14. ក៏បំបាក់បំបែកអស់ទាំងបង្គោល ដែលសំរាប់គោរព ហើយរំលំរូបព្រះ រួចយកឆ្អឹងមនុស្សមករាយពេញកន្លែងនោះ។
15. ឯអាសនាដែលនៅត្រង់ក្រុងបេត-អែល និងទីខ្ពស់ ដែលយេរ៉ូបោម កូននេបាត ជាអ្នកដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាប បានធ្វើ ទ្រង់ក៏បំបែកបំបាក់អាសនា និងទីខ្ពស់ ព្រមទាំងដុតទីខ្ពស់នោះ វាយកំទេចជាផង់ធូលី ហើយដុតរូបព្រះផង
16. កាលយ៉ូសៀសបែរទតទៅ នោះក៏ឃើញផ្នូរខ្មោចនៅភ្នំ រួចទ្រង់ចាត់គេឲ្យទៅយកឆ្អឹងពីផ្នូរទាំងនោះ មកដុតលើអាសនា ធ្វើបង្អាប់ដល់អាសនានោះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលអ្នកសំណប់របស់ព្រះបានប្រកាសទុក គឺជាអ្នកដែលបានទាយប្រាប់ពីការទាំងនោះ
17. រួចទ្រង់មានព្រះបន្ទូលសួរថា តើម៉ុងអី ដែលអញឃើញឯណោះ ពួកអ្នកក្រុងនោះគេទូលឆ្លើយថា នោះគឺជាម៉ុងនៃអ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដា ហើយបានទាយពីការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើសំរេចដល់អាសនាបេត-អែលនេះ
18. ទ្រង់មានព្រះបន្ទូលថា ទុកចុះ កុំឲ្យអ្នកណាទៅរើឆ្អឹងគាត់ឡើយ ដូច្នេះ គេក៏ទុកឆ្អឹងគាត់នៅ ព្រមទាំងឆ្អឹងនៃហោរា ដែលមកពីសាម៉ារីនោះដែរ
19. ហើយអស់ទាំងវិហារនៃទីខ្ពស់ ក្នុងទីក្រុងនៃស្រុកសាម៉ារីទាំងប៉ុន្មាន ដែលពួកស្តេចអ៊ីស្រាអែលបានធ្វើ ជាការដែលនាំឲ្យព្រះយេហូវ៉ាមានសេចក្តីក្រោធ នោះស្តេចយ៉ូសៀស ក៏បំបាត់ចេញ ព្រមទាំងធ្វើដល់ទីទាំងនោះតាមគ្រប់ទាំងសេចក្តី ដែលទ្រង់បានធ្វើនៅត្រង់បេត-អែលដែរ
20. ទ្រង់សំឡាប់ពួកសង្ឃទាំងអស់នៃទីខ្ពស់ ដែលនៅក្នុងស្រុកនោះនៅលើអាសនា ព្រមទាំងដុតឆ្អឹងខ្មោច នៅលើអាសនានោះផង រួចទ្រង់វិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
21. ស្តេចទ្រង់បង្គាប់ដល់បណ្តាជនទាំងឡាយថា ចូរធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដូចជាបានចែងទុកមកក្នុងគម្ពីរសញ្ញានេះចុះ
22. ពិតប្រាកដជាមិនដែលមានបុណ្យរំលងយ៉ាងនោះឡើយ ចាប់តាំងពីគ្រាពួកចៅហ្វាយ ជាអ្នកដែលគ្រប់គ្រងលើពួកអ៊ីស្រាអែលរហូតមកដល់គ្រាពួកស្តេចអ៊ីស្រាអែល និងពួកស្តេចយូដាទាំងប៉ុន្មានផង
23. គឺនៅឆ្នាំទី១៨ នៃរាជ្យស្តេចយ៉ូសៀសដែលគេធ្វើបុណ្យរំលងនោះ ថ្វាយព្រះយេហូវ៉ានៅត្រង់ក្រុងយេរូសាឡិម។
24. មួយទៀត យ៉ូសៀសក៏បំបាត់ពួកគ្រូខាប គ្រូគាថា ព្រមទាំងរូបឆ្លាក់ និងព្រះទាំងប៉ុន្មាន ហើយគ្រប់ទាំងសេចក្តីគួរស្អប់ខ្ពើម ដែលឃើញមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមទាំងអស់ចេញ ដើម្បីឲ្យបានសំរេចតាមពាក្យនៃក្រឹត្យវិន័យកត់ទុកក្នុងគម្ពីរ ដែលហ៊ីលគីយ៉ាជាសំដេចសង្ឃ បានប្រទះឃើញក្នុងព្រះវិហារនៃព្រះយេហូវ៉ា
25. នៅមុនទ្រង់នោះគ្មានស្តេចណាឲ្យដូចទ្រង់ ដែលបានត្រឡប់មកឯព្រះយេហូវ៉ា ឲ្យអស់ពីចិត្ត អស់ពីព្រលឹម ហើយអស់ពីកំឡាំង តាមគ្រប់ទាំងក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ ហើយកាលក្រោយទ្រង់មក ក៏មិនដែលកើតមានដែរ។
26. ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មិនបានអន់ថយ ពីសេចក្តីក្រោធដ៏ជាខ្លាំង ដែលទ្រង់កើតមានដល់ពួកយូដា ដោយព្រោះអស់ទាំងសេចក្តីចាក់រុក ដែលម៉ាន៉ាសេបានប្រព្រឹត្តនឹងទ្រង់នោះឡើយ
27. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងដកពួកយូដាពីមុខអញចេញ ដូចជាអញបានដកពួកអ៊ីស្រាអែលចេញដែរ ហើយអញនឹងបោះបង់ចោលក្រុងយេរូសាឡិមនេះ ដែលអញបានរើស និងព្រះវិហារដែលអញបានថា ឈ្មោះអញនឹងនៅទីនេះនោះផង។
28. រីឯដំណើរឯទៀតពីយ៉ូសៀស និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
29. នៅក្នុងរាជ្យទ្រង់ នោះផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ ក៏ឡើងទៅច្បាំងនឹងស្តេចស្រុកអាសស៊ើរ ត្រង់ទន្លេអ៊ើប្រាត ឯស្តេចយ៉ូសៀសទ្រង់ក៏ចេញទៅស្ទាក់ផ្លូវ តែកាលផារ៉ោន-នេកោបានឃើញ នោះក៏សំឡាប់ទ្រង់នៅត្រង់មេគីដោទៅ។