10. ទ្រង់ក៏ធ្វើបង្អាប់ដល់តំបន់តូផែត ដែលនៅក្នុងច្រកភ្នំ របស់ពួកកូនចៅហ៊ីនណំម ដើម្បីមិនឲ្យមានអ្នកណាធ្វើឲ្យកូនប្រុស ឬកូនស្រី ឆ្លងកាត់ភ្លើងថ្វាយព្រះម៉ូឡុកទៀតឡើយ
11. ទ្រង់បំបាត់សេះទាំងប៉ុន្មាន ដែលពួកស្តេចយូដា បានថ្វាយដល់ព្រះអាទិត្យដែលនៅមាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា ក្បែរបន្ទប់របស់នេថាន-មេលេក ជាមេដែលនៅតំបន់ក្រៅ ហើយក៏ដុតរថនៃព្រះអាទិត្យចោល
12. ឯអាសនាដែលពួកស្តេចយូដាបានធ្វើ នៅលើដំបូលបន្ទប់ខាងលើរបស់អ័ហាស និងអាសនាដែលម៉ាន៉ាសេ បានធ្វើនៅក្នុងទីលានទាំង២របស់ព្រះវិហារនៃព្រះយេហូវ៉ា នោះស្តេចក៏បំបែកបំបាក់យកចេញពីនោះ បោះចោលផង់កំទេចទៅក្នុងជ្រោះកេដ្រុនទៅ
13. ហើយទីខ្ពស់ទាំងប៉ុន្មាន នៅមុខក្រុងយេរូសាឡិម គឺនៅខាងស្តាំភ្នំអសោច ដែលសាឡូម៉ូន ជាស្តេចសាសន៍អ៊ីស្រាអែល បានធ្វើថ្វាយដល់ព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ស៊ីដូន និងថ្វាយដល់ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ម៉ូអាប់ ហើយថ្វាយដង្វាយដល់ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍អាំម៉ូន នោះស្តេចទ្រង់ក៏ធ្វើបង្អាប់ទាំងអស់ដែរ
14. ក៏បំបាក់បំបែកអស់ទាំងបង្គោល ដែលសំរាប់គោរព ហើយរំលំរូបព្រះ រួចយកឆ្អឹងមនុស្សមករាយពេញកន្លែងនោះ។
15. ឯអាសនាដែលនៅត្រង់ក្រុងបេត-អែល និងទីខ្ពស់ ដែលយេរ៉ូបោម កូននេបាត ជាអ្នកដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាប បានធ្វើ ទ្រង់ក៏បំបែកបំបាក់អាសនា និងទីខ្ពស់ ព្រមទាំងដុតទីខ្ពស់នោះ វាយកំទេចជាផង់ធូលី ហើយដុតរូបព្រះផង
16. កាលយ៉ូសៀសបែរទតទៅ នោះក៏ឃើញផ្នូរខ្មោចនៅភ្នំ រួចទ្រង់ចាត់គេឲ្យទៅយកឆ្អឹងពីផ្នូរទាំងនោះ មកដុតលើអាសនា ធ្វើបង្អាប់ដល់អាសនានោះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលអ្នកសំណប់របស់ព្រះបានប្រកាសទុក គឺជាអ្នកដែលបានទាយប្រាប់ពីការទាំងនោះ
17. រួចទ្រង់មានព្រះបន្ទូលសួរថា តើម៉ុងអី ដែលអញឃើញឯណោះ ពួកអ្នកក្រុងនោះគេទូលឆ្លើយថា នោះគឺជាម៉ុងនៃអ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដា ហើយបានទាយពីការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើសំរេចដល់អាសនាបេត-អែលនេះ
18. ទ្រង់មានព្រះបន្ទូលថា ទុកចុះ កុំឲ្យអ្នកណាទៅរើឆ្អឹងគាត់ឡើយ ដូច្នេះ គេក៏ទុកឆ្អឹងគាត់នៅ ព្រមទាំងឆ្អឹងនៃហោរា ដែលមកពីសាម៉ារីនោះដែរ
19. ហើយអស់ទាំងវិហារនៃទីខ្ពស់ ក្នុងទីក្រុងនៃស្រុកសាម៉ារីទាំងប៉ុន្មាន ដែលពួកស្តេចអ៊ីស្រាអែលបានធ្វើ ជាការដែលនាំឲ្យព្រះយេហូវ៉ាមានសេចក្តីក្រោធ នោះស្តេចយ៉ូសៀស ក៏បំបាត់ចេញ ព្រមទាំងធ្វើដល់ទីទាំងនោះតាមគ្រប់ទាំងសេចក្តី ដែលទ្រង់បានធ្វើនៅត្រង់បេត-អែលដែរ
20. ទ្រង់សំឡាប់ពួកសង្ឃទាំងអស់នៃទីខ្ពស់ ដែលនៅក្នុងស្រុកនោះនៅលើអាសនា ព្រមទាំងដុតឆ្អឹងខ្មោច នៅលើអាសនានោះផង រួចទ្រង់វិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
21. ស្តេចទ្រង់បង្គាប់ដល់បណ្តាជនទាំងឡាយថា ចូរធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដូចជាបានចែងទុកមកក្នុងគម្ពីរសញ្ញានេះចុះ