២ ពង្សាវតារក្សត្រ 19:6-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ហើយ​អេសាយ​លោក​មាន​ប្រសាសន៍​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទូល​ដល់​ចៅ‌ហ្វាយ​របស់​អ្នក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ឲ្យ​ខ្លាច​ចំពោះ​ពាក្យ​សំដី ដែល​ឯង​បាន​ឮ ជា​ពាក្យ​ដែល​ពួក​បំរើ​របស់​ស្តេច​អាស‌ស៊ើរ បាន​ប្រមាថ​ដល់​អញ​នោះ​ឡើយ

7. មើល អញ​នឹង​បណ្តាល​គំនិត​វា​ឲ្យ​សំរេច​នឹង​ត្រឡប់​ទៅ​ស្រុក​វា​វិញ ដោយ​បាន​ឮ​ដំណឹង​មួយ រួច​អញ​នឹង​ឲ្យ​វា​ដួល​ស្លាប់​ដោយ​ដាវ នៅ​ក្នុង​ស្រុក​របស់​វា​ទៅ។

8. ឯ​រ៉ាបសាកេ​ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាស‌ស៊ើរ ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា​វិញ ដ្បិត​លោក​ឮ​ថា ទ្រង់​បាន​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ

9. រួច​កាល​មាន​ដំណឹង​ឮ​មក​ដល់​ទ្រង់​ថា ទារ‌ហា‌កា ជា​ស្តេច​ស្រុក​អេធីយ៉ូពី បាន​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​ចាត់​សារ ឲ្យ​ទៅ​ឯ​ហេសេគា ដោយ​ពាក្យ​ថា

10. ចូរ​ឯង​រាល់​គ្នា​ប្រាប់​ដល់​ហេសេគា ជា​ស្តេច​យូដា​ដូច្នេះ​ថា កុំ​ឲ្យ​ព្រះ​របស់​ផង​ឯង ដែល​ឯង​ទុក​ចិត្ត​នោះ បញ្ឆោត​ឯង​ដោយ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ

11. មើល ឯង​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាស‌ស៊ើរ​បាន​ធ្វើ ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ដូច្នេះ តើ​ឯង​នឹង​បាន​រួច​ឬ

12. ឯ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ពួក​អយ្យកោ​អញ​បាន​បំផ្លាញ គឺ​ពួក​ក្រុង​កូសាន ក្រុង​ខារ៉ាន​ក្រុង​រេសែភ និង​ពួក​កូន​ចៅ​អេដែន ដែល​នៅ​ក្នុង​ស្រុក​ធេឡា‌សើរ តើ​ព្រះ​របស់​គេ​បាន​ជួយ​ឲ្យ​គេ​រួច​ឬ​ទេ

13. តើ​ស្តេច​ក្រុង​ហាម៉ាត ស្តេច​ក្រុង​អើផាឌ និង​ស្តេច​នៃ​ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា​នៅ​ឯ​ណា។

14. ហេសេគា​ក៏​ទទួល​សំបុត្រ​នោះ ពី​ដៃ​របស់​ពួក​ទូត​ទៅ​អាន​មើល រួច​ទ្រង់​យាង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លា​សំបុត្រ​នោះ​នៅ​ចំពោះ​ព្រះ‌អង្គ

15. ហើយ​ទ្រង់​អធិ‌ស្ឋាន នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ទ្រង់​គង់​ពី​លើ​ចេរូប៊ីន​អើយ គឺ​ទ្រង់​តែ​១​ព្រះ‌អង្គ​ទ្រង់ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី​នេះ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី

16. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បើក​ព្រះ‌នេត្រ​ទត សូម​ស្តាប់​អស់​ទាំង​ពាក្យ​របស់​សាន‌ហេ‌រីប ដែល​បាន​ផ្ញើ​មក​ប្រកួត​ដល់​ទ្រង់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ចុះ

17. ឱ​ព្រះ‌យេហូវ៉ា​អើយ ស្តេច​អាស‌ស៊ើរ​បាន​បំផ្លាញ​អស់​ទាំង​សាសន៍ និង​ស្រុក​គេ​ជា​ប្រាកដ​មែន

18. ក៏​បាន​បោះ​ចោល​ព្រះ​របស់​គេ ទៅ​ក្នុង​ភ្លើង​ដែរ ដ្បិត​មិន​មែន​ជា​ព្រះ​ទេ គឺ​ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ​មក ពី​ឈើ ពី​ថ្ម​វិញ ហេតុ​នោះ​បាន​ជា​គេ​បំផ្លាញ​ទៅ​បាន

19. ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​គេ​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី បាន​ដឹង​ថា គឺ​ទ្រង់ ជា​ព្រះ‌យេហូវ៉ា ដែល​ជា​ព្រះ​តែ​១​ព្រះ‌អង្គ​ទេ។

20. គ្រា​នោះ អេសាយ ជា​កូន​អ័ម៉ូស ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​ហេសេគា​ទូល​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ សេចក្តី​ដែល​ឯង​បាន​អធិ‌ស្ឋាន​ដល់​អញ ពី​ដំណើរ​សាន‌ហេ‌រីប ជា​ស្តេច​អាស‌ស៊ើរ នោះ​អញ​បាន​យល់​ព្រម​ហើយ

21. នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ស្តេច​នោះ គឺ​ថា នាង​ក្រមុំ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ស្អប់​ខ្ពើម​ដល់​ឯង ហើយ​បាន​មើល‌ងាយ​ដល់​ឯង កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​បាន​គ្រវី​ក្បាល​ដល់​ឯង

22. តើ​ឯង​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា តើ​ទាស់​នឹង​អ្នក​ណា​ដែល​ឯង​បាន​ដំឡើង​សំឡេង ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ​តើ

23. ឯង​ប្រកួត​នឹង​ព្រះ‌អម្ចាស់​ដោយ​ពួក​អ្នក​ដែល​ចាត់​មក​នោះ ដោយ​ថា អញ​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចំបាំង​អញ ក៏​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង អញ​នឹង​កាប់​អស់​ទាំង​ដើម​តាត្រៅ​ដែល​ខ្ពស់ និង​ដើម​កកោះ ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ អញ​នឹង​ចូល​ទៅ​ដល់​ទី​លំនៅ​ផុត​ស្រុក​របស់​គេ គឺ​ដល់​ចំការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ

24. អញ​បាន​ជីក ហើយ​បាន​ផឹក​ទឹក​នៅ​ស្រុក​ដទៃ ហើយ​អញ​នឹង​ធ្វើ ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ ដោយ​បាត​ជើង​អញ។

25. តើ​ឯង​មិន​បាន​ឮ​ថា អញ​បាន​គិត​ជា​ស្រេច និង​ធ្វើ​ការ​ទាំង​ប៉ុន្មាន​នេះ តាំង​ពី​យូរ​មក​ហើយ ព្រម​ទាំង​ចាត់‌ចែង​តាំង​ពី​ចាស់​បុរាណ​ទេ​ឬ​អី ឥឡូវ​នេះ អញ​បាន​សំរេច​ការ​នេះ គឺ​បាន​ឲ្យ​ឯង​បំផ្លាញ​ទី​ក្រុង​មាន​កំផែង ឲ្យ​ទៅ​ជា​គំនរ​បំណែក

២ ពង្សាវតារក្សត្រ 19