២ ពង្សាវតារក្សត្រ 21:8-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ហើយ​នឹង​មិន​ដែល​ឲ្យ​ជើង​សាសន៍​អ៊ីស្រា‌អែល ដើរ​សាត់‌ព្រាត់​ចេញ​ពី​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​អយ្យកោ​គេ​ទៀត​ឡើយ ឲ្យ​តែ​គេ​បាន​ប្រយ័ត្ន​នឹង​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​អញ​បាន​បង្គាប់​ដល់​គេ ហើយ​តាម​ក្រឹត្យ‌វិន័យ​ទាំង​អស់​ដែល​ម៉ូសេ ជា​អ្នក​បំរើ​អញ បាន​បង្គាប់​ដល់​គេ​ផង

9. តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ ហើយ​ម៉ាន៉ាសេ​ក៏​ល្បួង​គេ ឲ្យ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ លើស​ជាង​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទៀត។

10. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ពួក​ហោរា ជា​អ្នក​ពួក​បំរើ​ទ្រង់​ថា

11. ដោយ​ព្រោះ​ម៉ាន៉ាសេ​ជា​ស្តេច​យូដា បាន​ធ្វើ​ការ​ដែល​គួរ​ស្អប់​ខ្ពើម​ទាំង​អស់​នេះ ហើយ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ លើស​ជាង​គ្រប់​ទាំង​អំពើ​របស់​សាសន៍​អាម៉ូរី​ដែល​នៅ​មុន​គេ ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​យូដា​ធ្វើ​បាប តាម​រូប​ព្រះ​ខ្លួន​ផង

12. នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​បណ្តា​ឲ្យ​កើត​មាន​សេចក្តី​អាក្រក់ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ស្រុក​យូដា ដល់​ម៉្លេះ​បាន​ជា​អ្នក​ណា​ដែល​ឮ​និយាយ នោះ​ត្រចៀក​គេ​ទាំង​សង​ខាង​នឹង​ខ្ទរខ្ទ័រ

13. អញ​នឹង​វាស់​ក្រុង​យេរូ‌សាឡិម ដោយ​ខ្សែ​សិន​របស់​ក្រុង​សាម៉ារី ហើយ​ដោយ​កូន​តឹង​នៃ​ជំនួរ​វង្ស​អ័ហាប់ អញ​នឹង​ជូត​ក្រុង​យេរូ‌សាឡិម ដូច​ជា​គេ​ជូត​ចាន គឺ​ទាំង​ជូត ហើយ​ដាក់​ផ្កាប់​ផង

14. អញ​នឹង​បោះ‌បង់​ចោល​សំណល់ នៃ​មរដក​របស់​អញ​ទៅ ព្រម​ទាំង​ប្រគល់​គេ​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​នឹង​ត្រឡប់​ជា​រំពា និង​របឹប ដល់​អស់​ទាំង​ពួក​ខ្មាំង​សត្រូវ​គេ

15. គឺ​ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ភ្នែក​អញ ព្រម​ទាំង​បណ្តាល​ឲ្យ​អញ​មាន​សេចក្តី​ក្រោធ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​អយ្យកោ​គេ បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​ថ្ងៃ​នេះ។

16. មួយ​ទៀត ម៉ាន៉ាសេ​ទ្រង់​បាន​កំចាយ​ឈាម ដែល​ឥត​ទោស​ជា​ច្រើន ទាល់​តែ​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ពេញ​ដោយ​ឈាម​នោះ ចាប់​តាំង​ពី​ម្ខាង​ទៅ​ដល់​ម្ខាង នេះ​ក្រៅ​ពី​អំពើ​បាប​ដែល​ទ្រង់​បាន​ធ្វើ ដែល​នាំ​ឲ្យ​ពួក​យូដា​ធ្វើ​តាម ដោយ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

២ ពង្សាវតារក្សត្រ 21