1. លុះកាលម៉ាន៉ាសេចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១២ឆ្នាំហើយ ទ្រង់ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៥៥ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាហែបស៊ីបា
2. ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ
3. ដ្បិតទ្រង់បានស្អាងអស់ទាំងទីខ្ពស់ ដែលហេសេគា ជាព្រះបិតាទ្រង់ បានបំផ្លាញចេញនោះឡើងវិញ ក៏ដំឡើងអាសនាថ្វាយព្រះបាល ហើយធ្វើរូបព្រះដូចជាអ័ហាប់ ជាស្តេចអ៊ីស្រាអែលបានធ្វើដែរ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាមអស់ទាំងពួកពលបរិវានៅលើមេឃផង
4. ទ្រង់ក៏ស្អាងអាសនា នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា អញនឹងតាំងឈ្មោះអញ នៅក្រុងយេរូសាឡិមនោះ
5. ទ្រង់ធ្វើអាសនាសំរាប់អស់ទាំងពួកពលបរិវារ ដែលនៅលើមេឃ នៅក្នុងទីលានទាំង២របស់ព្រះវិហារនៃព្រះយេហូវ៉ា
6. ទ្រង់ធ្វើឲ្យបុត្រាទ្រង់ឆ្លងកាត់ភ្លើងក៏កាន់នក្ខត្តឫក្ស ហើយអង្គុយធម៌ ព្រមទាំងប្រកបនឹងគ្រូខាប ហើយគ្រូគាថាផង ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់យ៉ាងច្រើន នៅព្រះនេត្រព្រះយេហូវ៉ា ជាអំពើដែលនាំឲ្យព្រះមានសេចក្តីក្រោធ