11. រួចកំពុងដែលអ្នកទាំង២ដើរទៅ ហើយនិយាយគ្នាទៀត នោះស្រាប់តែឃើញរថជាភ្លើង និងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយអេលីយ៉ាក៏ឡើងទៅឯស្ថានសួគ៌ ដោយខ្យល់កួច
12. អេលីសេក៏បានឃើញ ហើយស្រែកឡើងថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នុ៎ះន៏ ព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ រួចលោកមិនបានឃើញអេលីយ៉ាទៀតឡើយ នោះលោកចាប់អាវខ្លួនហែកចេញជា២ផ្នែក
13. ក៏រើសយកក្រមារបស់អេលីយ៉ា ដែលជ្រុះចុះមក វិលត្រឡប់ទៅវិញ ឈរនៅមាត់ទន្លេយ័រដាន់
14. ហើយក៏យកក្រមារបស់អេលីយ៉ា ដែលជ្រុះមកពីលោកនោះ ទៅវាយទឹក ដោយពាក្យថា តើព្រះយេហូវ៉ា ជាព្រះនៃអេលីយ៉ា ទ្រង់គង់នៅឯណា កាលបានវាយទឹកហើយ នោះទឹកក៏ញែកចេញពីគ្នា ហើយអេលីសេឆ្លងផុតទៅ។
15. លុះកាលពួកសិស្សរបស់ពួកហោរា ពីក្រុងយេរីខូរ ដែលឈរមើលពីត្រើយម្ខាង បានឃើញហើយ នោះក៏ថា វិញ្ញាណរបស់អេលីយ៉ា បានសណ្ឋិតលើអេលីសេហើយ រួចគេមកទទួលលោក ក៏ក្រាបចុះដល់ដីនៅចំពោះលោក
16. គេជំរាបលោកថា មើល មានមនុស្សខ្លាំងពូកែ៥០នាក់ នៅជាមួយនឹងយើងខ្ញុំប្របាទនេះ ដូច្នេះ សូមឲ្យគេទៅរកគ្រូរបស់លោកចុះ ក្រែងព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានលើកលោកឡើង ទៅបោះចោលលើភ្នំណា ឬក្នុងច្រកណា១ តែលោកប្រកែកថា កុំឲ្យប្រើគេទៅឡើយ
17. តែដោយគេចេះតែទទូចសូម ទាល់តែលោកបានខ្មាស បានជាលោកបណ្តោយទៅថា ចូរឲ្យគេទៅចុះ ដូច្នេះ គេក៏ប្រើ៥០នាក់នោះឲ្យទៅ ហើយគេរកលោកអស់៣ថ្ងៃឥតឃើញសោះ
18. រួចគេវិលត្រឡប់មកឯអេលីសេវិញ ដែលលោករង់ចាំនៅក្រុងយេរីខូរ ហើយលោកមានប្រសាសន៍ថា តើខ្ញុំមិនបានប្រាប់ថា កុំឲ្យទៅឡើយទេឬអី។
19. រួចមក ពួកមនុស្សនៅទីក្រុងនោះ ក៏និយាយនឹងអេលីសេថា សូមទានលោកមើល កន្លែងសង់ទីក្រុងនេះសប្បាយ ដូចជាលោកម្ចាស់ឃើញហើយ ប៉ុន្តែទឹកមិនល្អទេ ហើយដីក៏មិនកើតផលផង
20. ដូច្នេះ លោកប្រាប់ថា ចូរយកក្អមថ្មី១មកឲ្យខ្ញុំ ហើយដាក់អំបិលផង គេក៏យកមក