1. នៅគ្រានោះ ហេសេគាទ្រង់ប្រឈួនហៀបនឹងសុគត ហើយហោរាអេសាយ ជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរផ្តាំដល់វង្សារបស់ឯងចុះ ដ្បិតឯងត្រូវស្លាប់ហើយ មិនរស់ទេ
2. នោះទ្រង់ក៏បែរព្រះភក្ត្រទៅឯជញ្ជាំង អធិស្ឋានដល់ព្រះយេហូវ៉ាថា
3. ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះទ្រង់ ដោយពិតត្រង់ ហើយដោយចិត្តស្មោះចំពោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អ នៅព្រះនេត្រទ្រង់ជាយ៉ាងណា រួចហេសេគាទ្រង់ព្រះកន្សែងជាខ្លាំង
4. ឯអេសាយ លោកបានចេញទៅ មិនទាន់ដល់ទីធ្លាកណ្តាលនៅឡើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់លោកថា
5. ចូរត្រឡប់ទៅទូលដល់ហេសេគា ជាមេលើរាស្ត្រអញថា ព្រះយេហូវ៉ា ជាព្រះនៃដាវីឌអយ្យកោឯង ទ្រង់មានព្រះបន្ទូលដូច្នេះ អញបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែកឯងហើយ មើល អញនឹងប្រោសឲ្យឯងបានជា រួចដល់ថ្ងៃទី៣ ឯងនឹងឡើងទៅក្នុងព្រះវិហារ នៃព្រះយេហូវ៉ាបាន
6. អញនឹងចំរើនអាយុឯងឡើង១៥ឆ្នាំទៀត ហើយនឹងដោះឯង និងទីក្រុងនេះ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរ ព្រមទាំងការពារទីក្រុងនេះ រក្សាទុកសំរាប់ខ្លួនអញ គឺដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញផង
7. អេសាយក៏ទូលថា សូមយកផ្លែល្វា១ផែនមក នោះគេក៏យកមកបិទលើបូសនោះ រួចទ្រង់បានជាឡើង។
8. ហេសេគាទ្រង់មានព្រះបន្ទូលសួរអេសាយថា តើមានទីសំគាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ានៅថ្ងៃទី៣ដូច្នេះ