាំងធ្វើដល់ទីទាំងនោះតាមគ្រប់ទាំងសេចក្តី ដែលទ្រង់បានធ្វើនៅត្រង់បេត-អែលដែរ
20. ទ្រង់សំឡាប់ពួកសង្ឃទាំងអស់នៃទីខ្ពស់ ដែលនៅក្នុងស្រុកនោះនៅលើអាសនា ព្រមទាំងដុតឆ្អឹងខ្មោច នៅលើអាសនានោះផង រួចទ្រង់វិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
21. ស្តេចទ្រង់បង្គាប់ដល់បណ្តាជនទាំងឡាយថា ចូរធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដូចជាបានចែងទុកមកក្នុងគម្ពីរសញ្ញានេះចុះ
22. ពិតប្រាកដជាមិនដែលមានបុណ្យរំលងយ៉ាងនោះឡើយ ចាប់តាំងពីគ្រាពួកចៅហ្វាយ ជាអ្នកដែលគ្រប់គ្រងលើពួកអ៊ីស្រាអែលរហូតមកដល់គ្រាពួកស្តេចអ៊ីស្រាអែល និងពួកស្តេចយូដាទាំងប៉ុន្មានផង
23. គឺនៅឆ្នាំទី១៨ នៃរាជ្យស្តេចយ៉ូសៀសដែលគេធ្វើបុណ្យរំលងនោះ ថ្វាយព្រះយេហូវ៉ានៅត្រង់ក្រុងយេរូសាឡិម។
24. មួយទៀត យ៉ូសៀសក៏បំបាត់ពួកគ្រូខាប គ្រូគាថា ព្រមទាំងរូបឆ្លាក់ និងព្រះទាំងប៉ុន្មាន ហើយគ្រប់ទាំងសេចក្តីគួរស្អប់ខ្ពើម ដែលឃើញមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមទាំងអស់ចេញ ដើម្បីឲ្យបានសំរេចតាមពាក្យនៃក្រឹត្យវិន័យកត់ទុកក្នុងគម្ពីរ ដែលហ៊ីលគីយ៉ាជាសំដេចសង្ឃ បានប្រទះឃើញក្នុងព្រះវិហារនៃព្រះយេហូវ៉ា
25. នៅមុនទ្រង់នោះគ្មានស្តេចណាឲ្យដូចទ្រង់ ដែលបានត្រឡប់មកឯព្រះយេហូវ៉ា ឲ្យអស់ពីចិត្ត អស់ពីព្រលឹម ហើយអស់ពីកំឡាំង តាមគ្រប់ទាំងក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ ហើយកាលក្រោយទ្រង់មក ក៏មិនដែលកើតមានដែរ។
26. ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មិនបានអន់ថយ ពីសេចក្តីក្រោធដ៏ជាខ្លាំង ដែលទ្រង់កើតមានដល់ពួកយូដា ដោយព្រោះអស់ទាំងសេចក្តីចាក់រុក ដែលម៉ាន៉ាសេបានប្រព្រឹត្តនឹងទ្រង់នោះឡើយ
27. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងដកពួកយូដាពីមុខអញចេញ ដូចជាអញបានដកពួកអ៊ីស្រាអែលចេញដែរ ហើយអញនឹងបោះបង់ចោលក្រុងយេរូសាឡិមនេះ ដែលអញបានរើស និងព្រះវិហារដែលអញបានថា ឈ្មោះអញនឹងនៅទីនេះនោះផង។
28. រីឯដំណើរឯទៀតពីយ៉ូសៀស និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
29. នៅក្នុងរាជ្យទ្រង់ នោះផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ ក៏ឡើងទៅច្បាំងនឹងស្តេចស្រុកអាសស៊ើរ ត្រង់ទន្លេអ៊ើប្រាត ឯស្តេចយ៉ូសៀសទ្រង់ក៏ចេញទៅស្ទាក់ផ្លូវ តែកាលផារ៉ោន-នេកោបានឃើញ នោះក៏សំឡាប់ទ្រង់នៅត្រង់មេគីដោទៅ។
30. ពួកអ្នកបំរើទ្រង់ ក៏ដឹកសពទ្រង់ក្នុងរទេះពីមេគីដោ ទៅដល់ក្រុងយេរូសាឡិមវិញ បញ្ចុះនៅក្នុងផ្នូររបស់ទ្រង់ រួចពួកអ្នកស្រុក គេលើកយ៉ូអាហាស ជាព្រះរាជបុត្រារបស់យ៉ូសៀស ចាក់ប្រេងតាំងឡើង ជាស្តេចជំនួសបិតា។
31. លុះកាលយ៉ូអាហាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៣ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ ព្រះមាតាព្រះនាមជា ហាមូថាលបុត្រីយេរេមី ជាអ្នកស្រុកលិបណា
32. ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើ ដែលពួកអយ្យកោទ្រង់បានប្រព្រឹត្តដែរ
33. ឯផារ៉ោន-នេកោក៏ចាប់ចងទ្រង់ នៅត្រង់ក្រុងរីបឡា ក្នុងស្រុកហាម៉ាត ដើម្បីមិនឲ្យទ្រង់សោយរាជ្យ នៅក្រុងយេរូសាឡិមទៀត ក៏ដំរូវឲ្យស្រុកនោះត្រូវបង់សួយជាប្រាក់១០០ហាប និងមាស១ហាប
34. រួចផារ៉ោន-នេកោ ទ្រង់លើកអេលាគីម ជាបុត្រយ៉ូសៀស តាំងឡើងជាស្តេចជំនួសយ៉ូសៀស ជាព្រះបិតា ហើយផ្លាស់ព្រះនាមទ្រង់ទៅជា យេហូយ៉ាគីមវិញ ទ្រង់ក៏នាំយកយ៉ូអាហាស ទៅនៅស្រុកអេស៊ីព្ទ ហើយយ៉ូអាហាសសុគតនៅស្រុកនោះ
35. ឯយេហូយ៉ាគីម ទ្រង់ថ្វាយប្រាក់ និងមាសនោះ ដល់ផារ៉ោន តែទ្រង់ទារពន្ធអាករពីពួកអ្នកស្រុក ដើម្បីឲ្យបានប្រាក់នោះថ្វាយ តាមបង្គាប់ផារ៉ោន ទ្រង់បានទារមាសប្រាក់នោះ ពីពួកអ្នកស្រុកគ្រប់គ្នាតាមពន្ធរៀងខ្លួន ដើម្បីនឹងថ្វាយដល់ផារ៉ោន-នេកោ។
36. លុះកាលយេហូយ៉ាគីមចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១១ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាសេប៊ូដា បុត្រីពេដាយ៉ា ជាអ្នកស្រុករូម៉ា